នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសផ្ទេរភារកិច្ចស្នងការនគរបាលខេត្តត្បូងឃ្មុំ, ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ជំនួសឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលត្រូវចូលនិវត្តន៍ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសផ្ទេរភារកិច្ចស្នងការនគរបាលខេត្តត្បូងឃ្មុំ, ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ជំនួសឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលត្រូវចូលនិវត្តន៍



(ភ្នំពេញ)៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើឡើងជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។



លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរងទទួលផែនធនធានមនុស្ស ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលត្រូវចូលនិវត្តន៍។ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។


គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ត្រូវបានផ្លាស់ពីស្នងការនគរបាលខេត្តកំពង់ចាម ទៅកាន់តំណែងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងពេលកាន់តំណែងជា ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានខិតខំប្រឹងប្រែងដឹកនាំកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសចូលរួមអនុវត្តបានយ៉ាងល្អនូវ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។


ក្រៅពីការងារដឹកនាំកងកម្លាំងហើយនោះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានស្វះស្វែងគៀងគរធនធានថវិកាពីសប្បុរសជន និងថ្នាក់ដឹកនាំ ដើម្បីកសាងអគារបម្រើការរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងសមិទ្ធផលផ្សេង ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តម្លៃជិត១.៥លានដុល្លារ។

ទីតាំងស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានសាងសង់លើផ្ទៃដី ទំហំ៦៥,០០៤ម៉ែត្រការ៉េ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំងាយប្រមាណ១គីឡូម៉ែត្រ ពីសាលាខេត្តត្បូងឃ្មុំ ជាអតីតដីចំការម៉ៃសាក់ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយប្រើរយៈពេលសាងសង់សរុប២០ខែ ទើបរួចរាល់ជាស្ថាពរ ទាំងអគារ និងហេដ្ឋារចនាសម្ព័ន្ធ៕


Post Bottom Ad


Home Pages