កណ្តាល: ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅព្រឹកថ្ងៃ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះទៅពិនិត្យទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅស្រុកកោះធំ ខេត្តកណ្ដាល បន្ទាប់ពីមួយរយៈនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានករណីឆ្លងជំងឺកូវីដ-១៩ មានចំនួនច្រើន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរដែលប្រចាំការនៅទីនោះ ត្រូវរៀបចំឱ្យមានការគម្លាតសង្គម ការរក្សាអនាម័យ អនុវត្តន៍តាមវិធានសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ នឹងធ្វើការរៀបចំបំពាក់នូវគ្រឿងបរិក្ខារពេទ្យបន្ថែមទៀត។ ជាមួយនឹងការគិតគូរផ្គត់ផ្គង់ទៅលើចំណីអាហារសម្រាប់អ្នកកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩៕