ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកូនខ្មែរគ្រប់ៗរូបជាពិសេសយុវជនត្រូវខិតខំថែរក្សានិងការពារនូវអ្វីៗទាំងអស់ដែលជាព្រលឹងជាតិនិងអត្តសញ្ញាណជាតិសម្រាប់ជាមរតកយូរអង្វែងតទៅដល់កូនខ្មែរជំនាន់ក្រោយ ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះ នៅក្នុងសារលិខិតក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសារលិខិតក្នុងឱកាសអប អរសាទរទិវាវប្បធម៌ជាតិ ៣មីនាលើកទី២៣ ឆ្នាំ២០២១ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១ ខែ មិនា បានលើកឡើងថា៖សម្រាប់ឆ្នាំ២០២១នេះប្រធានបទ“យុវជនដើម្បីវប្បធម៌ជាតិ” ក្នុង“ទិវាវប្បធម៌ជាតិ៣មីនាលើកទី២៣” នៅតែមានសារៈសំខាន់និងស្របតាមបរិបទប្រជាសាស្ត្ររបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននិងបានបង្ហាញឱ្យឃើញថាប្រជាជនវ័យកណ្តាលដែលមានអាយុចាប់ពី១៥ ដល់៥៩ឆ្នាំគឺមានការកើនឡើងរហូតដល់ ៦១,៧% ដែលក្នុងនោះក្រុមយុវជនមានអាយុចាប់ពី១៥ដល់៣០ឆ្នាំជាផ្នែកមួយដ៏ធំធេង ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«កម្លាំងយុវជនគឺជាសក្តានុពលធនធានមនុស្សដ៏សំខាន់មិនអាចខ្វះបាននៅក្នុងការរួមចំណែកអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិផងដែរ ។ ស្ថិតក្នុងបរិបទនៃការរីកចម្រើនជាសកលផ្នែកឌីជីថលនៅក្នុងសតវត្សរ៍ទី ២១ នេះយុវជនកម្ពុជាមិនត្រឹមតែត្រូវមានការអប់រំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងចំណេះដឹងផ្នែកបច្ចេកវិទ្យាប្រកបដោយគុណភាពនិងសមធម៌ប៉ុណ្ណោះតែក៏ត្រូវទទួលបានការចូលរួមយ៉ាងពេ ញលេញក្នុងសកម្មភាពសិល្បៈវប្បធម៌ទាំងក្នុងទិដ្ឋភាពសង្គមនិងទិដ្ឋភាពសេដ្ឋកិច្ច» ។
សម្តេចតេជោបន្តថា៖សម្រាប់ទិដ្ឋភាពសង្គមយុវជនកម្ពុជាត្រូវទទួលបាននូវការលើកទឹកចិត្តនិងការបណ្តុះស្មារតីស្នេហាជាតិស្នេហាប្រជាជននិងស្នេហាវប្បធម៌ជាតិដោយត្រូវរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សការផ្សព្វផ្សាយនិងការលើកស្ទួយតម្លៃវប្បធម៌និងសិល្បៈជាតិចៀសវាងនូវការភ្លើតភ្លើនភ្លេចខ្លួនបំផ្លាញវប្បធម៌ជាតិខ្លួនឯងផ្ទាល់ ។ ដោយឡែកសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចវិញយុវជនត្រូវ ចូលរួមឱ្យកាន់តែសកម្មថែមទៀតនៅក្នុងសកម្មភាពគាំទ្រការផ្តួចផ្តើមនិងគំនិតច្នៃប្រឌិតបង្កើតថ្មីដោយឈរលើមូលដ្ឋា នរក្សាការពារអត្តសញ្ញាណជាតិនិងស្មារតីសហគ្រិនភាពឱ្យបានកាន់តែផុសផុលឡើងថែមទៀតដើម្បីពង្រឹងនិងពង្រីកសេដ្ឋកិច្ចវប្បធម៌ឱ្យកាន់តែរីកចម្រើនដោយយកចិត្តទុកដាក់រក្សាលំនឹងនៃការអភិវឌ្ឍផ្នែកសិល្បៈវប្បធម៌ទន្ទឹមគ្នាជាមួយការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេ កវិទ្យា។
ទិវាវប្បធម៌នេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ មីនាជារៀងរាល់ឆ្នាំ។ក៏ប៉ុន្តែឆ្នាំនេះដោយសារកូវីដ១៩បានរាត ត្បាតខ្លាំងបានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចលប់ចោលកម្មវិធីជួបជុំជាមួយសិល្បករសិល្បការិនី ។ ឆ្នាំនេះគឺជាឆ្នាំទី៤ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយសិល្បករ សិល្បការិនី សិប្បករ និង អ្នកមានអាជីពក្នុងវិស័យវប្បធម៌ប្រមាណ ៤,០០០ នាក់ ដែលជាការជួបជុំដ៏ធំប្រចាំឆ្នាំក្នុងគោលបំណងរម្លឹកនូវគុណូបការៈនៃបុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវស្នាដៃអច្ឆរិយៈដ៏ធំមហិមាសម្រាប់ប្រជាជាតិខ្មែរក៏ដូចជាមនុស្សជាតិនានាលើសកលលោកនិងដើម្បីពង្រឹងនូវសាមគ្គីភាព ភាតរភាព ការស្គាល់និងជួយគ្នាទៅវិញទៅមករវាងអ្នកមានអាជីពគ្រប់ៗគ្នាក្នុងវិស័យសិល្បៈក្រោមម្លប់សុខសន្តិ ភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះជាង២០ឆ្នាំកន្លងមក ៕