ព្រះមហាក្សត្រ​កម្ពុជា នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ​នៅ​បារាំង​រយៈពេល​ ១ សប្តាហ៍​ - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


ព្រះមហាក្សត្រ​កម្ពុជា នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ​នៅ​បារាំង​រយៈពេល​ ១ សប្តាហ៍​


Content image - Phnom Penh Post


   ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​បារាំង ប្រមាណ​ ១ ​សប្តាហ៍​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែល​អមដំណើរ​ដោយ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ជាច្រើនរូប​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​១០ វិច្ឆិកា បានឱ្យដឹងថា តប​តាម​ការ​សូម​យាង​របស់លោក Emmanuel MACRON ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​បារាំង ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​។


​អញ្ជើញ​ចូលរួម​ដង្ហែ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ក្នុង​ព្រះរាជទស្សនកិច្ច​នេះ រួមមាន លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ឥស្សរជន និង មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​មួយចំនួន​។​


​សេចក្តីប្រកាស​បានបញ្ជាក់​ថា​៖«​ព្រះរាជទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ ធ្វើឡើង​ក្នុង​ស្មារតី​នៃ​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​រវាង កម្ពុជា និង​បារាំង ស្រប​ពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​»​។


​ព្រះមហាក្សត្រ នឹងមាន​ព្រះរាជសវនាការ ជាមួយ​លោក Emmanuel MACRON នៅ​វិមាន​ប្រធានាធិបតី Palais de l'Élysée នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។


​ព្រះមហាក្សត្រ ក៏​នឹង​យាង​ចូលរួម​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី​៤ ស្តីពី​ការ អភិរក្ស​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​តំបន់​អង្គរ ដែល​នឹង​រៀបចំឡើង​ក្នុងឱកាស​សម័យប្រជុំ​លើក​ទី​៤២ នៅ
​សន្និសីទ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​


​ព្រះមហាក្សត្រ ក៏​នឹង​ប្រទាន​ព្រះរាជសវនាការ​ជូន លោកស្រី Audrey AZOULAY អគ្គនាយិកា​នៃ​អង្គការ​យូណេស្កូ ដែល​នេះ​បង្ហាញ​អំពី​ការទទួលស្គាល់​របស់​ក​ម្ពុ​ជា​អំពី​ការចូល រួមចំណែក​របស់​អង្គការ​នេះ ក្នុង​កិច្ចការពារ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​។​


​ក្នុង​ព្រះរាជដំណើរ​យាង​ទៅ​ទីក្រុង​ប៉ារីស​នេះ​ផងដែរ ព្រះអង្គ​នឹង​យាង​ទៅ​ប្រាសាទ Fontainebleau ស្ថិតនៅ​ទីក្រុង Fontainebleau ដែលមាន​សម្ព័ន្ធមេត្រីភាព​ជាមួយ​ទីក្រុង​សៀមរាប​។ ជាមួយគ្នានេះ​ព្រះអង្គ​ក៏​នឹង​យាង​ទត​បណ្ណសារ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» ផងដែរ​៕​

Post Bottom Ad


Home Pages