ភ្នំពេញ: ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមកីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន ចំនួន ៣ រូប ទទួល បានមេដាយមាស ៧គ្រឿង ប្រាក់ ១ និងសំរឹទ្ធិ ១ ក្នុងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១។ ក្នុងពិធីប្រគល់រង្វាន់ជូនកីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាប្រធានកិតិ្ដយសក្លឹបហែលទឹកក្រសួងព័ត៌មាន ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន លោក សុខ សារ៉េត ប្រធានក្លឹបហែលទឹកក្រសួងព័ត៌មាន និងលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។

លោក ហែម គីរី បានជម្រាបជូនពីដំណើរការនៃកិច្ចសហការក្នុងការជំរុញ និងលើកកម្ពស់គុណភាព សមត្ថភាព ក្រុមកីឡាករហែលទឹកកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ដោយទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការរៀបចំកីឡាហែលទឹក ចំពោះកីឡាករហែលទឹកក្រសួងព័ត៌មាន ដែលដណ្តើមបានមេដាយមាសជាច្រើន។ លោកអគ្គលេខាធិការបន្ដថា ជាក់ស្តែង នេះគឺជាមោទនភាពក្លឹបហែលទឹកក្រសួងព័ត៌មាន នៅក្នុងឱកាសនៃការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១នេះ បានជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបានមេដាយមាស ចំនួន ៧ គ្រឿង និងសំរឹទ្ធិ ១ គ្រឿង ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះលទ្ធផលដ៏ល្អដែលក្មួយៗ ជាកីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មានសម្រេចក្នុងរយៈពេលកន្លងមកនេះ ហើយរាល់ស្នាដៃដែលទទួលបាននាពេលនេះ គឺដើម្បីខ្លួនឯង និងដើម្បីក្លឹបហែលទឹកក្រសួងព័ត៌មានទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យកីឡាករ កីឡាការិនីហែលទឹកទាំងអស់ បន្តប្រឹងប្រែងហ្វឹកហាត់ឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ដើម្បីចូលប្រកួត ទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។ ឯកឧត្តមបានលើកឡើងថា វិស័យកីឡានៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស បើប្រៀបធៀបកាលពីឆ្នាំមុនៗ ដែលទាំងនេះបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាបង្ហាញពីកំណើនសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល ដែលអាចឱ្យយើងមានកីឡាករល្អៗ ដើម្បីយកទៅប្រកួតជាលក្ខណៈអន្តរជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានផ្ដល់ជូនរង្វាន់ជាថវិកាដល់ក្រុម កីឡាករ កីឡាការិនី ទទួលបានជ័យលាភី រួមមាន កីឡាការិនី លឹម សុខគន្ធពណ៌ មេដាយមាស ៣ គ្រឿង កីឡាករ លឹម សុខវារៈស័ក្តិ មេដាយ មាស ៣ គ្រឿង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ មេដាយ មាស ១ គ្រឿង និងប្រាក់១គ្រឿង។ សម្រាប់អ្នកទទួលបានមេដាយ មាស ១គ្រឿង ផ្ដល់ថវិកា ១ លានរៀល សរុបអ្នកបានមេដាយ មាស ៣ ទទួលបាន ៣ លានរៀល មេដាយប្រាក់ ៨០ ម៉ឺនរៀល និងមេដាយសំរឹទ្ធិ ៥០ ម៉ឺនរៀល។ ចំពោះកីឡាករ ដែលមិនទទួលបានមេដាយ ចំនួន ៤ នាក់ ដោយក្នុងម្នាក់ៗ ១០ ម៉ឺនរៀល ហើយអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ទទួលបានថវិកា ២០ ម៉ឺនរៀលផងដែរ៕




ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា ៖សម្រួលការផ្សាយ៖ sckhtv-news