កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពអភិវឌ្ឍន៍ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយ ខណៈចិនគាំទ្រកម្ពុជាលើការងារដំបូង នៃការធ្វើផែនការរៀបចំផ្លូវដែក ដើម្បីតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួម ដែលមាន ៨ទំព័រ ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីរវាង កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយតបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន បានរំលេចនូវចំណុចមួយ ដែលបានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពអភិវឌ្ឍន៍ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយ។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា ការកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញសហគ្រាសចិន ដែលមានសមត្ថភាពបន្ថែមទៀត ក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ពិនិត្យលទ្ធភាពលើសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បណ្តាញអគ្គិសនី បណ្តាញខ្សែកាប្លិ៍អុបទិកឃ្លាំងស្តុកទំនិញ និងភ័ស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសមាហរណកម្ម នៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម កម្ពុជា-ចិន ដែលមានលក្ខណៈចម្រុះ។
បើតាមសេចក្តីថ្លែងការណ៍នេះ ភាគីទាំងពីរ បានឯកភាពធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគ្នាជាយុទ្ធសាស្ត្រ រវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ ដើម្បីធានាសុវត្ថិភាព នៃគម្រោងនិងបុគ្គលិក ព្រមទាំងផ្តល់តួនាទីឱ្យកាន់តែសំខាន់ដល់យន្តការការងារ កម្ពុជា-ចិន សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្ម។
នៅក្នុងជំនួបពិភាក្សាផ្លូវការរវាងនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលថ្ងៃទី១០ ខែកុម្ភៈនេះ នៅក្នុងសាលនៃមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសម្រេចបានក្នុងការកសាងស្ថិរភាពជាតិ វិបុលភាព ព្រមទាំងពង្រីកឥទ្ធិពលកម្ពុជាលើឆាកអន្តរជាតិ។
លោក ខឺឈាង បានបន្ថែមថា ភាគីទាំងពីរត្រូវអភិវឌ្ឍសមត្ថភាពផលិតកម្ម គឺពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ ដោយត្រូវអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុក និងភ័ស្តុភារកម្ម ហើយ ចិននឹងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។
ដោយឡែក ចំពោះគម្រោងផ្លូវដែក នាឱកាសទស្សនកិច្ចនោះដែរ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០ លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ក្នុងជំនួបនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។
ក្នុងនោះ ចិនបានគាំទ្រកម្ពុជាលើការងារដំបូង នៃការធ្វើផែនការរៀបចំផ្លូវដែក ការរចនា និងការសិក្សាសមិទ្ធិលទ្ធភាព សំដៅលើកកម្ពស់គម្រោង និងការសាងសង់ផ្លូវដែក ដើម្បីផលប្រយោជន៍ជីវភាពប្រជាជន ដែលរស់នៅតាមបណ្តោយផ្លូវដែកនេះ។ ភាគីទាំងពីរទន្ទឹងរង់ចាំការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែក ចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះ៕