ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាត្រូវការធនធានមនុស្ស និងសម្ភារ បច្ចេកទេសដើម្បីគ្រប់គ្រងទៅលើស្ថានភាពជំងឺដែលកំពុងវិវត្តដ៏កាចសាហាវនៅលើពិភពលោកដែលក្នុងនោះកត្តានៃការប្រែប្រួលអាកាសធាតុកំពុងនាំមកនូវជំងឺថ្មីៗដែលមិនធ្លាប់មាន។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាក៏បានបន្តណែនាំទៅដល់និស្សិតពេទ្យទាំងអស់ ត្រូវរក្សាកិត្តិនាមជាកងទ័ពអាវសក្នុងយុទ្ធនាការនៃការប្រយុទ្ធជាមួយនឹងមេរោគកូវីដ ១៩ ដោយត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានល្អ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១ ៣៩៦ នាក់ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣។
លោកមានប្រសាសន៍ថា៖ «ការប្រែប្រួលអាកាសធាតុនៅលើពិភពលោកយើងនេះកំពុងនាំមកនូវជំងឺថ្មីៗដែលមិនធ្លាប់មាននៅក្នុងប្រវត្តិអតីតកាលដូចជាករណីទាក់ទិននឹងបញ្ហាកូវីដ ១៩ និងការលេចឡើងនូវជំងឺទាក់ទងនឹងសត្វដែលមានផ្តាសាយបក្សី ប៉េស្តជ្រូកអ្រាហ្វិកជាដើម ហើយយើងមិនដឹងថាតើនៅពេលខាងមុខនឹងមានជំងឺអីកើតឡើងទៀត»។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងកោតសរសើរ និងបង្ហាញពីការសប្បាយរីករាយដែលបានឃើញនូវវឌ្ឍនភាពនៃវិស័យសុខាភិបាលដែលមានការកើនឡើង ហើយក៏សូមបញ្ជាក់ថា អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងទៅ គឺបានអនុវត្តពិតប្រាកដសម្រាប់វិស័យសុខាភិបាល និងវិស័យអប់រំ។
នាឱកាសនោះ លោកក៏បានលើកឡើងផងដែរពីប្រទេសជឿនលឿនមួយចំនួនដែលបានមើលស្រាលពីការរាតត្បាតជំងឺកូវីដ ១៩ ហើយប្រទេសខ្លះទៀតបានមើលស្រាលប្រទេសក្រីក្រទន់ខ្សោយលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោកបានបញ្ជាក់ថា៖ «ការទប់ស្កាត់បាននូវការឆ្លងរាលដាលមេរោគកូវីដ ១៩ មិនមែនស្ថិតលើប្រទេសនោះខ្លាំង ឬខ្សោយទេ ប៉ុន្តែស្ថិតលើបញ្ហាបច្ចេកទេស ការវាយតម្លៃច្បាស់លាស់ និងវិធានការនានាដែលយើងត្រូវប្រកាន់យក»។
នៅក្នុងពេលជួបសំណេះសំណាលនោះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានក្រើនរំឭក និងណែនាំទៅដល់និស្សិតពេទ្យទាំងអស់ដែលបានមកទទួលសញ្ញាបត្រដែលក្លាយជាគ្រូពេទ្យត្រូវរក្សានូវកិត្តិនាម កេរ្តិ៍ឈ្មោះជាកងទ័ពអាវសបន្តទៀត។
លោកមានប្រសាសន៍ថា៖ «ឥឡូវ!ខ្ញុំរំពឹងទុកថានិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះដែលនឹងក្លាយជាគ្រូពេទ្យ សូមរក្សាកិត្តិនាម កេរ្តិ៍ឈ្មោះជាកងទ័ពអាវសតទៅទៀតតាមរយៈនៃការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានល្អ គ្មានវិធីណាល្អជាងហ្នឹងទេ»។
លោកហ៊ុន សែន បានបន្តថា ៖ «អ្វីក៏ដោយ វិធីសាស្ត្រ បច្ចេកទេសល្អយ៉ាងណាក៏ដោយ ប៉ុន្តែបើគ្មានក្រមសីលធម៌គ្រប់គ្រងវាទេ វិទ្យាសាស្ត្រ បច្ចេកទេស គឺវានាំទៅដល់ការគ្រោះថ្នាក់បន្ថែមទៀត»។
លោកសង្ឃឹមថា ក្រុមគ្រូពេទ្យរបស់កម្ពុជាគ្រប់រូបនឹងខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន ហើយក៏ត្រូវបន្តការខិតខំបន្តទៅទៀតលើការពង្រឹងជំនាញបច្ចេកទេស ពីព្រោះពី ១ ថ្ងៃទៅ ១ ថ្ងៃ បច្ចេកទេសផ្នែកវេជ្ជសាស្ត្រចេះតែកើនឡើងដែលទាមទារឱ្យក្រុមគ្រូពេទ្យទាំងអស់សិក្សាឱ្យទាន់សភាពការណ៍នៃជំងឺដែលចេះតែវិវត្តថ្មីជាលំដាប់។
យោងតាមការលើកឡើងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមាននិស្សិតកំពុងសិក្សាចំនួន ៥ ៩៥៣ នាក់ ក្នុងនោះស្រីចំនួន ៣ ៤០១ នាក់ ដែលក្នុងនោះ និស្សិតចំនួន ៤៤៤ នាក់ បានទទួលអាហារូបករណ៍បង់ថ្លៃជំនួសពីរាជរដ្ឋាភិបាល និងនិស្សិតវេជ្ជបណ្ឌិតឯកទេស ៨៦ នាក់បានទទួលអាហារូបករណ៍ផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី៕