ព្រះវិហារ: ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ នាំយកអំណោយជូនអង្គភាពពន្ធធានាគារខេត្ត និងបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក តាមវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងរាជ រដ្ឋាភិបាល នៅមណ្ឌលចត្ដាឡីស័ក កម្រិត២ នៅផ្ទះសំណាក់គ្រូ ស្ថិតនៅភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ណែនាំឱ្យមន្ត្រីអនុរក្សពន្ធធានាគារខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជនជាប់ឃុំឃាំង ដោយត្រូវឱ្យពួកគាត់ពាក់ម៉ាស និងសម្អាតដៃជាប្រចាំ។ ឯកឧត្តម ក៏បានប្រគល់អំណោយមាន ម៉ាស៥០ប្រអប់ អាល់កុល ៩០លីត្រ ទឹកបរិសុទ្ធ២០កេស និងថវិកាចំនួន ២លានរៀល។
ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលប្រចាំការនៅសាលាបឋមសិក្សាស្ថាពរ ដែលនឹងត្រៀមរៀបចំធ្វើមណ្ឌលចត្តាឡីស័ក និងបានប្រគល់ជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤ម៉ឺនរៀល និងម៉ាសចំនួន ៤ដុំ ។
ដោយឡែកក្រុមគ្រូពេទ្យ និងពលករដែលកំពុងធ្វើចត្តាឡីស័ក ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងឃីតមួយកញ្ចប់ធំ ។ ចំណែកក្រុមការងារគ្រូពេទ្យប្រចាំការ ទទួលបាន ម៉ាស ៥ដុំ ទឹកបរិសុទ្ធ១០យួរ អាល់កុល ១០លីត្រ និងថវិកា ៥លានរៀល ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន ហើយក្រុមគ្រូពេទ្យ ១៣នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ ៕