លោក​ ហ៊ុន ម៉ា​ណែ​ត​៖ ​រដ្ឋាភិបាល​ថ្មី​មិនទាន់មាន​ការបង្កើត​ព​ន្ធ​បន្ថែម​ដាក់បន្ទុក​ពលរ​ដ្ឋ​ទេ​ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


លោក​ ហ៊ុន ម៉ា​ណែ​ត​៖ ​រដ្ឋាភិបាល​ថ្មី​មិនទាន់មាន​ការបង្កើត​ព​ន្ធ​បន្ថែម​ដាក់បន្ទុក​ពលរ​ដ្ឋ​ទេ​


លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត នាពេលកន្លងទៅ។ រូបថត STPM
លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត នាពេលកន្លងទៅ។ 

​ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត គូសបញ្ជាក់ថា រដ្ឋាភិបាល​ថ្មី​មិនទាន់បាន​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ​ចំពោះ​បញ្ហា​ប្រមូល​ពន្ធ​ចំណេញ​មូលធន នៅ​ដើមឆ្នាំ​ ២០២៤ ហើយ​រដ្ឋា​​ភិ​បាល ក៏​មិនបាន​បង្កើត​ពន្ធ​ថ្មី​ណាមួយ​ដើម្បី​ដាក់បន្ទុក​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​នោះដែរ​។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ក្របខ័ណ្ឌ​ពន្ធ​ចាស់​ដែល​នឹង​ជជែក​ជាមួយ​វិស័យ​ឯកជន នៅ​ខែវិច្ឆិកា​ខាងមុខ​។​

​ការគូសបញ្ជាក់​របស់​លោក​ ហ៊ុន ម៉ា​ណែ​ត ដូច្នេះ ធ្វើឡើង​តាមរយៈ​សារ​សំឡេង​ផ្ញើជូន​សមាជិក​រដ្ឋាភិបាល​និង​សា​ធា​​រណ​ជន​នៅ​យប់​ថ្ងៃទី ​២៧ ខែកញ្ញា ឆ្នាំ​ ២០២៣​។ សារ​នេះ ធ្វើឡើង​ក្រោយពី​មានការ​ជជែក​វែកញែក​ច្រើន​លើ​បញ្ហា​ពន្ធដារ​ពី​រង្វង់​សាធារណជន​ជាពិសេស​នៅលើ​បណ្តាញ​សង្គម ក្រោយពេល​លោក​គង់ វិបុល អគ្គនាយក​ពន្ធដារ​ផ្ដល់​បទសម្ភាសន៍​អំពី​ការ​ប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន ដែល​គ្រោង​អនុវត្ត​នៅ​ដើមឆ្នាំ ២០២៤​។​

​ជុំវិញ​រឿងនេះ លោក ​ហ៊ុន​ ម៉ា​ណែ​ត អះអាងថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ​មិនមែន​ទើប​បង្កើត​ថ្មី​ទេ វា​គឺជា​គោលការណ៍​ចាស់ ហើយ​ខក​ខាន​អនុវត្ត​រយៈពេល ៣ ​ឆ្នាំ​មកហើយ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ បាន​ពន្យារ​ហើយ​គ្រោង​អនុវត្ត​នៅ​ដើមឆ្នាំ​ ២០២៤ ក្នុងករណី​គ្មាន​ការ​បែ​ប្រួល​។ យ៉ាងណាក្តី​លោក​ថា រដ្ឋាភិបាល​មិនទាន់​សម្រេច​លើ​គោលការណ៍​នេះ ឬ​កែសម្រួល​យ៉ាងណា​នោះឡើយ​។

