OnePlus បានបង្ហើបប្រាប់អំពីវត្តមានរបស់ OnePlus 11R ហើយ ដោយត្រៀមនឹងប្រកាសចេញជាផ្លូវការ ជាមួយនឹង OnePlus 11 នៅលើទីផ្សារសកល នៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2023 ខាងមុខនេះ។ នាពេលបច្ចុប្បន្ននេះ OnePlus បានប្រាប់ឲ្យដឹងមុនថា OnePlus 11R នឹងប្រើប្រាស់ឈីប Snapdragon 8+ Gen 1 ដោយមិនទទួលបានឈីបថ្មី Snapdragon 8 Gen 2 ដូច OnePlus 11 និងមានកម្លាំងសាកថ្ម 100W ដូចគ្នា។
ក្រៅពីប្រើប្រាស់ឈីប Snapdragon 8+ Gen 1 ហើយ OnePlus 11R ក៏នឹងមានជម្រើស RAM ឡើងរហូតដល់ 16GB ជាមួយបន្ទះបន្ថយកម្ដៅធំជាង OnePlus 10 Pro ដល់ទៅ 64% និងប្រហាក់ប្រហែលគ្នាទៅនឹង OnePlus 10T ដែរ។ សម្រាប់អេក្រង់របស់ OnePlus 11R គឺជា 6.7” 120Hz Super Fluid AMOLED ជាមួយ ADFR 2.0 និងមានថាមពលថ្ម 5,000mAh កម្លាំង 100W បញ្ចូលថ្មមួយពេញ នៅក្នុងរយៈពេល 25 នាទីហ្នឹងឯង។
ដើម្បីកាត់បន្ថយតម្លៃដាក់លក់ OnePlus 11R អាចនឹងប្រើប្រាស់ប្លាស្ទិក សម្រាប់គែមចំហៀងតួខ្លួន ក៏ដូចជាមិនមានការគាំទ្រដោយ Hasselblad នោះទេ ទៅលើផ្នែកកាមេរ៉ាខាងក្រោយ។ ហេតុដូច្នេះហើយ OnePlus 11R ត្រូវបានរំពឹងទុកថា នឹងមានតម្លៃសមរម្យជាង OnePlus 11 ជាក់ជាមិនខានឡើយ។
ចំពោះលក្ខណៈសម្បត្តិពេញលេញ, តម្លៃដាក់លក់ និងដំណឹងច្បាស់ជាងនេះ OnePlus នឹងធ្វើការប្រកាសប្រាប់ជូន នៅក្នុងព្រឹត្តិការណ៍នៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2023 តែម្ដង។