​លោ​ក ស ខេង ជំរុញ​អាជ្ញាធរ​ពង្រឹង​ការត្រួតពិនិត្យ និង​អប់រំ​យុវជន​ពី​គ្រឿងញៀន​ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


​លោ​ក ស ខេង ជំរុញ​អាជ្ញាធរ​ពង្រឹង​ការត្រួតពិនិត្យ និង​អប់រំ​យុវជន​ពី​គ្រឿងញៀន​

 រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ជំរុញ​អាជ្ញាធរ​ឱ្យ​ត្រួត​ពិនិត្យ និង​ផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន​អំពី​ការជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​។ នេះ​ជាការ​ថ្លែង​សារ​របស់លោក​នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​​ព្រះវិហារ និង​សមិទ្ធផល​នានា នៅ​វត្ត​មេ​លប់ ស្ថិតនៅ​ភូមិ​មេ​លប់ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង កាល​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ ២០២៣​។​

លោក ស ខេង ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​​ព្រះវិហារ និង​សមិទ្ធផល​នានា នៅ​វត្ត​មេ​លប់ ស្ថិតនៅ​ភូមិ​មេ​លប់ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង កាល​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ ២០២៣​។​ 


លោក ស ខេង បាន​ជំរុញ​ឱ្យ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​វិជ្ជាជីវៈ​របស់ខ្លួន ដើម្បីឱ្យ​ការអនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​បញ្ជាក់ថា កុំ​ពាក់ព័ន្ធ​គឺ កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន កុំ​អន្តរាគមន៍​រារាំង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ទោះបីជា​ក្រុមគ្រួសារ សាច់ញាតិ ឬ​មិត្តភក្តិ​ក៏ដោយ កុំ​លើកលែង​គឺ កុំ​បន្ធូរ​បន្ថយ​ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​។

​ក្រៅពីនេះ លោក​ក៏បាន​ថ្លែង​ដោយ​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស ដោយ​សហការ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​ពី​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​បាន​ទាន់ពេលវេលា​។​


​លោកថ្លែងថា អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​ពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់​ធ្នាប់​សង្គម ចូលរួម​អនុវត្ត​គោ​លន​យោ​បាយ ភូមិ ឃុំ មាន​សុវត្ថិភាព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់​ខ្ចួ​ន កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​


លោក ស ខេង អះអាងថា ការជំរុញ​ត្រូវ​ដល់​អាជ្ញាធរ​នេះ គឺ​ដើម្បី​ចូលរួម​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព ស្ថិរភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញ​ដំណើរង្គម សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​


​បើតាម​របាយការណ៍​ពី​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២៣ បាន​បង្ហាញថា ពេញ​ ១ ​ឆ្នាំ​ ២០២២ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន (​នគរបាល និង​អាវុធហត្ថ​) សរុប​ចំនួន ៦ ២៩០​ ករណី ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៤ ៧៨៤ ​នាក់ ក្នុងនោះ​មាន​ជនបរទេស ២៥៩​ នាក់ មាន​ ៩​ សញ្ជាតិ​។


​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ដោយ​សម្តែង​ក្តីបារម្ភ​ខ្លាំង​ជុំវិញ​បញ្ហា​នេះ ដែល​កំពុងតែ​ធ្វើឱ្យ​យុវជន​កម្ពុជា ទាំង​នៅ​ទីក្រុង និង​ជនបទ​កំពុង​ទទួលរង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ដែលជា​គ្រឿង​បំផ្លាញ​អ​នា​គ​តរបស់​ពួកគេ បើសិន​មិនមាន​ការ​ទប់ស្កាត់បាន​ទាន់ពេលវេលា​ទេនោះ​។​


​លោក​ថ្លែងថា​៖ «​បញ្ហា​នេះ​គឺ​ទាមទារ​ឱ្យ​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ជាពិសេស​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ឱ្យ​កាន់តែ​ល្អ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ព្រោះ​បច្ចុប្បន្ន​មាន​បទល្មើស​ការជួញដូ​រ និង​ប្រើប្រាស់​គ្រឿងញៀន​កាន់តែច្រើន (​ដែល​ត្រូវ​)​ ចូលរួម​កាត់បន្ថយ​បញ្ហា​គ្រឿងញៀន​ក្នុងចំណោម​យុវជន ក៏ដូចជា​ពលរដ្ឋ​៕​

Post Bottom Ad


Home Pages