មហាជនអ្នកគាំទ្ររាជនិក្រមា មាន សូនីតា ច្បាស់ជាបានដឹងហើយថា នៅឆ្នាំ ២០២៣ នេះ តារាស្រីពោរពេញដោយកេរ្តិ៍ឈ្មោះរូបនេះមានវ័យ ៣៣ ឆ្នាំ ហើយ ដោយថ្ងៃខួបកំណើតរបស់នាងនឹងមកដល់នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។
ជាក់ស្តែង កៀកថ្ងៃអបអរខួបកំណើត នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ រាជនិក្រមា មាន សូនីតា ក៏បានធ្វើរឿងមួយឱ្យមហាជនសរសើរពីទឹកចិត្តរបស់នាងយ៉ាងខ្លាំង ដោយ កញ្ញា មាន សូនីតា បានធ្វើដំណើរទៅកាន់មណ្ឌលកុមារកំព្រា Earth Tree នៅឯខេត្តសៀមរាប ដើម្បីចែកជូនអំណោយផ្សេងៗ និង រៀបចំអាហារដល់កុមារៗនៅទីនោះទៀតផង។
ក្នុងការធ្វើដំណើរទៅកាន់ Earth Tree ដើម្បីកម្មវិធីសប្បុរសធម៌មុនថ្ងៃកំណើតមកដល់ កញ្ញា មាន សូនីតា ក៏ត្រូវបានមិត្តៗរួមមាន កញ្ញា កេសរ និង ឆាឆា រួមសិល្បករផ្សេងទៀតក៏បានធ្វើដំណើរទៅជាមួយផងដែរ។ លើសពីនោះ ក៏មានមិត្តភក្តិ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនក៏បានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិ ដែលកញ្ញា មាន សូនីតា បានរៀបចំខាងលើនេះដែរ។
គួរជម្រាបថា នេះមិនមែនជាលើកទី ១ នោះទេ ដែល កញ្ញា មាន សូនីតា បានបង្កើតមូលនិធិ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌ជួយ និង ទៅជួបកុមារៗនៅឯ Earth Tree នេះ៕