នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហាញពីពូជស្រូវឈ្មោះ «ចំប៉ី ស ៧០» ជាពូជស្រូវស្រាលក្រអូប ដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធ និង បង្កាត់អស់រយៈពេល ៩ ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍកសិកម្មកម្ពុជា (CARDI) តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវមានគុណភាពល្អប្រណីត ជាមួយនឹងស្រឡាយស្រូវ CNI9024 ដែលជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវមានដងដើមល្អមកពីប្រទេសចិន។
មិនតែប៉ុណ្ណោះឈ្មោះ «ចំប៉ី ស ៧០» នេះផងដែរ គឺជាឈ្មោះដែលផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ ២០២២ កន្លងទៅ ហើយក្រោយពីនោះមកវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍកសិកម្មកម្ពុជា (CARDI) បានបញ្ចេញ និង ផ្សព្វផ្សាយជូនដល់កសិករ។
អ្វីដែលកាន់តែពិសេសសម្រាប់ពូជស្រូវនេះ គឺវាមានអាយុកាលខ្លីអាចច្រូតកាត់បានក្នុងរយៈពេលពី ៩៣ ទៅ ៩៧ ថ្ងៃ ក្រោយសាបព្រោះគ្រាប់ស្រូវ ហើយកសិករក៏អាចដាំដុះពូជស្រូវ «ចំប៉ី ស ៧០» នេះនៅដើមរដូវវស្សា (ដំណាំទី ១ នៃរដូវ ឬ ស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទី ២ នៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និង រដូវប្រាំង) និង ដាំក្នុងលក្ខខណ្ឌប្រាំងស្រោចស្រពបានទៀតផង។
គួរបញ្ជាក់ដែរថា ពូជស្រូវ «ចំប៉ី ស ៧០» នេះអាចផ្ដល់ផលជាមធ្យមបាន ៤.៣ តោន ក្នុង ១ ហិកតា ហើយគ្រាប់អង្ករមានលក្ខណៈ ស ថ្លា វែងស្រឡូន មានប្រវែង ៧.៧ មីល្លីម៉ែត្រ និង បន្ទា ២.០៦ មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចនឹងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និង អន្ដរជាតិ៕