កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ គេសង្កេតឃើញមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្វាយរៀង កំពុងសស្រាក់សស្រាំបង្កើនការងារយកចិត្តទុកដាក់តាមវិស័យជំនាញជាច្រើនរបស់ខ្លួន មានសន្ទុះរីកចម្រើន ទទួលបានលទ្ធផលស្នាដៃល្អគួឱ្យកត់សម្គាល់ ។

បើយោងតាមការបញ្ជាក់ពីលោក ឡុង សុខុម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្វាយរៀង បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ មន្ទីររបស់លោកមានសកម្មភាពផ្តោតយកចិត្តទុកដាក់ទៅលើការងារតាមជំនាញជាច្រើន ។ ជាក់ស្តែងសមិទ្ធផលដែលមន្ទីរសម្រេចបានមានជាអាទិ៍: ការងារគាំទ្របច្ចេកទេស មន្ទីរបានចុះពិនិត្យសុំបង្កើតរោងចក្រ និងតាមដានកិច្ចដំណើរការរោងចក្រ ចំនួន ១១ ស្មើនឹង ៣៦ រោងចក្រ បានសហការចុះត្រួតពិនិត្យវាយតម្លៃផ្នែកសុវត្ថិភាព ឧស្សាហកម្ម ចំនួន ០៦លើក ស្មើនឹង ០៦រោងចក្រ ។ ការងារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មន្ទីរបានចុះធ្វើបច្ចុប្បន្នភាពស្ថិតិសិប្បកម្មសម្រេចបាន ៨០/៨០ ឃុំសង្កាត់ស្មើនឹង ៣.៣៦៨ មូលដ្ឋាន និងបានចុះតាមដ្ឋានត្រួតពិនិត្យលើភាពអនុលោម នៃកិច្ចដំណើរការសហគ្រាស សិប្បកម្ម មានចំនួន ១២លើក ស្មើនឹង ១២៤ មូលដ្ឋាន និងបានសហការជាមួយសម្ព័ន្ធ សហគម សហគ្រាស ធុនតូច និងមធ្យម (FAS MEC) រៀបចំសិក្ខាសាលាស្តីពីការកសាងអាជីវកម្មបានចំនួន ០១លើក មានមនុស្សចូលរួម ១១៨នាក់ ។
លោក ឡុង សុខុម ប្រធានមន្ទីរឧស្សាហកម្ម ខេត្តស្វាយរៀង ក៏បានបង្ហើបឱ្យយើងដឹងដែរថា ចំពោះវិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តស្វាយរៀង បច្ចុប្បន្នកំពុងដំណើរការមានចំនួន ០៧មូលដ្ឋានក្នុងនោះមានអង្គភាពរដ្ឋាករទឹកសាធារណៈចំនួន ០១មូលដ្ឋាន នៅក្នុងក្រុងស្វាយរៀង និងប្រតិបត្តិការទឹកស្អាតឯកជននៅតាមបណ្តាទីប្រជុំជន ក្រុង-ស្រុក ចំនួន ០៦កន្លែងទៀត ដែលមានសមត្ថភាពផលិតសរុប ១៦,៩២០ម៉ែត្រត្រីគុណក្នុង០១ថ្ងៃ ហើយអាចផលិតទឹកស្អាតជាមធ្យមបានប្រមាណជាង ៣,០០០,០០០ម៉ែត្រត្រីគុណក្នុង ០១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រមាណជាង១១,៧៦០ គ្រួសារឯណោះ។

