​កម្ពុជា​-ឡាវ​ នឹង​ចុះហត្ថលេខា​លើ​ផែនការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


​កម្ពុជា​-ឡាវ​ នឹង​ចុះហត្ថលេខា​លើ​ផែនការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​

 ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ​លោក​សន​សៃ ស៊ីផា​ន់​ដន ​(Sonexay Siphandone) នឹង​ចុះហត្ថលេខា លើ​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ ២ រយៈពេល​ ៤​ ឆ្នាំ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ រយៈពេល​ ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ១៣-១៤ ខែកុម្ភៈ​។




​    សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​នា​ថ្ងៃទី ​១០ ​កុម្ភៈ​ថា មន្ត្រី​អមដំណើរ​លោក ហ៊ុន សែន ទៅ​ប្រទេស​ឡាវ​មាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​មួយចំនួន​។​

​លោក ហ៊ុន សែន បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ១២ កុម្ភៈ ថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ និង​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច នឹង​អមដំណើរ​លោក​។​


​    សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា លោក​ហ៊ុន សែន នឹងមាន​ជំនួប​ដោយឡែក​ពីគ្នា​ជាមួយ​លោក ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoulith) ប្រធាន​រដ្ឋ​នៃ​ប្រទេស​ឡាវ និង​លោក សៃ​ស៊ុម​ផន ភុម​វិហា​ន (Xaysomphone Phomvihane)​ប្រធានរដ្ឋសភា​នៃ​ប្រទេស​ឡាវ ក៏ដូចជា​ប្រធាន​សមាគម​មិត្តភាព​ឡាវ​កម្ពុជា​។


​លោក​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក សន​សៃ ស៊ីផា​ន់​ដន ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ រួមទាំង សន្តិសុខ​នយោបាយ​សង្គម​សេដ្ឋកិច្ច និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​អនុតំបន់ តំបន់ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍ និង​ជា​ក្តីបារម្ភ​រួម​។ «​នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ នាយករដ្ឋមន្ត្រី​ទាំង​ ២ ​នឹង​ចុះហត្ថលេខា​លើ ​«​ផែនការ​សកម្មភាព សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​សម្រាប់​ ២០២៣-២០២៧»​។​


​ទស្សនកិច្ច​នៅ​ឡាវ​នេះ​ធ្វើឡើង​ ២ ​ថ្ងៃ ក្រោយពី​លោក​ហ៊ុន សែន បានបញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​ ១១ ខែកុម្ភៈ ដែលមាន​រយៈពេល​ ៣ ​ថ្ងៃ នៅ​ថ្ងៃទី​ ៩-១១ ខែកុម្ភៈ​។​


​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា ថ្លែងថា ដំណើរ​ទស្សនកិច្ច​នៅ​ឡាវ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ ២ ដែលជា​ប្រទេសជិតខាង​នឹង​គ្នា ឱ្យ​កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ​និង​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​។ បើ​ពិនិត្យមើល​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា​និង​ឡាវ ពី​អតីតកាល​ដល់​បច្ចុប្បន្ន​កាល​នេះ​គឺ​ប្រទេស​ទាំង​ ២ តែងតែមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ពុំមាន​ភាពល្អក់​កករ​ឬក៏​រកាំរកូស​អ្វី​ជាមួយគ្នា​នោះទេ​។ ប្រទេស​ទាំង​ ២ មាន​ទំនាក់ទំនង​ដោយ​ចងភ្ជាប់​ជាមួយនឹង​ចំណង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និង​ប្រពៃណី​។


​លោក​បន្តថា​៖ «​យើង​មើលទៅ​ប្រជាពលរដ្ឋ​ទាំង​ ២ ​គឺ​ក៏មាន​ទឹកចិត្ត​ស្រឡាញ់គ្នា​ប្រហាក់ប្រហែលគ្នា​ហើយ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល​និង​រដ្ឋាភិបាល ក៏ដូចជា​ទំនាក់ទំនង​រវាង​គណ​បក្ស​កាន់អំណាច​និង​គណបក្សកាន់អំណាច​ហ្នឹង ក៏មាន​លក្ខណៈ​ស៊ីជម្រៅ​ដែរ​»​។​


​លោក ​គិ​ន ភា ថ្លែងថា​៖ «​អ៊ីចឹង​ខ្ញុំ​គិតថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​កាន់តែ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ​កាន់តែ​ស៊ីជម្រៅ ទ្វេ​ឡើង​ថែមទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី រីឯ​ក្របខ័ណ្ឌ​ពហុភាគី ក៏​យើង​បាន​ឃើញថា ប្រទេស​ទាំង​ ២ ​ក៏មាន​ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​គ្រប់​វេទិកា​តំបន់​និង​អន្តរជាតិ​»៕

Post Bottom Ad


Home Pages