ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ស្នើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​សមត្ថ​​កិច្ច​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ទូទាំងប្រទេស ជាពិសេស​នៅតាម​តំបន់​ទេសចរណ៍ ដើម្បី​បន្សាប​ដំណឹង​មិនល្អ និង​ចំណុច​អវិជ្ជមាន​នៃ​បញ្ហា​សន្តិសុខ​របស់​កម្ពុជា ខណៈ​រដ្ឋាភិបាល​ដាក់ចេញ​ផែន​​ការ​សកម្មភាព​ពង្រឹង​វិស័យ​ទេសចរណ៍​។​

​ការស្នើ​នេះ​ធ្វើឡើង​នា​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​លើក​ទី​១៩ នៅ​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ នា​វិមាន​សន្តិភាព​។ លោក​លើកឡើងថា ថ្វីដ្បិតតែ​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​មានការ​កើនឡើង​បន្តិច​មែន ប៉ុន្តែ​មិនទាន់មាន​ស្ថាន​ភាពល្អ​ដូច​អំឡុង​មុនពេល​កូ​វីដ​ ១៩ នោះទេ​។ 

​លោក​ថ្លែងថា​៖ «​យើង​ត្រូវ​រៀបចំ​ជា​យន្តការ​ជា​គណៈកម្មការ​រៀបចំ ជា​សកម្មភាព​ជាក់​ស្តែង​ក្រៅតែពី​លើ​ក្រដាស​។ យើង​ត្រូវ​រៀបចំផ្ទះ​យើង​ឱ្យ​បានល្អ​ឱ្យបាន​រៀបរយ មុនពេល​ហៅ​គេ​មក បើសិន​យើង​រៀបចំផ្ទះ​យើង​មិនបាន​ល្អ​ទេ គេ​មកហើយ ថ្ងៃក្រោយ​គេ​អាច​ប្រាប់​គ្នា​គេ​ឱ្យ​លែង​មកទៀត​»​។​

​ក្រៅពីនេះ ក្នុង​វិធាន​ជំរុញ​វិស័យ​ទេសចរណ៍ រដ្ឋាភិបាល​នឹងដាក់​ចេញ​ «​យុទ្ធសាស្ត្រ​ទស្សនា​សៀមរាប​ឆ្នាំ​ ២០២៤»​ ដើម្បី​ជំរុញ​សកម្មភាព​ទេស​​ចរណ៍​ក្នុង​ខេត្តសៀមរាប ដែលជា​ឆ្អឹងខ្នង​នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។ ក្នុងន័យនេះ មិនមែន​រដ្ឋាភិបាល​ខ្វល់ខ្វាយ​តែ​ខេត្តសៀមរាប​ទេ ប៉ុន្តែ​ជា​គំរូ​សម្រាប់​ខេត្ត​ដទៃទៀត​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត​ សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ជ្រើស​រើសយក​ខេត្តសៀមរាប​ជា​អភិក្រម​មក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​មុនគេ បើសិនជា​អាចអនុវត្ត​បាន​ជោគជ័យ​មានន័យថា ជាការ​បើកផ្លូវ​អាទិភាព​អភិវឌ្ឍ​វិស័យ​ទេសចរ​ណ៍​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​សម្រាប់​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន។​

​លោកនាយក​រដ្ឋមន្ត្រីបន្តថា​៖ «​ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ត្រូវខិតខំ​រួមគ្នា​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរ​ណ៍​នេះហើយ​រដ្ឋាភិបាល​នឹង​គិតគូរ​សម្រប​សម្រួល​តម្លៃ​សេវាកម្ម​ទេសចរណ៍​,​ការតភ្ជាប់​ជើងហោះហើរ​, បន្ធូរបន្ថយ​ពន្ធ​លើ​វិស័យ​ទេសចរណ៍​,​ផ្តល់​កម្ចី​ក្នុង​ទំហំ​ ៥០ ​លាន​ដុល្លារ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាដើម​»​។​

​ជាមួយគ្នានេះ​លោក​ ហូ វណ្ឌី ប្រធាន​ក្រុម​​ប្រឹក្សា​នៃ​សមាគម​ទេសចរណ៍​កម្ពុជា បាន​សម្តែង​ការគាំទ្រ​ទៅលើ​វិធាន​ការដែល​រដ្ឋាភិបាល​គ្រោង​អនុវត្ត​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ខណៈ​ការ​ជ្រើស​យក​ខេត្ត​សៀម​​រាប​ជា​ខេត្ត​គំរូ​មុនគេ ដោយ​លោក​ថា ការពង្រឹង​វិស័យនេះ​នឹង​ផ្តល់​សារៈប្រយោជន៍​ទាំង​វិស័យ​ឯកជន​ផ្ទាល់ និង​រដ្ឋាភិបាល​។