លោក ឡុង សុខុម ប្រធានមន្ទីរ ក៏បានបញ្ជាក់បន្ថែមឱ្យយើងដឹងបន្តទៀតថា ចំពោះ វិស័យស្តង់ដារ រូបនីយកម្ម និងមាត្រសាស្ត្រ មន្ទីររបស់លោកតែងតែបន្តជម្រុញ និងគាំទ្រដល់រោងចក្រ សហគ្រាសធន់តូច និងមធ្យម និងសិប្បកម្ម ឱ្យមានការរីកចម្រើន ដោយបានរៀបចំ ចងក្រងស្ថិតិមូលដ្ឋានសិប្បកម្មពាក់ព័ន្ធនឹងការការងារស្តង់ដារ ក្នុងនោះមានទឹកសិប្បកម្មពិសារដប ១៥០មូលដ្ឋាន រោងចក្រធុនតូច សិប្បកម្ម ផលិតទឹកកកមាន ២៨មូលដ្ឋាន សិប្បកម្មផលិតទឹកត្រី ទឹកម្ទេស ០៣មូលដ្ឋាន សិប្បកម្មផលិតគុយទាវមាន ០៣មូលដ្ឋាន សិប្បកម្មនំបុ័ង ២៨មូលដ្ឋាន និងសិប្បកម្មផ្សេងៗមានមូលដ្ឋានជាមួយគ្នានេះដែរ ជុំវិញការងារមាត្រសាស្ត្រមន្ទីរក៏បានដាក់ជញ្ជីងគំរូថ្មីចំនួន ០២គ្រឿង បន្ថែមទៀត ដែលធ្វើឱ្យជញ្ជីងសរុបមានចំនួន ១១គ្រឿង ត្រូវបានដាក់ទាំងនៅបណ្តាផ្សារនានាក្នុងខេត្តស្វាយរៀង និងបានចុះត្រួតពិនិត្យដៃបាញ់ប្រេងបានចំនួន ១,២០១(នៅក្នុង ២៤២ ស្ថានីយដែលបានដាក់ពាក្យ) ។ ហើយបានចូលរួមជាមួយមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្នុងការចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ ជញ្ជីងតោននៅតាមរោងចក្រចំនួន ០២គ្រឿង ។ ក្រៅពីកិច្ចការងារជំនាញមន្ទីរនៅបានយកចិត្តទុកដាក់លើការងារយេនឌ័រ និងការងារសង្គម ដោយបានជម្រុញលើកទឹកចិត្តចូលរួមនៅវេទការពាក់ព័ន្ធ និងស្ត្រី ទាក់ទងនឹងយេនឌ័រ មានដូចជា កិច្ចប្រជុំយេនឌ័រ នៅថ្នាក់ក្រោមជាតិ ទិវាអន្តរជាតិ ៨មីនា វេទិកាស្តីពីការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារជាដើម ។

