មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំឲ្យមានដំណើរកម្សាន្តភ្ជាប់ជាមួយកសិទេសចរណ៍ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំឲ្យមានដំណើរកម្សាន្តភ្ជាប់ជាមួយកសិទេសចរណ៍




ខេត្តស្ទឹងត្រែង: មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានលើកទឹកចិត្តឱ្យកសិករប្រកបរបរដាំបន្លែជាអាជីពរួមគ្នាឲ្យបានច្រើនមុខសម្រាប់ឲ្យមគ្គុទេសទេសចរណ៍នាំភ្ញៀវមកទស្សនាជាខ្សែសង្វាក់ដើម្បីជួយលើកកម្ពស់ផ្នែកទីផ្សារផលិតផលរបស់កសិករ។ 



 ក្នុងដំណើរកម្សាន្តតាមសួនបន្លែជាអាជីពរបស់កសិករនៅភូមិ-ឃុំ កំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖នេះជាចក្ខុវិស័យមួយ អាចធ្វើឲ្យគម្រោងផែនការ៥ឆ្នាំ នៃការអភិវឌ្ឍវិស័យកសិទេសចរណ៍ទទួលបានជោគជ័យ និងមានការគាំទ្រពីភ្ញៀវទេសចរនាពេលដ៏ខ្លីខាងមុខ។ លោកបន្តថាផ្តើមចេញពីវិស័យនេះ ស្នើឱ្យម្ចាស់កសិដ្ឋានដាំបន្លែនីមួយៗបង្កើនការដាំដុះបន្លែឲ្យបានច្រើនមុខទៅតាមលក្ខណៈបច្ចេកទេសដែលទទួលការសិក្សាពីមន្ត្រីជំនាញកសិកម្មរួចមកហើយនោះ។ លោកអះអាងថា នៅពេលមានភ្ញៀវមកកម្សាន្តតាមរយក្រុមហ៊ុនក្តី ឬជាលក្ខណៈគ្រួសារក្តីមន្ទីរទេសចរណ៍ខេត្ត នឹងដាក់បញ្ចូលជាកញ្ចប់ទស្សនាចរណ៍ ដើម្បីផ្តល់សេវាកម្មជូនភ្ញៀវទេសចរ ឱ្យបានល្អ និងមានសុវត្ថិភាពទាំងការស្នាក់នៅ និងទាំងការធ្វើដំណើរកម្សាន្តនៅលើទឹកដីភូមិភាគឦសានមួយនេះ។ លោកស្រី ស៊ីមចិន្តា កសិករដាំបន្លែជាអាជីពនៅឃុំ កំភុន បានគាំទ្រចំពោះការរៀបចំជាខ្សែសង្វាក់ដំណើរទេសចរណ៍នេះព្រោះមានប្រយោជន៍




បានជួយផ្សព្វផ្សាយនូវផលិតផលកសិកម្មផង ចំណែកកសិករអាចលក់ដូរបន្លែបង្ការជូនភ្ញៀវទទួលបានប្រាក់ចំណូលបន្ថែមផង។ លោកស្រីអះអាងថា៖នឹងប្រឹងប្រែងដាំដុះបន្លែផ្លែ ឱ្យបានច្រើនមុខដូចជា ម្ទេស -ប៉េងប៉ោះ -សណ្តែកកួរ ត្រសក់ ននោង ត្រឡាច ពោតបារាំង ម្រះ និងត្រប់ជាដើម ដើម្បីបម្រើឲ្យការទស្សនារបស់ភ្ញៀវទេសចរ ដែលបានមកដល់តំបន់នេះ។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុក សេសានបានបញ្ជាក់ថា អាជ្ញាធរស្រុកក៏ចង់បានបែបនេះដែរ ព្រោះវាជាយន្តការមួយបានចួលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយរកទីផ្សារលក់ដូរកសិផលរបស់កសិករផង និងបានកាត់បន្ថយភាពក្រីក្រផង។ សូមបញ្ជាក់ថានេះជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដែលមន្ទីរទេសចរណ៍ខេត្តបានបង្កើតឡើងដើម្បីរួមចំណែកជាមួយស្ថាប័នពាក់ព័ន្ធក្នុងគោលបំណងជួយលើកកម្ពស់ផ្នែកកសិទេសចរណ៍ និងជំរុញឲ្យតំបន់ទីជនបទខិតនៅជិតជាមួយទីប្រជុំជន៕

Post Bottom Ad


Home Pages