សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា និង ឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន ព្រមទាំងបានលើកទឹកចិត្ត ក្រសួង-ស្ថាប័ន នៃប្រទេសទាំងពីរ បន្តធ្វើការជាមួយគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរ នៅមានសក្តានុពលច្រើន ។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួល នៃការពង្រឹងសហគមន៍ នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI Executive Committee) នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Muhaimin Iskandar បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី និងកម្ពុជា មានទំនាក់ទំនងដ៏យូរអង្វែង និងមានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន ព្រមទាំងគូសបញ្ជាក់ អំពីសក្ដានុពលជាច្រើន ដែលប្រទេសទាំងពីរ អាចបំពេញឱ្យគ្នាទៅវិញទៅមក។