ភ្នំពេញៈ មេដឹកនាំកម្ពុជា-ថៃជំរុញការបន្តកិច្ចពិភាក្សា និងការសហការរវាងប្រទេសទាំង ២ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កាដោយមានជំនឿថា កិច្ចសហប្រតិបត្តិការប្រទេសទាំង ២ នឹងកាន់តែរឹងមាំថែមទៀត។
ការជំរុញបែបនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (SretthaThavisin) ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា នាថ្ងៃទី ២៨ ខែកញ្ញា ក្រោយពីលោកបានចូលកាន់តំណែងរយៈពេលជាង ១ ខែ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា នាយករដ្ឋមន្ត្រីទាំង ២ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និងដោយស្និទ្ធស្នាលអំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ។ កិច្ចពិភាក្សានេះផ្តោតលើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនងប្រជាជន និងប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំង ២ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និងផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែន និងសន្តិសុខអនឡាញ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំទាំង ២ ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំង ២ បន្តពិភាក្សា និងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។ ថ្នាក់ដឹកនាំទាំង ២ បានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត»។
ក្រោយជំនួបនេះ លោក ថាវីស៊ីន និងលោក ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀតនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក ថាវីស៊ីន បានសរសេរនៅលើ Twitter ក្រោយជំនួបថា កម្ពុជា-ថៃ មានគោលដៅដូចគ្នាពោល គឺចង់ពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមកគ្រប់ទិដ្ឋភាព។ ប្រទេសទាំង ២ នឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការអភិវឌ្ឍតំបន់ព្រំដែន និងវិស័យសេដ្ឋកិច្ចថ្មី។ ប្រទេសទាំង ២ នឹងរួមគ្នាជួយសម្រួលដល់ការបង្កើនទំហំពាណិជ្ជកម្មឱ្យឈានដល់គោលដៅ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និងជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយពន្លឿនការបើកឱ្យដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ថាវីស៊ីន សរសេរបន្ថែមថា ប្រទេសថៃ និងកម្ពុជា នៅតែមានសក្តានុពលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍វេជ្ជសាស្ត្រ និងសុខាភិបាល ហើយលោកបានស្នើដល់កម្ពុជាអនុញ្ញាតឱ្យមានបណ្ណឆ្លងដែនបណ្ដោះអាសន្នដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាមបណ្តោយព្រំដែន។ នេះនឹងជំរុញឱ្យមានការវិនិយោគបន្ថែមទៀតរវាងប្រទេសទាំង ២។ ប្រទេសទាំង ២ ក៏នឹងគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនជំនាន់ថ្មីនៅក្នុងប្រទេសទាំង ២ ផងដែរ។
យោងតាមសេចក្ដីព្រាងកម្មវិធីទស្សនកិច្ចផ្លូវការរបស់លោក លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅរាជធានីភ្នំពេញ លោក ថាវីស៊ីន បានជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា។ លោកសាយ ឈុំ ប្រមុខរដ្ឋស្ដីទី។ លោកហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ លោក ថាវីស៊ីន ក៏បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២៨ ខែកញ្ញា ថា បើពិនិត្យមើលឥរិយាបថការទូតប្រមុខរដ្ឋាភិបាលនៃប្រទេស ១ នៅពេលដែលឡើងកាន់តំណែងភ្លាមហើយទៅបំពេញទស្សនកិច្ចនៅប្រទេសណាមុនគេគឺផ្តល់តម្លៃស៊ីជម្រៅទៅលើទំនាក់ទំនងនៅប្រទេសនោះជាងគេ។ ត្រង់ចំណុចនេះក៏ដូចគ្នាដែរ គឺលោក ថាវីស៊ីនបានផ្ដល់ជម្រៅការទូត និងគុណតម្លៃដល់កម្ពុជាខ្លាំងជាងប្រទេសផ្សេងៗ។
លោកអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា៖«អ៊ីចឹងខ្ញុំតែងតែវាយតម្លៃថា ការដែលមើលឃើញគុណតម្លៃនេះអាស្រ័យទៅលើទំនាក់ទំនងដែលយើងអាចមើល ៣ ទិដ្ឋភាព។ ទី១ គឺរវាងគ្រួសារលោក ថាក់ស៊ីន [អតីតនាយករដ្ឋមន្ត្រីថៃ] និងគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន។ ទី២ រវាងគណបក្សភឿថៃ និង CPP និងទី៣ កម្រិតជាតិ។ អ៊ីចឹង នេះជាអ្វីដែលឆ្លុះបញ្ចាំងដរាបរៀងមក»៕