លោក ឡុង សុខុម ប្រធានមន្ទីរឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្វាយរៀង ក៏បានបញ្ជាក់បន្តឱ្យយើងដឹងបន្តទៀតថា បច្ចុប្បន្ននេះមន្ទីររបស់លោកក៏កំពុងផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការងារជាអទិភាពមានដូចជា ៖ ១-គម្រោងពង្រឹងសមត្ថភាពគ្រប់គ្រង និងដឹកនាំវិស័យទឹកស្អាតទីប្រជុំជននៅកម្ពុជា របស់ប្រទេសជប៉ុន តាមរយៈអង្គការ JICA ។ ២- គម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈអង្គការ JICA សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត សមត្ថភាព ៦.៨០០ម៉ែត្រត្រីគុណ ក្នុង ០១ថ្ងៃ និងបណ្តាញចែកចាយទឹកស្អាត នៅក្រុងស្វាយរៀង (កំពុងដំណើរការសិក្សាបន្ថែម) ។ ៣- គម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន ក្រោមជំនួយហិរញ្ញប្បទាន (ADB Loan No.3232 CAM) របស់ធនាគារការអភិវឌ្ឍនអាស៊ី (ADB) កែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត សមត្ថភាព ៩,០០០ម៉ែត្រត្រីគុណក្នុង ០១ថ្ងៃ និងបណ្តាញចែកចាយទឹកស្អាត នៅក្នុងក្រុងស្វាយរៀង និងឃុំមួយចំនួនក្នុងស្រុកស្វាយរៀង (អនុវត្តបាន ៩៧%) ។ ៤- គម្រោងសហប្រតិបត្តិការបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដោយបច្ចេកវិទ្យាទំនើប (UF - Membrane) សមត្ថកិច្ច ២,០០០ម៣/ថ្ងៃ នៅអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង (សម្រេចបាន ១០០%) ។ ៥- គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុង ៥៣ភូមិ នៃស្រុក ចន្ទ្រា និងក្រុងបាវិត (កំពុងសាងសង់ដោយក្រុមហ៊ុន Asia Svay Rieng Water) គម្រោងសិក្សាសមិទ្ធិលទ្ធភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំដូនស ឃុំធ្លក ឃុំអណ្តូងត្របែក ឃុំក្រសាំង ឃុំសំបួរ ឃុំជ្រៃធំ ឃុំចន្ត្រី ឃុំមុខដា ឃុំព្រែកតាអឺ ឃុំអង្គតាសោម ឃុំបុសមន ឃុំដូថ ឃុំអង្គប្រស្រែ ឃុំសំបួរ (ស្រុកស្វាយទាប) ឃុំរមាំងថ្កោល ឃុំប្រសូត្រ ឃុំស្វាយតាយាន ឃុំស្វាយចេក ឃុំម៉ឺនជ័យ ឃុំអំពិល និងឃុំគគីរ ក្នុងខេត្តស្វាយរៀង (កំពុងសិក្សា និងសាងសង់ដោយក្រុមហ៊ុនឯកជនក្នុងស្រុក) ។ ៦-គម្រោងវិនិយោគលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៣-I សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំញរ៍ និងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបាន ១០០% ។

លោក ឡុង សុខុម ប្រធានមន្ទីរ ក៏បានបញ្ជាក់ឱ្យយើងដឹងបន្ថែមទៀតថា នៅក្នុងឆ្នាំ ២០២៣ នេះ មន្ទីរបានដាក់ទិសដៅអនុវត្តផែនការបន្តមានដូចជា ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងរោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ឱ្យមានប្រសិទ្ធិភាពខ្ពស់ ។ ត្រៀមចូលរួមសហការជាមួយក្រុមការងារក្រសួង និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ក្នុងការចុះសិក្សា និងជម្រុញរៀបចំបង្កើតសួនសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ។ បន្ត ជម្រុញឱ្យសេវាករផលិតទឹកស្អាតទាំងអស់ភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ទៅតាមផែនការដែលបានកំណត់នៅក្នុងតំបន់សេវាកម្មរបស់ខ្លួន និងបង្កើនការផលិត និងចែកចាយទឹកស្អាតប្រកបដោយគុណភាព ស្ថេរភាព សុវត្ថិភាព និងតម្លៃសមរម្យ ។ បន្តសហការជាមួយក្រសួង (អគ្គនាយកដ្ឋានទឹកស្អាត) អង្គការ JICA, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WORLD BANK), អង្គការ 3-i ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ដើម្បីអភិវឌ្ឍន៍ វិស័យផ្គត់ផ្គង់ទឹកស្អាតតាមគោលដៅដែលបានកំណត់ ។

លោក ឡុង សុខុម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្វាយរៀង ក៏បានបន្តឱ្យយើងដឹងដែរថា ៖ រូបលោកក៏ដូចជាមន្ត្រីក្រោមឱវាទ បាននាំគ្នាខិតខំអនុវត្តការងារសម្រេចទទួលបានលទ្ធផលល្អច្រើនពិតមែន គឺដោយសារស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់ ឯកឧត្តមកិតិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងព្រមទាំងមានការណែនាំ ចង្អុល បង្ហាញ និងសម្របសម្រួលពី ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានធ្វើឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្វាយរៀង អនុវត្តការងារទទួលបានលទ្ធផលល្អ ជោគជ័យបែបនេះ។