ភ្នំពេញៈ សមាគមស្វាយចន្ទីកម្ពុជា ស្នើអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការអនុវត្តគោលនយោបាយជាតិស្វាយចន្ទីឱ្យបានឆាប់ ខណៈបញ្ហាអាកាសធាតុមិនអំណោយផល ដូចការព្យាករកាលពីដើមឆ្នាំដែលនឹងធ្វើឱ្យទិន្នផលស្វាយចន្ទី ទំនងជាមិនប្រសើរជាងឆ្នាំ ២០២២ឡើយ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក)បានប្រាប់ឱ្យដឹងថា អាកាសធាតុមិនអំណោយផល ដូចការព្យាករកាលពីដើមឆ្នាំ២០២៣ទេ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មេឃមិនអំណោយផល ដោយសារមានភ្លៀងធ្លាក់ដោយអន្លើៗ ធ្វើឱ្យចន្ទីគាំងក្តឹប ខូចផ្កា។ដូចនេះសមាគម សូមទម្លាក់ការព្យាករទិន្នផលចន្លោះពី ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោន នៅឆ្នាំ២០២៣នេះ។
លោកបានបន្ថែមថា អាកាសធាតុមិនអំណោយផល នោះគឺដោយសារអាកាសធាតុត្រជាក់អូសបន្លាយភ្លៀងច្រើនដោយអន្លើ (អំឡុងខែមករា- កុម្ភៈ)មេឃអួអាប់ខ្លាំងធ្វើឱ្យចន្ទីគាំងក្តឹប ដែលធ្វើឱ្យសមាគមមានការបារម្ភថា កសិករនឹងបន្តកាប់ដើមស្វាយចន្ទីចោលបន្ថែមទៀត។
លោកអួន ស៊ីឡុតបានបញ្ជាក់យ៉ាងដូច្នេះថា ៖«តម្លៃឆ្នាំនេះល្អនាដើមរដូវប្រមូលផលដោយសារផលិតបានតិច តម្លៃចន្លោះពី ៥០០០រៀល ទៅ ៦២០០រៀល សម្រាប់គ្រាប់ស្រស់។ មិនដឹងទៅថ្ងៃមុខយ៉ាងណាទេ គ្រាប់សើម សសក មិនអាចជួយបាន សសក ជួយបានតែគ្រាប់ស្ងួត។ខាងខ្ញុំមិនទាន់ឃើញចំណាត់ការជាក់លាក់ណាមួយចេញដោយអាជ្ញាធរពាក់ព័ន្ធដោយអនុលោមតាមគោលនយោបាយជាតិស្តីពីចន្ទីនៅឡើយទេ។យើងចង់ឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការអនុវត្តគោលនយោបាយជាតិស្វាយចន្ទី ឱ្យបានឆាប់»។
លោក ប៉ែន ប៉ោសេង ប្រធានសមាគមស្វាយចន្ទីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការដាំដុះស្វាយចន្ទីនៅឆ្នាំនេះហាក់ប្រសើរជាងឆ្នាំ២០២២បន្តិច ប៉ុន្តែអាកាសធាតុនៅតែជាបញ្ហា ដែលអាចធ្វើឱ្យការប្រមូលផលស្វាយចន្ទីឆ្នាំនេះ មិនសូវជាប្រសើរជាងឆ្នាំមុនប៉ុន្មានទេ»។
លោកបានឱ្យដឹងទៀតថា មេឃត្រជាក់ មិនអំណោយផលដល់ដំណាំស្វាយចន្ទីទេ ព្រោះស្វាយចន្ទីត្រូវការអាកាសធាតុក្តៅ ទើបលូតលាស់បានល្អ ប៉ុន្តែអាកាសធាតុត្រជាក់ លាយឡំនឹងមានភ្លៀងធ្លាក់ផងនោះ នឹងធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ។តែយ៉ាងណាមិញ នៅមិនទាន់អាចព្យាករបានជាក់លាក់នៅឡើយទេ ព្រោះវាអាស្រ័យទៅលើពូជដែលកសិករដាំដុះ និងអាកាសធាតុនាពេលខាងមុខទៀត។
លោក ប៉ែន ប៉ោសេង បានបញ្ជាក់ថា៖«នៅក្នុងឆ្នាំ២០២២ មានទឹកភ្លៀងធ្លាក់ច្រើន តែឆ្នាំនេះថ្វីដ្បិតតែមេឃចុះត្រជាក់ តែមេឃមានកម្ដៅច្រើនជាង ប៉ុន្តែអាកាសធាតុត្រជាក់អូសបន្លាយនេះ វាធ្វើឱ្យចន្ទីចេញផ្កា ចេញក្តឹប មិនស្រុះគ្នា ដែលធ្វើឱ្យការប្រមូលផលត្រូវចំណាយពេលយូរ។ក្រៅពីបញ្ហាអាកាសធាតុហើយ បញ្ហាកើនឡើងនៃការចំណាយថ្លៃដើមទៅលើជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ក៏នៅជាបញ្ហាមួយទៀតសម្រាប់កសិករដែរ »។
ទោះជាជួបបញ្ហាទាំងនេះក៏ដោយ បើតាមតាមលោកប៉ែន ប៉ោសេង ខាងសមាគមស្វាយចន្ទីខេត្តកំពង់ឆ្នាំង តែងតែណែនាំ ដល់កសិករ ពីវិធីសាស្ត្រមួយចំនួន ក្នុងការកាត់បន្ថយការចំណាយបានមួយចំណែក។លោកក៏ស្នើឱ្យក្រសួងពាក់ព័ន្ធជំរុញការអនុវត្តគោលនយោបាយស្វាយចន្ទីឱ្យបានឆាប់ ដោយលោកយល់ឃើញថា គោលនយោបាយ មានការលើកទឹកចិត្តច្រើនដល់អ្នកដាំដុះស្វាយចន្ទី ជាពិសេសការពង្រីកទីផ្សារបន្ថែម។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុម័តលើសេចក្តីព្រាង “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដើម្បីអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ខណៈដែលបច្ចុប្បន្នផលិតផលស្វាយចន្ទីភាគច្រើនបាននាំចេញជាផលិតផលមិនទាន់បានកែច្នៃដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។
បើតាមក្រសួងកសិកម្ម ស្វាយចន្ទីជាដំណាំឧហ្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលឃើញមានភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តកោះកុង។ ដំណាំស្វាយចន្ទីក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប។