ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ពិភពលោកគួរកាត់បន្ថយចរន្តចំណាយលើវិស័យយោធាចំនួន ៥០% ហើយងាកទៅបង្កើនការចំណាយលើវិស័យសុខាភិបាលវិញ ដោយកាត់បន្ថយការចំណាយលើការបង្កើតនិងអភិវឌ្ឍអាវុធយុទ្ធភណ្ឌទៅ សម្លាប់មនុស្ស ងាកទៅអភិវឌ្ឍឧបករណ៍វេជ្ជសាស្ត្រ ស្រាវជ្រាវថ្នាំពេទ្យ សង្គ្រោះមនុស្ស ជាពិសេសបណ្តាប្រទេសមហាអំណាចពិភពលោក។
លោក ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសុខាភិបាលជាង ១ ពាន់នាក់នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី ១៨ ខែឧសភា។
លោកសង្កត់ធ្ងន់ថា ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនក្នុងពិភពលោកបានចំណាយពេលនិងថវិកាជាច្រើនដើម្បីផលិតអាវុធសម្រាប់សម្លាប់មនុស្សជាជាងចំណាយទៅលើការផលិតសម្ភារវេជ្ជសាស្ត្រ ផលិតផលសុខាភិបាលដើម្បីសម្រាប់ជួយសង្គ្រោះជីវិតមនុស្សដែលពិភពលោកត្រូវគិតគូរ។ «នៅក្នុងពេលប្រជុំអាស៊ានកន្លងទៅ ក្នុងកិច្ចសន្ទនារវាងអាស៊ាន និងអាយប៉ា (AIPA) អាស៊ាន និងយុវជន អាស៊ាន និងធុរកិច្ច កាលនោះមានប្រមុខរដ្ឋាភិបាល គណៈប្រតិភូជាពិសេសខាងផ្នែកធនធានខួរក្បាល។ ខ្ញុំថា ពិភពលោក បើសិនកាត់បន្ថយចំណាយលើយោធាត្រឹមតែ ៥០% ហើយបង្វិលមកបម្រើវិស័យសេដ្ឋកិច្ច និងសង្គម ថ្នាំពេទ្យក៏ចុះថ្លៃ ឧបករណ៍ពេទ្យក៏ចុះថ្លៃឥឡូវគេនាំគ្នារត់ប្រណាំងគ្នាទៅលើការបង្កើតសព្វាវុធដើម្បីសម្លាប់គ្នា ជាជាងផលិតថ្នាំពេទ្យឱ្យវាបានថោក»។
លោកថា ដូចករណីវិបត្តិរុស្ស៊ីនិងអ៊ុយក្រែន ដែលបណ្តាប្រទេសបស្ចិមលោកសម្រុកបញ្ជូនជំនួយសព្វាវុធឱ្យទៅអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី ដែលលោកហៅថា ជាទង្វើបន្ថែមកម្តៅរារាំងដល់ការបញ្ចប់ទៅនូវសង្គ្រាមរវាងប្រទេស ២ នេះជាពិសេសកិច្ចចរចារកសន្តិភាព។ លោកថា សូម្បីសង្គ្រាមនៅស៊ូដង់ក្តី ដែលផលចំណេញហុចទៅដល់ឈ្មួញអាវុធ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា មួយរយៈចុងក្រោយនេះ ពិភពលោកកំពុងបង្កើនចំណាយយោធា គឺបន្ទាប់ពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក បណ្តាប្រទេសធំៗក្នុងលោក ហើយសូម្បីប្រទេសជប៉ុន ចិន អូស្ត្រាលី ជាដើមក៏ងាកបង្កើនកញ្ចប់ថវិកាយោធាកាន់តែច្រើន រីឯកញ្ចប់វិស័យសុខាភិបាលហាក់ទន់ខ្សោយ តួយ៉ាងក្នុងវិបត្តិកូវីដ ១៩ ក៏ប្រទេសធំៗមើលបំណាំគ្នាផងដែរ។
សម្រាប់លោក យង់ ពៅ បានគាំទ្រការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយចំណាយយោធាហើយងាកមកចាប់អារម្មណ៍ពីផលវិបាក សកល ខណៈពិភពលោកកំពុងរងគ្រោះផ្នែកប្រព័ន្ធសុខាភិបាលពីជំងឺរាតត្បាតនានានិងជាពិសេសវិបត្តិនៃបម្រែបម្រួលអាកាសធាតុដែលជះឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្ស។
លោក យង់ ពៅ ថ្លែងថា៖ «ការអំពាវនាវរបស់សម្តេចតេជោហ៊ុន សែន ពិតជាត្រឹមត្រូវ ប៉ុន្តែតាមការយល់ឃើញរបស់ខ្ញុំ ប្រទេសមហាអំណាចទាំងនោះអាចនឹងមិនបន្ថយការចំណាយលើវិស័យយោធានោះទេ ព្រោះដើម្បីសម្ញែងអំណាចភូមិសាស្ត្រនយោបាយ ហើយជាពិសេសប្រទេសឧស្សាហកម្មយោធាធំៗក៏ចង់ពង្រីកការលក់ចេញផលិតផលអាវុធសព្វាវុធខ្លួនផងដែរ»។
គួរជម្រាបជូនថា ការចំណាយផ្នែកយោធាលើពិភពលោកបានកើនឡើងជាថ្មីម្តងទៀត ក្នុងឆ្នាំ ២០២១ ទោះបីសេដ្ឋកិច្ចពិភពលោករងគ្រោះពីវិបត្តិកូវីដ ១៩ ក្តី ប៉ុន្តែប្រទេសភាគច្រើនបានបង្កើនឃ្លាំងស្តុកអាវុធរបស់ខ្លួនដោយការចំណាយផ្នែកយោធាមានការកើនឡើងរហូតទៅដល់ ០,៧% បើធៀបនឹងបណ្តាឆ្នាំកន្លងទៅ។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ទីក្រុងស្តុកខុល ឬហៅកាត់ថា Sipri៕