ភ្នំពេញៈ លោក​ ​ជួន​ ណា​រិន្ទ ​អគ្គ​ស្នង​ការរង ​និង​ជា​ស្ន​ង​ការនគ​រ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ដាក់​បទ​បញ្ជា​ឱ្យកម្លាំង​អធិការដ្ឋាន​នគរ​បាល​តាម​បណ្តា​ខណ្ឌ​នីមួយៗ​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ត្រូវ​មាន​វិធាន​ការ​ឱ្យ​បានម៉ឺងម៉ាត់​ បង្ការ​ទប់ស្កាត់ ​និង​បង្ក្រាប​សកម្ម​ភាព​ក្មេង​ទំនើង​ឱ្យមាន​ប្រសិទ្ធ​ភាព​ ខណៈ​មន្ត្រី​សង្គមស៊ីវិល​ ​និង​អ្នក​ជំ​នាញ​ខាង​អប់រំ​គាំទ្រ​​វិធាន​ការ​នេះ ​តែ​ត្រូវ​អនុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​​។

លោក ​ជួន​ ​ណា​រិ​ន្ទ ​បាន​ដាក់​បទ​បញ្ជា​បែបនេះ​ ក្នុង​កិច្ច​ប្រជុំ​សំណេះ​សំ​ណាល​ជា​មួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាលខណ្ឌ​ព្រែក​ព្នៅ ​កាល​ពី​រសៀល​ថ្ងៃទី​១៣​ ខែវិច្ឆិកា​ ​បន្ទាប់​ពី​មើល​ឃើញ​ថា ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ក្មេង​ទំនើង​បាន​ចេញ​ធ្វើ​សកម្ម​ភាព​ហាក់​បីដូច​ជា​កម្រើក​ឡើង​វិញ​នៅ​តាម​ទីសា​ធារណៈ ​បន្ទាប់​ពី​មាន​ភាព​​​ស្ងប់​ស្ងាត់​កន្លង​មក​ដោយសារ​ការ​អនុ​វត្តយុទ្ធនា​ការ​បង្ក្រាប​នាពេល​កន្លង​មក​។​

តាម​រយៈ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នង​កា​រដ្ឋាន​នគរ​បាល​រាជ​ធានីភ្នំពេញ ​លោក​ជួន​ ណា​រិន្ទ ​បាន​ថ្លែង​ថា​៖«​ក្មេង​ទំនើង​អាច​បង្ក​ឱ្យមាន​ការភ័​យ​ខ្លាច​ដល់​ប្រជា​ពល​រដ្ឋ ​និង​ប៉ះពាល់​ដល់​សុវត្ថិភាព​សង្គម​ជា​ខ្លាំង​។ ​ដូច្នេះ​ត្រូវ​ចាត់​វិធាន​ការ​នៅ​គ្រប់​ទី​កន្លែង​និង​គ្រប់​ពេល​វេលា​»​។ 

លោក​បានបញ្ជាក់​ទៀត​ថា​៖​«​ដោយ​ឡែក​ពាក់​ព័ន្ធ​នឹង​ការ​ងារ​​បទល្មើស​គ្រឿង​ញៀន​កម្លាំង​ជំនាញ​ត្រូវ​ចេញ​ស្រាវជ្រាវ​បង្ក្រាប​មុខ​សញ្ញា​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿង​ញៀន​ក្នុង​មូល​ដ្ឋាន​ដូច​ភ្លៀង​រលឹម​ ​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជា​ពលរដ្ឋ​ ​ព្រោះ​បទល្មើស​គ្រឿង​ញៀន​បាន​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ និង​ប៉ះពាល់​ដល់​ការអនុ​វត្តគោល​នយោ​បាយ​ភូមិ​ ​ឃុំ​-សង្កាត់​ ​មាន​សុវត្ថិ​ភាព​»​។



លោក ​ជួន​ ណា​រិន្ទ ​ក៏​បាន​ថ្លែង​ណែនាំ​ដល់​កម្លាំង​នគរ​បាល​ទាំង​អស់ ​ត្រូវ​ស្មោះត្រង់​នឹង​វិជ្ជា​ជីវៈ​ជំនាញ​ ហើយ​កុំ​ពាក់​ព័ន្ធ​ជាមួយនឹ​ង​បទ​ល្មើស​គ្រឿង​ញៀន ​និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ដែល​ជា​បទល្មើស​មាន​ហា​និភ័យ​ដល់​សង្គម​។​ ជា​ពិសេស​ត្រូវ​គោរព​ច្បាប់ ​និង​វិន័យ​កង​កម្លាំង​នគរបាល​ជាតិ ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​និង​មានការ​គ្រប់គ្រង​កម្លាំង​ឱ្យបាន​មុឺងម៉ាត់​ជាមួយ​នឹង​ការ​ប្រើប្រាស់​កម្លាំង​សរុប​ មធ្យោ​បាយ​សរុប​ ជំនាញ​សរុប​ ​និង​ការ​បែង​ចែក​ភារកិច្ច​ដល់​មន្ត្រី​អនុ​វ​ត្តន៍ការងារ​តាម​ជំនាញ​ផង​ដែរ​។​​

លោក ​សម​ វិច្ឆិកា ​អ្នក​នាំពាក្យ​នៃ​ស្នង​ការ​ដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ ​មិន​អាច​ទាក់ទង​សុំ​ការធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​បាន​ទេ ​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០​២៣​។ 

