ភ្នំពេញ៖ ជាមួយនឹងការព្រួយបារម្ភជាសកលជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែក្ដៅខ្លាំង កម្ពុជាប្តេជ្ញាចិត្តក្នុងការដោះស្រាយវិបត្តិអាកាសធាតុប្រកបដោយបរិយាប័ន្ន និរន្តរភាព និងសមភាពសម្រាប់ទាំងអស់គ្នា ជាពិសេសស្ត្រី។
កិច្ចសន្ទនានេះមានគោលបំណងរួមបញ្ចូលការពិចារណាអំពីយេនឌ័រទៅក្នុងផែនការសកម្មភាពអាកាសធាតុរបស់កម្ពុជា រួមមានការចូលរួមចំណែកពីមន្ត្រីរដ្ឋាភិបាលសំខាន់ៗ ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូដ៏សំខាន់ក្នុងការគាំទ្រគំនិតផ្តួចផ្តើមអាកាសធាតុឆ្លើយតបនឹងយេនឌ័រ។
ជាមួយការបញ្ចប់ NDC 2.0 កិច្ចសន្ទនានេះបានផ្តល់នូវវេទិកាសម្រាប់ការពិភាក្សាអំពីការធ្វើបរិយាប័ន្នសមភាពយេនឌ័រទៅក្នុងការបង្កើត NDC 3.0 ជាឯកសារគោលនយោបាយដ៏សំខាន់ដែលនឹងដាក់ជូនលេខាធិការដ្ឋានអង្គការសហប្រជាជាតិនៅចុងឆ្នាំនេះ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានបើកព្រឹត្តិការណ៍នេះដោយឆ្លុះបញ្ចាំងពីភាពជោគជ័យនៃ NDC 2.0 ដែលជាផែនការសកម្មភាពអាកាសធាតុចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥។
លោកបានរំឭកអំពី NDC 2.0 ដែលមានរយៈពីឆ្នាំ២០២០ និងឆ្នាំ២០២៥ មាន ១៩០សកម្មភាព ដោយរួមបញ្ចូលនូវគ្រប់សកម្មភាពទាំងអស់ទៅតាមកម្រិត។
លោក សុផល្លែត បានថ្លែងថា៖ «ការរួមបញ្ចូលនេះ ត្រូវបានធ្វើឡើងក្នុងការកាត់បន្ថយការងាយរងគ្រោះ និងបន្សាំទៅនឹងប្រែប្រួលអាកាសធាតុ ក៏ដូចជាទប់ស្កាត់ផលប៉ះពាល់ការប្រែប្រួលអាកាសធាតុផងដែរ។
លោកបន្ដថា៖ «ក្នុងគោលការណ៍មហិច្ឆតា ធ្វើយ៉ាងណាកាត់បន្ថយការបំភាយឧស្ម័នផ្ទាំងកញ្ចក់រហូតដល់ ៤៤,៧ភាគរយក្នុងចំណោម ១៩០ សកម្មភាព។ ជាសមិទ្ធផល យើងបានសម្រេច ១៦៦ សកម្មភាពលើ ១៩០ សកម្មភាព ឬ ៨៧ភាគរយ»។
លោកចាត់ទុកការសម្រេចបានលទ្ធផលជាង ៨០ភាគរយនេះ អត្រាដ៏ជោគជ័យមួយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់បានខិតខំរួមគ្នា។
ការតាក់តែង NDC 3.0 ចំពេលខួប ១០ ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាដាក់ចេញនូវ NDC មួយ ជាមួយការប្ដេជ្ញាចិត្ដខ្ពស់មួយ ដែលមានបហិច្ឆិតាខ្ពស់ផង និងភាពប្រាកដនិយមផង។
លោករដ្ឋមន្ដ្រីបានថ្លែងថា៖ «សល់ពេលប៉ុន្មានខែទៀតទេ យើងត្រូវបញ្ជូន NDC 3.0 ទៅលេខាធិការដ្ឋាន UN នៅប្រទេសប្រេស៊ីល។ ខ្ញុំសូមស្នើដល់អង្គពិធីទាំងមូលធ្វើការពិភាក្សាដើម្បីស្វែងរកធាតុចូល ធ្វើយ៉ាងណាមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការទប់ទល់វិបត្ដិអាកាសធាតុសកល»។
លោកបានដាក់ចេញនូវវិស័យចំនួន ៦ សម្រាប់ជាត្រីវិស័យបង្ហាញផ្លូវការតាក់តែង NDC 3.0 ប្រកបដោយគុណភាព គឺវិស័យឧស្សាហកម្ម ថាមពល កសិកម្ម ព្រៃឈើ គីមី និងសំរាម។
បញ្ហាប្រឈមយេនឌ័រ និងការប្រែប្រួលអាកាសធាតុ
ប្រធានបទសំខាន់នៃកិច្ចសន្ទនាគឺផលប៉ះពាល់យេនឌ័រនៃការប្រែប្រួលអាកាសធាតុ។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានថ្លែងថា លោកស្រីផ្ដោតលើសមធម៌ និងចីរភាព ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយចាប់ផ្ដើមពីការពង្រឹងភាពជាពលរដ្ឋ។
លោកស្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលបង្កើនការវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ។