លោក​ហូ វណ្ឌី ថ្លែងថា​៖ «​វា​ចំណេញ​ដល់​យើងទាំងអស់គ្នា ទាំង​វិស័យ​ឯកជន​រកស៊ី​ក្នុង​ផ្នែក​ទេសចរណ៍ ទាំង​រដ្ឋាភិបាល​។ ក្នុង​កិច្ចការ​នេះ​យើង​ចង់ឱ្យ​រដ្ឋាភិបាល​មាន​គំរូ​ផែនការ​មួយ​ដើម្បី​ដាក់​លើ​តុ​ឱ្យ​វិស័យ​ពាក់ព័ន្ធ​នានា​មក​ជជែក​គ្នា ដើ​​ម្បី​យកទៅអនុវត្ត​»​។​ 

​លោក​បន្ថែមថា វិធាន​ការដែល​ប្រមុខ​រដ្ឋាភិបាល​លើកឡើង​នឹង​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា តែ​ជា​ជំហាន​ដំបូង ត្រូវមាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​រដ្ឋាភិបាល ដោយមាន​ផែនការ​គំរូ​ដាក់​ចេញ​ណាមួយ​យកមកអនុវត្ត​ជាក់ស្តែង​។​

​លោក​ក៏បាន​អំពាវនាវ​ឱ្យ​អាជីវករ និង​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល​ជាពិសេស​ប្រជាពលរដ្ឋ​នានា​ត្រូវ​ថែរក្សា​សណ្តាប់ធ្នាប់ អនាម័យ​ក្នុងប្រទេស​ដើម្បី​ផ្តល់​ភាពអំណោយ​ផល​ដល់​វិស័យ​ទេសចរណ៍​ជាតិ​។​

​ជាមួយគ្នានេះដែរ លោក​ យង់ ពៅ អគ្គ​លេ​​ខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា វិស័យ​ទេសចរណ៍​ពឹងផ្អែក​សំខាន់​ទៅលើ​ផ្នែក​សន្តិសុខ និង​សណ្តាប់​​ធ្នាប់ ខណៈ​វិស័យនេះ​មាន​ភាពផុយស្រួយ​ខ្លាំង​នៅពេល​កើតមាន​អសន្តិសុខ​ជួន​ចំពេល​កន្លងមក​កម្ពុជា​លេចឮ​ការផ្សព្វផ្សាយ​មិនល្អ​ពី​បញ្ហា​សន្តិសុខ​ជាតិ​។ 

​លោក​ថ្លែងថា​៖ «​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រួមមាន​៖ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​, បញ្ហា​ផលិតផល​ទេសចរណ៍​ដែល​យើង​មានតែ​បែប​វប្បធម៌ និង​ធម្មជាតិ មិនទាន់មាន​ទេសចរណ៍​កែច្នៃ​ផ្សេងៗ​ទៀត ដែល​នាំឱ្យមាន​ភាពសម្បូ​រ​បែប​, បញ្ហា​មិនមាន​សុចរិត​ភាព របស់​អាជីវករ និង​អ្នកផ្តល់​សេវា​ទេសចរណ៍​និង​បញ្ហា​ការ​មិនមាន​ប្រក្រតីភាព​នៅ​ច្រកចេញ​-​ចូល​អន្តរជាតិ​ដែលមាន​ការយក​លុយ​ក្រៅ​សេវា ជាដើម​»​។ 

​លោក​ យង់ ពៅ​ បន្តថា រដ្ឋាភិបាល​គួរ​ពង្រឹង​ផ្នែក​ការទូត​ទេសចរណ៍ ដែល​គួរ​មានការ​រៀបចំ​បង្ហាញ​ផលិតផល​ទេសចរណ៍ ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​នៅក្រៅ​ប្រទេស​ដើម្បី​ឱ្យគេ​កាន់​តែ​ស្គាល់​កម្ពុជា​។ រៀបចំ និង​ចាត់វិធានការ​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​កម្ពុជា ជាពិសេស​ការផ្សព្វផ្សាយ​ពី​ស្ថានភាព​សន្តិសុខ​។ រដ្ឋា​​ភិ​បាល​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ទៅលើ​កញ្ចប់​សេវា​ទេសចរណ៍ ត្រូវ​ធានា​ទៅលើ​តម្លៃ​ផងដែរ​៕