លោក ​អំ ​សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ​ថ្លែងថា ​សមត្ថ​កិច្ច​គឺមាន​តួនាទី​ក្នុង​ការរក្សា​សន្តិ​សុខ សុវត្ថិ​ភាព​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ ដោយ​មិន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ ​ ណា​មួយ​មាន​ការ​ភ័យខ្លាច​ឡើយ។ 



លោក សំអាត​ ថ្លែង​ទៀត​ថា ក្នុង​ន័យ​នេះ ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​ ​មិន​គាំទ្រ​ដាច់ខាត​ចំពោះ​អ្នក​ប្រព្រឹត្តបទល្មើស​ពិត​ប្រាកដ​ ​ជា​ពិសេស​ក្មេង​ទំនើង​ និង​ស្នើ​សុំឱ្យ​អនុវ​ត្ត​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល​នោះ​។​​

លោក ​អំ ​សំអាត ​ក៏​បាន​ថ្លែង​ស្នើឱ្យ​​សមត្ថ​កិច្ច ​ដែល​អនុវត្ត​ទៅលើ​ក្មេង​ទំនើង​ទាំង​នោះ ​គឺ​ត្រូវ​ហាម​ដាច់ខាត​ធ្វើអំពើ​ហិង្សា ​និង​ទារុណ​កម្ម​ផ្សេងៗ​ទៅលើ​ពួក​គេ ​ពោល​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​ ឬ​ធ្វើ​ការអប់រំ​ និង​ណែនាំ​ ចំ-​ពោះ​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​។ 

លោក​ អំ សំអាត បាន​ថ្លែង​ថា​៖ «​បើ​ការ​អនុ​វត្តច្បាប់​ វា​អត់​មាន​អី​ប៉ះពាល់​ដល់​សិទ្ធិ​ទេ​ហើយ​ច្បាប់​តម្រូវ​ថា​ ក្មេង​ត្រឹម​អាយុ​ ១៤ ​ឆ្នាំ ​មិន​ឱ្យ​ចាប់​ ឬ​ឃុំខ្លួ​ន​បាន​ទេ​ បើ​យើង​ចាប់​ហើយ​ឃុំខ្លួន ​អាហ្នឹង​ គឺ​រំលោភ​លើ​សិទ្ធិ​ហើយ​។​យើង​គួរតែ​មាន​វិធាន​ការ​សមស្រប​ណាមួយ ​ដូច​ជា​ប្រគល់​ឱ្យ​ឪពុក​ម្តាយ ឬក៏​បញ្ជូ​នទៅ​​មណ្ឌល​យុវ​នីតិសម្ប​ទា​អប់រំ​ផ្សេងៗ​វិញ​»​។​​

លោក​ ​ឈ​ត​ ប៊ុន​ថង​ ​ប្រធានវិទ្យា​ស្ថាន​ទំនាក់​វប្បធម៌ ​អប់​រំ​ និង​ទេសចរណ៍ ​នៃ​រាជ​បណ្ឌិត្យស​ភា​កម្ពុជា ​ក៏បា​ន​ថ្លែង​ដោយ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការដាក់​ចេញ​វិធាន​ការ​ដ៏​ម៉ឺងម៉ាត់​របស់​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​លើ​ការ​បង្ក្រាប​ ​និង​ពង្រឹង​សន្តិ​សុខ ​សណ្តាប់ធ្នាប់​របស់​ក្មេង​ទំនើង​នេះ​ផងដែរ​។​ ការ​អនុ​វត្តនេះ ​មិន​មែន​ធ្វើ​តែម្តង​ហើយ​ចប់​នោះទេ ​គឺ​ត្រូវ​ធ្វើ​ជា​ប្រចាំ​ ព្រោះ​ក្មេង​ទំនើង​ មិន​អស់​ទេ​ ទោះ​ជា​មាន​វិធាន​ការ​យ៉ាង​ណា​ក៏​ដោយ​។​​

លោ ​ឈ​ត​ ប៊ុន​ថង ​បាន​ថ្លែង​ថា​៖ «​អ៊ីចឹង​ទេ ​ការ​ដាក់​ចេញ​​វិធាន​ការឱ្យ​កង​កម្លាំង​នគរ​បាល​ធ្វើការ​ជា​ប្រចាំ​ ទៅ​លើ​ការគ្រប់​គ្រង​ ​ការ​ទប់​ស្កាត់​ក្មេងទំនើង​នេះ ​គឺ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​ជា​ចាំបាច់​ ​ព្រោះ​បើ​អស់​ក្មេង​ទំនើង​មួយ​ នៅ​ក្មេង​ទំនើង​ផ្សេង​ទៀត​ ​ដោយ​សារ​តែ​ការអប់រំ​បច្ចុប្បន្ន​ និង​ការ​គ្រប់​គ្រង​កូន​របស់​អាណា​ព្យា​បាល​រាល់ថ្ងៃ​ពិបាក​ណាស់​ដោយ​សារ​តែ​ឥទ្ធិ​ពល​គ្រឿង​ញៀន​ និង​វប្បធម៌​បរទេស​ជា​ដើម​»​។​

​លោក​ ប៊ុន​ថង ក៏បា​ន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​លោក​គ្រូ ​អ្នក​គ្រូ ​នៅ​តាម​សាលារៀន​ និង​អាណា​ព្យាបាល ​ត្រូវ​រួមគ្នា​ចូលរួម​ពង្រឹង ​និង​អប់រំ​កូនៗ​របស់​ខ្លួន​ ​កុំ​ឱ្យ​ភ្លើត​ភ្លើន​ ធ្លាក់​ទៅ​ក្នុង​ផ្លូវ​អបាយ​មុខ​ បង្កទៅ​ជា​ក្មេង​ទំនើង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ ​និង​គ្រួសារ​៕​