សម្តេចបានបន្តថា កន្លងទៅឱ្យតែមានមនុស្សចូលទៅ ក្រុមគ្រូពេទ្យបានផ្តល់ដោយមិនបានគិតដល់គោលនយោបាយវ៉ាក់សាំងរបស់កម្ពុជា ដែលបានបែងចែកឱ្យ ស៊ីណូហ្វាមចាក់សម្រាប់អ្នកមានអាយុពី១៨ ដល់៥៩ឆ្នាំ និង Astra Zeneca ចាក់ពី៦០ឆ្នាំឡើងលើ។
សម្តេចក៏បានបញ្ជាក់ដែរថា យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca រយៈពេល១៥ថ្ងៃនេះ មិនមែនចាប់ផ្តើមនៅថ្ងៃនេះទេ តែត្រូវចាប់ផ្តើមនៅពេលដែល លោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ប្រកាសរៀបចំរួចរាល់ ដោយសារតែការខចាក់វ៉ាក់សាំងនេះ ត្រូវធ្វើនៅនៅក្នុងខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញតែម្តង។«យើងអត់មានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់នោះទេ ប៉ុន្តែយើងត្រូវបន្តខិតខំដើម្បីរកវ៉ាក់សាំងចាក់ដល់ពលរដ្ឋរបស់យើង យ៉ាងហោចណាស់ឱ្យបាន១០លាននាក់ ដែលពេលខាងមុខនេះវ៉ាក់សាំងដែលនឹងបានមកជាបន្តបន្ទាប់»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានហាមឃាត់មិនឱ្យមានការមកដណ្តើមចាក់វ៉ាក់សាំងពីមនុស្សចាស់ ដោយជនអាយុក្រោម៦០ឆ្នាំ នៅក្នុងយុទ្ធនាការនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងមិនគិតថ្លៃដល់ពលរដ្ឋ មិនមានការរើសអស់ផ្នែកនយោបាយនោះទេ។
សូមបញ្ជាក់ថា វ៉ាក់សាំង Astra Zeneca ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោកផ្តល់មកកម្ពុជាតាមរយៈយន្តការកូវ៉ាក់ជាង ៣២ម៉ឺនដូស គឺនៅសល់ចំនួន១១១៤០០ដូស ដែលអាចចាក់បានសម្រាប់ប្រជាជនចំនួន ៥៥៧០០នាក់៕