ជប៉ុន អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


ជប៉ុន អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer ដែលបានក្លាយជាវ៉ាក់សាំងដំបូងគេ ទទួលបានភ្លើង បៃតង សម្រាប់ការប្រើប្រាស់ នៅក្នុងប្រទេសអាស៊ីមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យនេះ បាននិយាយថា ខ្លួនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បន្ទាប់ពីក្រុមអ្នកជំនាញ ឈានដល់ការសម្រេចចិត្តមួយ កាលពីថ្ងៃសុក្រកន្លងទៅ ដោយសំអាងលើការរកឃើញរបស់ពួកគេពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង។ ក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំការប្រើប្រាស់នៅក្នុងប្រទេស ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២០។

វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នឹងត្រូវចាក់ជូនប្រជាជនជប៉ុនមានអាយុ១៦ឆ្នាំ ឬមនុស្សចាស់ ដោយម្នាក់តម្រូវឱ្យចាក់ពីរដូស។ ការចាក់វ៉ាក់សាំង ត្រូវបានគេរំពឹងថានឹង ចាប់ផ្ដើម នៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ ដោយក្រុមបុគ្គលិកសុខាភិបាល នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ហើយបន្ទាប់មកគឺមនុស្សចាស់។

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងតូក្យូ ក្រុមហ៊ុន Pfizer នឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ជប៉ុន សម្រាប់ចាក់ជូនប្រជាជន ៧២លាននាក់ នៅត្រឹមដំណាច់ ឆ្នាំ២០២១នេះ។ ក្រៅពីក្រុមហ៊ុន Pfizer ក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Moderna ក៏បានដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងរបស់ពួកគេ នៅក្នុងប្រទេសជប៉ុន ផងដែរ។ បើតាមគេហទំព័រ worldometers ជប៉ុន បច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៤១៣,១៥៤នាក់ ក្នុងនោះស្លាប់ ៦,៨៤៩នាក់ និងជាសះស្បើយឡើងវិញ ៣៨០,៥៦៩នាក់៕

Post Bottom Ad


Home Pages