ព្រឹទ្ធសភានិងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន រួមគ្នាការពារតាមផ្លូវច្បាប់ជូនស្ត្រីងាយរងគ្រោះ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


ព្រឹទ្ធសភានិងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន រួមគ្នាការពារតាមផ្លូវច្បាប់ជូនស្ត្រីងាយរងគ្រោះ

 ភ្នំពេញ៖ ព្រឹទ្ធសភានិងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន រួមគ្នាការពារតាមផ្លូវច្បាប់ជូនស្ត្រីងាយរងគ្រោះ និងសិទ្ធិផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពទទួលបានការការពារតាមផ្លូវច្បាប់គ្រប់គ្រាន់។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធាន គណៈកម្មការទី១ព្រឹទ្ធសភាបានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងធ្វើជា ស្ពានតភ្ជាប់ទំនាក់ទំនងរវាងគូភាគីក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្តល់ព័ត៌មានពាក់ព័ន្ធឱ្យគ្នាទៅវិញ ទៅមក ផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិបុគ្គលដែលត្រូវការពារដោយច្បាប់ និងពិគ្រោះយោបល់ ការពារសិទ្ធិ តាមផ្លូវច្បាប់ និងផ្តល់មេធាវីការពាររឿងក្តីនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ឯកឧត្តមជឿជាក់ថា តាមរយៈស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសម្រេចបាននូវការអនុវត្ត សកម្មភាពរួមគ្នាដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែច្រើន ក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនគ្រប់រូប។

ឯកឧត្តមបន្ដថា គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើ កិច្ចសហប្រតិបត្តិការពេញលេញ និងជិតស្និទ្ធជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីធានាភាពជោគជ័យ នូវការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ។

ឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានប្រសាសន៍ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនត្រូវបានជ្រើសរើសយកជាដៃគូសហប្រតិបត្តិការជាមួយនឹងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ក្នុងទិសដៅរួមធ្វើកិច្ចសហការអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនជន គ្រប់រូប ជាពិសេសចំពោះស្ត្រីទន់ខ្សោយ ងាយរងគ្រោះ ដែលពុំទាន់ទទួលបាននូវសិទ្ធិការពារស្របច្បាប់។

ឯកឧត្តមបន្តថា ក្រោយទទួលបាននូវកិច្ចសហប្រតិបត្តិការជាមួយនឹងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា និងក្រោមការដឹកនាំចង្អុលបង្ហាញ ព្រមទាំងគាំទ្រពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តច្បាប់សេវាគាំពារ និងយុត្ត្តិធម៌ក្នុងសង្គម ។

សូមបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ត្រូវបានបង្កើតឡើង សម្រាប់ជួយការពារដល់ស្ត្រីទន់ខ្សោយ ងាយរងគ្រោះ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ ដោយពុំទទួលប្រាក់កម្រៃសេវាពីប្រជាពលរដ្ឋ។ បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួន១៣៧រូប ដឹកនាំដោយប្រធាន ០១រូប និងអនុប្រធានចំនួន ១០រូប ព្រមទាំងមានវត្តមាននៅគ្រប់បណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕

លោកជួន បូណា៖សម្រួលការផ្សាយ៖sckhtv-news.com ​


Post Bottom Ad


Home Pages