កំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងជួយជំរុញភ្ញៀវទេសចរ​​កើន​ឡើង - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


កំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងជួយជំរុញភ្ញៀវទេសចរ​​កើន​ឡើង

 


កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃចន្ទនេះ ត្រូវបានគេរំពឹងថានឹងនាំភ្ញៀវទេសចរកាន់តែច្រើនតាមរយៈផ្លូវទឹក រួមទាំងតាមរយៈការតភ្ជាប់ជាមួយកំពង់ផែទេសចរណ៍ក្នុងប្រទេសជិតខាង និងក្នុងតំបន់ផងដែរ នេះបើតាមប្រសាសន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ប្រតិបត្តិការសាកល្បងរយៈពេល៣ខែ កាលពីខែធ្នូឆ្នាំមុនបានដំណើរការយ៉ាងរលូន ទោះបីជាវាមិនទាន់មានទំនាក់ទំនងជាមួយប្រទេសជិតខាង ដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិក៏ដោយ។ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា កំពង់ផែ​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​រួច​ហើយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​តំបន់​ឆ្នេរ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​មក​កាន់​កោះក្នុងប្រទេស​កម្ពុជា។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា នៅឆ្នាំ២០២៤ ប្រទេសកម្ពុជាបានកត់ត្រាភ្ញៀវទេសចរបរទេសចំនួន ៦,៧ លាននាក់ កើនឡើង ២២,៩ ភាគរយធៀបនឹងឆ្នាំមុន។ ភ្ញៀវទេសចរមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក។

កំពង់ផែទេសចរណ៍នេះត្រូវបានសាងសង់លើផ្ទៃដីទំហំ៤ហិកតា ដោយមានទឹកប្រាក់ចំនួន១០លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយនឹងថវិការបស់រដ្ឋាភិបាល។ វាអាចជួយសម្រួលដល់កប៉ាល់ដឹកអ្នកដំណើរ ឬកប៉ាល់ទេសចរណ៍ដែលផ្ទុកមនុស្សរហូតដល់ 300 នាក់សម្រាប់ការមកដល់ និងចេញដំណើរអន្តរជាតិ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល មានប្រសាសន៍ថា ភ្ញៀវទេសចរណ៍ប្រមាណ ៧ ០០០នាក់ បានធ្វើដំណើរទៅកាន់កំពង់ផែ បន្ទាប់ពីប្រតិបត្តិការសាកល្បង ដោយ ៧០ភាគរយមានភ្ញៀវបរទេស។

លោកបានបន្ថែមថា៖ «នេះគឺជារឿងល្អ [កំពង់ផែអភិវឌ្ឍន៍]។ យើងមិនដែលមានកំពង់ផែបែបនេះទេ។ នៅពេលដែលយើងមានជម្រើសដឹកជញ្ជូនច្រើន វានឹងផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ»

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឯកភាពថា កំពង់ផែនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការនាំភ្ញៀវទេសចរមកកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ការមានតែកំពង់ផែទេសចរណ៍មិនគ្រប់គ្រាន់ទេ ព្រោះគួរតែមានសេវាកម្មបន្ថែម ដើម្បីបំពេញតម្រូវការ និងចំណាប់អារម្មណ៍របស់ភ្ញៀវ។

លោក​ស្រី​បន្ត​ថា​៖ «​ក្នុងវិស័យទេសចរណ៍សេវាកម្មគឺសំខាន់ នៅពេលមានសេវាកម្មល្អ គួរឱ្យទុកចិត្ត ចឹងភ្លៀវនឹងចំណាយច្រើន គ្រប់ទីតាំងទាំងអស់គឺពាក់ពន្ធ័និងសេវាកម្ម»

កម្ពុជាត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបន្ថែមទៀត រួមជាមួយនឹងសេវាកម្មដូចជា ការដឹកជញ្ជូន ការស្នាក់នៅ អាហារ ការលក់ផលិតផលក្នុងស្រុក និងការដាក់ឱ្យប្រើប្រាស់នូវតំបន់ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។

លោកស្រី ស៊ីវលីន បានលើកឡើងថា៖ «យើងត្រូវពង្រឹងបន្ថែមការផលិតដើម្បីឱ្យភ្ញៀវអាចធ្លាក់ការចំណាយរបស់គេឱ្យកាន់តែច្រើន ប្រសិនបើយើងត្រឹមតែមានកំពុងផែ ហើយយើងគិតថាគ្រប់គ្រាន់ហើយ យើងបានត្រឹមតែទាក់ទាយការចំណាយត្រឹមតែការដឹកជញ្ជូនមកដល់កំពុងផែប៉ុណ្ណោះ»

លោក​ស្រី​បាន​បន្ថែម​ថា​៖ «បើយើងមានសេវាកម្មផ្សេងៗទៀតយើងក៏មានលទ្ធភាពក្នុងការទាញយកផលប្រយោជន៍មន្ថែមទៀតដើម្បីឱ្យពលរដ្ឋ អាជីវកររបស់យើងនៅក្នុងខេត្តឱ្យគាត់ទទួលអត្ថប្រយោជន័ពីទេសចរណ៍»

Post Bottom Ad


Home Pages