ភ្នំពេញ: នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២១នេះក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីជូនដំណឹងមួយដោយបានធ្វើការផ្អាកជាបណ្តោះអាសន្ន នូវកិច្ចដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅស្រុកពាមរក៍ខេត្តព្រៃវែង។
ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ដែរថាការផ្អាកជាបណ្តោះអាសន្ននេះនឹង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ជាមួយការផ្អាកបណ្តោះអាសន្ននេះដែរ ក្រសួងអប់រំបានឱ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
ក្នុងសេចក្តីជូនដំណឹងខាងលើនេះក្រសួងអប់រំក៏បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកពាមរក៍ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតាអ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថាការសម្រេចផ្អាកជាបណ្តោះអាសន្ននៃ ដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅស្រុកពាមរក៍ ខេត្តព្រៃវែងនេះបន្ទាប់ពី ជំងឺកូវីដ-១៩បានវាយលុកនៅក្នុងសហគមន៍នៅតំបន់នេះរួចមកនិងក៏ដូចជាដើម្បីចៀសវាងការវាយលុកក្នុងសហគមន៍ទ្រង់ទ្រាយធំផងដែរ៕