លោកស្រីបានលើកឡើងថា៖ «បម្រែបម្រួលអាកាសធាតុបង្កផលប៉ះពាល់លើវិស័យទាំងអស់ខាងលើ។ កម្ដៅប៉ះពាល់ទាំងបុរស និងស្ដ្រី តែផលប៉ះពាល់មានលក្ខណៈខុសគ្នា»។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី លោកស្រីបានបន្ដថា វាប៉ះពាល់លើការងារនៅផ្ទះសម្បែង ដែលបង្កជាជំងឺ ដោយសារកម្ដៅ កង្វះជាតិទឹកក្នុងខ្លួន។ ស្ដ្រីមានតួនាទីចិញ្ចឹម បីបាច់ ថែរក្សា និងអប់រំ។
លោកស្រី កន្ថាផាវី បានឱ្យដឹងថា៖ «ទម្ងន់ក្នុងការថែរក្សាជីដូនជីតា ឪពុកម្ដាយនៅក្នុងផ្ទះតែមួយ ការងាររបស់ស្ដ្រីនៅតាមផ្ទះកាន់តែកើនឡើង។ វាក៏ប៉ះពាល់ទៅលើផលិតភាពការងារ ដោយសារស្ដ្រីផ្ដោតច្រើនទៅលើការងារនៅផ្ទះ»។
សេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនជារបរនៅក្រៅអគារ រងផលប៉ះពាល់នឹងកម្រិតកម្ដៅខ្លាំង ដែលក៏ប៉ះពាល់ដល់ស្ដ្រី ៨០ភាគរយក្នុងចំណោមកម្លាំងការងារនៅសេដ្ឋកិច្ចប្រព័ន្ធទូទាំងប្រទេសជាមួយអត្រា ៥៨ ភាគរយ។
វាប៉ះពាល់លើសុខភាពចំពោះស្ដ្រី ដែលមានតួនាទីបង្កពូជ គុណភាពនៃជីវិត។ លើសពីនេះ កើនកម្ដៅ ក៏កើនអារម្មណ៍ក្រេវក្រោតផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «កម្ដៅកើន ធ្វើឱ្យមនុស្សកាន់តែមួលម៉ៅ ដែលវាបង្កើតជាអំពើហិង្សាទាំងរាងកាយ និងផ្លូវភេទលើស្ដ្រី»។
ស្ត្រីជាចលករនៃការផ្លាស់ប្តូរក្នុងដំណោះស្រាយអាកាសធាតុ
ខណៈពេលដែលកិច្ចសន្ទនាផ្តោតលើផលប៉ះពាល់មិនសមាមាត្រនៃការប្រែប្រួលអាកាសធាតុលើស្ត្រី លោកស្រី Jyotsana Varma នាយិការបស់ ADB ក្នុងបេសកកម្មប្រចាំនៅកម្ពុជា បានរំឭកថា ស្ត្រីមិនត្រឹមតែជាជនរងគ្រោះនៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ពួកគេក៏ជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏មានឥទ្ធិពលផងដែរ។
អ្នកស្រី Varma បាននិយាយថា៖ «ស្ត្រីដើរតួយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយហានិភ័យ។ វាចាំបាច់ណាស់ក្នុងការផ្តល់អំណាចឱ្យពួកគេក្នុងនាមជាអ្នកដឹកនាំក្នុងការផ្លាស់ប្តូរទៅកាន់អនាគតដែលធន់នឹងអាកាសធាតុ»។
អ្នកស្រីបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមជាច្រើនដែល ADB កំពុងធ្វើការដើម្បីគាំទ្រដល់ការចូលរួមរបស់ស្ត្រីនៅក្នុងដំណោះស្រាយអាកាសធាតុ។
អ្នកស្រី Varma បាននិយាយថា ផលប៉ះពាល់របស់វា រាប់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរហូតដល់ការផ្លាស់ប្តូរគំរូកសិកម្ម បានប៉ះពាល់ដល់ស្ត្រី និងកុមារីដោយមិនសមាមាត្រ ដែលធ្វើស្ថានភាពនៃភាពក្រីក្រ ជនជាតិភាគតិច ពិការភាពកាន់តែលំបាក។
អ្នកស្រីបានបន្ដថា៖ «ផលប៉ះពាល់ទាំងនេះប្រែទៅជាបន្ទុកជាក់ស្តែង៖ ការគំរាមកំហែងដល់ជីវភាពរស់នៅ ការបង្កើនការងារថែទាំដែលមិនបានទទួលប្រាក់ឈ្នួល និងការកើនឡើងភាពងាយរងគ្រោះក្នុងអំឡុងពេលគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ»។
ជាឧទាហរណ៍ នៅក្នុងវិស័យជលផលសមុទ្រប្រកបដោយនិរន្តរភាព គម្រោងរបស់ ADB កំពុងជួយស្ត្រីដែលមានឥទ្ធិពលលើការកែច្នៃក្រោយការប្រមូលផល និងការលក់តាមរយៈការលើកកម្ពស់បច្ចេកទេសវារីវប្បកម្មដែលធន់នឹងអាកាសធាតុ និងការកែលម្អលទ្ធភាពទទួលបានទីផ្សារ។