លោក ​ហ៊ុន​ ម៉ា​ណែ​ត បន្តថា កិច្ចការងារ​នេះ លោក​បានប្រគល់​ភារកិច្ច​នេះ​ជូន​ដល់​ឧ​ប​នា​​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន តាំង​ពីថ្ងៃ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​មក​ម្ល៉េះ ​ដើម្បី​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​ក្តាប់​សំណូមពរ​នានា រួមមាន​បញ្ហា​ពន្ធអាករ​នេះ​ផងដែរ ដើម្បីឱ្យ​រដ្ឋាភិបាល​យក​មក​ពិចារណា និង​រៀបចំ​កែសម្រួល​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​សូមកុំ​មាន​កង្វល់​ទៅលើ​បញ្ហា​នេះ ដោយ​ខ្ញុំ​បានឱ្យ​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ បានធ្វើការ​ស្រាយ​បំភ្លឺ​អំពី​គោលនយោបាយ​ពន្ធដារ​របស់​យើង ក៏ដូចជា​គោលការណ៍​ផ្តល់​ការលើក​ទឹក​ចិត្ត​ផ្សេងៗ ដែល​រដ្ឋាភិបាល​កន្លង​ទៅបាន​ដាក់ចេញ​រួចមក​ហើយ​។ ទៅមុខទៀត យើង​នឹង​គិតគូរ​ជា​បន្តបន្ទាប់​ដើម្បី​ជួយ​វិស័យ​ឯកជន​របស់​យើង​»​។​

​លោក​បន្ថែមថា សម្រាប់​ជំនួប​រវាង​លោក និង​វិស័យ​ឯកជន​នៅ​ខែវិច្ឆិកា​ខាងមុខ​នឹង​ពិភាក្សា​លើ​ក្របខ័ណ្ឌ​ពន្ធដារ​ដែលមាន​ស្រាប់ ហើយ​ធ្វើការ​សម្រប​សម្រួល​ដាក់ចេញ​ជា​វិធាន​ដើម្បី​សម្រួល​វិស័យ​ឯកជន ដោយ​គ្មាន​គោលដៅ​បង្កើត​ពន្ធ​ថ្មី​ណាមួយ​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ​ហុង វណ្ណៈ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាបញ្ជាក់ថា លោក ​គង់ វិបុល ធ្លាប់​លើកឡើងថា គ្រោង​យកពន្ធ​លើ​ចំណេញ​មូលធន​នេះ តែ​មិនមែន​ដាច់​​អហង្ការ​ថា ត្រូវតែ​យក​នោះទេ ពោលគឺ​ស្ថិតក្នុង​ការពិចារណា​នៅឡើយ ខណៈ​ពលរដ្ឋ​មានការ​យល់ច្រឡំ​។ លោក​ថា បញ្ហា​ពន្ធដារ ជា​កាតព្វកិច្ច​របស់​ព​ល​រដ្ឋ ដែល​កំណត់ដោយ​ច្បាប់​រួចរាល់ ដែល​ពលរដ្ឋ​ត្រូវតែមាន​ភារកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​មិន​អំណោយ​ផល​ក្តី​។

​ប៉ុន្តែ​កម្ពុជា​មិនទាន់​ជាប់គាំង​នៅឡើយ​ទេ នៅមាន​សកម្មភាព​នាំ​ចេញ​-​នាំចូល និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាធម្មតា​គ្រាន់តែ​វិស័យ​អចលនទ្រព្យ​ជួប​បញ្ហា​ប៉ុណ្ណោះ​។ លោក​យល់ថា​៖«​សម្រាប់​អ្នកមាន​បញ្ហា គួរ​មាន​យន្តការ​ចរចា​ជាមួយ​ខាង​ពន្ធដារ ដើម្បីឱ្យ​មានការ​សម្របសម្រួល​ក្នុង​កម្រិត​ណាមួយ​។ ខ្ញុំ​ជឿជាក់ថា នឹងមាន​ដំណោះស្រាយ ជាជាង​យើង​ស្រែក​ទាមទារ​»​។​

​ជុំវិញ​រឿង​ពន្ធ​នេះដែរ អ្នកស្រី កន្និដ្ឋា ដែល​ត្រូវបាន​ស្គាល់​ថា ជា​អ្នក​ផលិត​មាតិកា​បែប​វិភាគ​នៅលើ​បណ្តាញ​សង្គម បានធ្វើ​ការវិភាគ​នៅក្នុង​វីដេអូ​របស់ខ្លួន ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នាពេល​ថ្មីៗ​នេះ​ថា អាត្រា​ពន្ធ​នៅ​កម្ពុ​ជាមាន​អត្រា​ទាប​នៅឡើយ​បើ​ធៀប​នឹង​ប្រទេស​នានា​ក្នុង​ពិភពលោក​។ ចំណែក​ពន្ធ ២០% លើ​ចំណេញ​មូលធន រដ្ឋ​យកពន្ធ​នេះ​ពី​ក្រុម​អ្នកមាន ឬ​អា​ជីករ​ខ្នាត​ធំ អ្នកជំនួញ​ធំដុំ​នោះទេ ហើយ​រដ្ឋ​នៅតែ​បន្ធូរបន្ថយ​សម្រាប់​ពល​រដ្ឋ​ក្រីក្រ​។​

