ខេត្តពោធិ៍សាត់ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានឱ្យដឹងថា រយៈពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរទៅ ទស្សនាកម្សាន្តមានចំនួន២៤,៧២៣នាក់ មានការកើនឡើង៦១,៦១ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួនត្រឹមតែ ១៥,២៩៧នាក់ប៉ុណ្ណោះ ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា រយៈពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃ ទី១២ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរទៅទស្សនាកម្សាន្តមានចំនួន២៤,៧២៣នាក់ ហើយសម្រាប់ការការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គ្មានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ រីឯវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាលនោះទៀតសោត ក៏បានអនុវត្តយ៉ាងយកចិត្តទុកដាក់ផងដែរ ។
លោកបន្តថា ដោយមានការណែនាំយ៉ាងហ្មត់ចត់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញនៅតាមមន្ទីរ អង្គភាព និងស្ថាប័ននានា ពិសេសមន្ទីរទេសចរណ៍ខេត្ត បានចុះពង្រឹងការអនុវត្តតាមវិធាន សុវត្ថិភាពទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងការណែនាំពីវិធានអនាម័យ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ។
« អាជ្ញាធរបានចាត់វិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលយើងមានការវាស់កម្ដៅ ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូឬអាល់កុល និងពីការ រក្សាគម្លាតឱ្យបានត្រឹមត្រូវ » ។
សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់មានរមណីយដ្ឋានចំនួន១៤កន្លែង ហើយរមណីយដ្ឋានទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ៦,១៤៧នាក់ , រមណីយដ្ឋាន រីសតតាលោសែនជ័យ ៧,៣០៥នាក់ និង អូរសោមមានចំនួន២,៩៣២នាក់ ៕
វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី៖សម្រួលការផ្សាយដោយ៖ sckhtv-news.com