អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានក្រើនរំឭកដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងនគរបាលទាំងអស់ ត្រូវតែបន្ដរួមសហការគ្នា ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅបន្ដធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។
ការណែនាំ និងក្រើនរំឭក របស់លោក ស ថេត បានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមានថ្នាក់អគ្គស្នងការរង ចំនួន២រូបថ្នាក់នាយការិយាល័យចំនួន ១រូប និងថ្នាក់នាយរងការិយល័យចំនួន ១រូប កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
បើតាមប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងឱកាសនោះលោក ស ថេត ថ្លែងថា៖« ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានអង្គភាព ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដផ្ដោតការយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព ដោយមិនត្រូវបែងចែកបក្ខពួក ឬប្រកាន់តួនាទី ឋានន្ដរស័ក្ដិនោះឡើយ»។
ជាមួយគ្នានោះ លោក ស ថេត បានចាត់ទុកថា ការអនុវត្តការងារប្រចាំថ្ងៃទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវមានការបន្ទន់ឥរិយាបថ គ្រប់កាលៈទេសៈជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទប្រកបដោយភាពថ្លៃថ្នូរល្អ។ យ៉ាងនេះក្តី លោកបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវមានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរជាប់ជាប្រចាំ និងត្រូវចូលរួមការពារសន្តិសុខជូនជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ ត្រូវធ្វើខ្លួនជាខ្នងបង្អែកសម្រាប់ប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ។
បន្ថែមពីនេះ លោកបានជំរុញដល់គ្រប់បណ្ដាអង្គភាពទាំងអស់ ត្រូវបន្ដអនុវត្តតួនាទីភារកិច្ចបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ពោលមន្ត្រីនគរបាលជាតិទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាមួយបញ្ហាគ្រឿងញៀននេះ ដើម្បីធ្វើយ៉ាងណាពង្រឹងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានភាពល្អប្រសើរ។
លោកបានអះអាងថា៖ «កម្ពុជាកំពុងជ្រកក្រោមម្លប់សុខសន្ដិភាព ដូច្នេះហើយកងកម្លាំងនគរបាលទាំងអស់ ត្រូវតែរួមដៃគ្នារក្សានូវសុខសន្ដិភាព ទប់ស្កាត់ បង្ក្រាប បង្ការបទល្មើស ដើម្បីការរស់នៅដោយភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងម្យ៉ាងសំដៅដល់ការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរដើម្បីមកបណ្ដាក់ទុន ដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត»។
លោកសង្កត់ធ្ងន់ទៀតថា សម្រាប់ការងារចំពោះមុខមួយទៀត ដោយសារតែកម្ពុជា ត្រូវរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក នៅខែវិច្ឆិកាខាងមុខនេះ កងកម្លាំងនគរបាលជាតិ ត្រូវសហការជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលចូលមកលេងកម្សាន្ដនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាតំបន់ទេសចរណ៍នានា ឱ្យខានតែបាន។
ជុំវិញបញ្ហានេះ លោក ជួន ណារិន អគ្គស្នងការរង និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង និងបំពាក់ឋានន្តរស័ក្តិថ្មី បានប្តេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងសន្យាថា នឹងរួមចំណែកការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។
លោកបញ្ជាក់ថា នឹងដឹកនាំអនុវត្តអង្គភាពឱ្យបានស្របតាមការរីកចម្រើនរបស់សង្គមជាតិ សំដៅរួមចំណែកការពារស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, បង្កើនសមត្ថភាព គុណភាព ចំណេះដឹងដល់មន្ត្រីនគរបាល ដើម្បីលើកស្ទួយឱ្យបំពេញការងារប្រកបដោយមនសិកា គោរពវិន័យ សេចក្តីថ្លៃថ្នូរ៕