​អ្នកស្រី​សង្កត់ធ្ងន់ថា​៖ «​កន្លងមក​ក្រុម​អ្នក​មានបាន​រួចខ្លួន​រហូត​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​ពី​ការ​ចំណេញ​រកស៊ី​របស់ខ្លួន​។ តើ​បងប្អូន​មិន​ចង់ឱ្យ​រដ្ឋាភិបាល​យកពន្ធ​ពី​ពួក​អ្នកមាន​ដើម្បី​យកលុយ​ហ្នឹង​ទៅ​កសាង​ប្រទេស​ទេ​ឬ​? យកលុយ​ហ្នឹង​ទៅ​កសាង​ស្ពាន ថ្នល់ សាលារៀន សម្រាប់​បងប្អូន​ទេ​ឬ​?

អ្នកស្រី​បន្ថែមថា ច្បាប់​ពន្ធដារ​ថ្មី​នេះ មិន​ត្រឹមតែ​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ពី​ការ​ប្រមូល​ធនធាន​ពី​អ្នកជំនួញ​ធំដុំ​មក​កសាង​សង្គមជាតិ​នោះទេ ហើយ​ថែមទាំង​អាច​ទាក់ទាញ​វិនិយោគ​ពី​បរទេស​ថែម​ទៀតផង ខណៈ​អ្នកវិនិយោគ​ខ្លះ​រង់ចាំ​កម្ពុជា​មានច្បាប់​ច្បាស់លាស់​ពាក់ព័ន្ធ​ការវិនិយោគ និង​វិស័យ​ពន្ធដារ​នេះ​។​

​ដោយឡែក លោក​យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព យល់ថា រដ្ឋ​គួរ​ពិចារណា​បន្ធូ​បន្ថយ​កាតព្វកិច្ច​ពន្ធ ខណៈ​ពលរដ្ឋ ជាពិសេស​វិស័យ​ឯកជន កំពុង​រងគ្រោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ចាប់តាំងពី​ឆ្នាំ​ ២០២០ ពី​វិបត្តិ​កូ​វីដ ​១៩ និង​វិបត្តិ​សេដ្ឋកិច្ច​សកល​។​

​លោក​ថ្លែងថា​៖ «​ការចាប់ផ្តើម​អនុវត្ត​ពន្ធ​ចំណេញ​មូលធន​នៅ​ឆ្នាំ ​២០២៤ ជា​បន្ទុក​មួយ​ធ្ងន់​ណាស់​ទៅដល់​ប្រជា​ពលរដ្ឋ ខណៈ​វិស័យ​ឯកជន​ខ្លះ​បាន​បិទទ្វារ​ខ្លះ​ជំពាក់​បំណុល​ធនាគារ ដែល​រដ្ឋ​គួរ​ពិចារណា​លើ​បញ្ហា​នេះហើយ​កុំ​ដាក់​ពន្ធ​ហួសហេតុ​ពេក​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​។ រដ្ឋ​គួរ​ទុកពេល​ឱ្យ​វិស័យ​ឯកជន​កសាង​ភាព​ធន់​ជាមុនសិន​»​។​

​ជាមួយគ្នានេះ​លោក គិ​ម​អេង ស្នើឱ្យ​រដ្ឋាភិបាល​ធ្វើការ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាប​ពី​កាតព្វកិច្ច​ពន្ធដារ ចៀស​វាង​ការភាន់ច្រឡំ​ណាមួយ​កើតឡើង​ហើយ​សម្រួល​អាជីវកម្ម​ទាំងឡាយ ធានាបាន​លំហូរ​ទេសចរណ៍​ជាដើម​ដើម្បីឱ្យ​ពលរដ្ឋ​អាច​ពង្រឹង​សេដ្ឋកិច្ច​ឡើងវិញ​ហើយ​អាចមាន​លទ្ធភាព​បង់ពន្ធ​ជូន​រដ្ឋ​បាន​៕

Post Bottom Ad


Home Pages