អភិបាលរងខេត្ដកំពង់ស្ពឺលើកឡើងថា ជនពិការ គឺជាកោសិកាអភិវឌ្ឍន៍សង្គមមិនអាចខ្វះបាន ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមបង្កលក្ខណៈងាយស្រួលដល់ជនពិការ



 កំពង់ស្ពឺ៖ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្តកំពុងស្ពឺបានលើកឡើងថា ជនពិការ គឺជាកោសិកាអភិវឌ្ឍន៍សង្គមមិនអាចខ្វះបាន ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមលើកកម្ពស់ និងបង្កលក្ខណៈងាយស្រួលដល់ជនពិការ។ ការលើកឡើងរបស់លោកជំទាវនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបង្កលក្ខណៈងាយស្រួលដល់ជនពិការ កុមារ និងស្ត្រី កាលពីព្រឹកថ្ងៃទី ០២ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២១។



លោកជំទាវ ឡុង បូណារេត បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដែលទទួលបានទៅធ្វើផ្សព្វផ្សាយបន្តនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាសំដៅលើកកម្ពស់ និងការបង្កលក្ខណៈងាយស្រួលស្របតាមគោលការណ៍ជាសកលសម្រាប់ការចេញ-ចូល ការផ្លាស់ទី និងការប្រើប្រាស់ទស្សនទាន នៃការរចនាជាសកល និងការសម្របសម្រួលសមស្រប ក្នុងសមភាព និងសមធម៌ សម្រាប់ជនពិការ។


ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការបានបញ្ជាក់ថា ដើម្បីឆ្លើយតបនូវកង្វល់ទាំងអស់នេះបាន លុះត្រាតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំង ស្ថាប័នជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមគ្រួសារឱ្យបានផុសផុលនៅក្នុងការគាំទ្រនឹងបង្ករលក្ខណៈដល់បងប្អូនជាជនមានពិការភាពឱ្យមានឱកាសចូលរួម និងបញ្ចេញនូវសមត្ថភាពរបស់បងប្អូនដែលជាជនមានពិការភាព។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធដែលបានខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់ទៅលើជនពិការ ស្ត្រី និងកុមារ នៅក្នុងទូទាំងខេត្តកំពង់ស្ពឺ ប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ ៕ដោយ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សម្រួលផ្សាយដោយ៖ sckhtv-news

Post a Comment

0 Comments