កសិករស្ត្រី គឺជាគោលដៅដ៏ចម្បងរបស់គម្រោងនេះ។ ក្នុងឆ្នាំ២០១៥ អុកស្វាមបានធ្វើការជាមួយអង្គការ រចនា និងអង្គការ ស្រែខ្មែរ បង្កើតគម្រោងមួយដែលមានឈ្មោះថា ក្រុមសេវាកសិកម្មដឹកនាំដោយស្ត្រី (Women-led Agriculture Service Team (WLAS)) ដើម្បីពង្រឹងសិទ្ធិអំណាចស្ត្រីនៅក្នុងវិស័យកសិកម្ម។ គោលបំណងរបស់គម្រោងនេះ គឺធ្វើយ៉ាងណា ធានាឱ្យបាននូវសន្តិសុខស្បៀង និងបង្កើនចំណូលដល់គ្រួសារ តាមរយៈការប្រើប្រាស់គោលការណ៍បច្ចេកទេសដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ និងផ្សារភ្ជាប់សេវារបស់ពួកគេទៅនឹងទីផ្សារ។ រូបថត៖ Chiy Van Dim/RACHANA
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្មធន់នឹងអាកាសធាតុ
ជាសមាជិកមួយរូបនៃក្រុមសេវាកសិកម្មដឹកនាំដោយស្ត្រី ប្រចាំស្រុកទ្រាំង ខេត្តតាកែវ លោកស្រី ប៉ុក ចន្ទវាសនា បានចូលសិក្សាវគ្គបណ្តុះបណ្តាលផ្តោតទៅលើផលិតកម្មដំណាំស្រូវ និងការចិញ្ចឹមមាន់។ បច្ចុប្បន្ន គាត់អាចប្រមូលផលស្រូវពីរដងក្នុងមួយឆ្នាំ ហើយឆ្នាំខ្លះរហូតដល់ទៅបីដងផង។ ក្រៅពីស្រូវ គាត់ដាំឪឡឹកបង្វិលលើដីស្រែបន្ទាប់ពីច្រូតស្រូវបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ គាត់ចេះចាក់ថ្នាំវ៉ាក់សាំងឱ្យមាន់របស់គាត់ដើម្បីទប់ស្កាត់ការឆ្លងជំងឺ និងចេះអំពីរបៀបផ្សំចំណីដែលធ្វើអោយមាន់ឆាប់ធំធាត់លឿន និងរក្សាមាន់ដាក់ក្នុងទ្រុងឱ្យបានត្រឹមត្រូវផងដែរ។
ដោយអនុវត្តនូវបច្ចេកទេសថ្មីដែលគាត់បានរៀនចេះខាងលើនេះ លោកស្រី ចន្ទវាសនាអាចរកចំណូលបានជិត ១ ០០០ដុល្លារអាមេរិក ពីការបម្រូលផលស្រូវមួយដង និងការលក់មាន់របស់គាត់ ហើយថ្មីៗនេះគាត់មានលទ្ធភាពទិញដីបីហិកតាបន្ថែមទៀត។ ប្រៀបធៀបទៅនឹងការរស់នៅកាលពីបីឆ្នាំមុន គុណភាពនៃជីវភាពរបស់គ្រួសារគាត់មានភាពប្រសើរជាងមុនគួរឱ្យកត់សម្គាល់។ ដោយឃើញថាគ្រួសាររបស់គាត់មានសន្តិសុខស្បៀងហើយ លោកស្រី ចន្ទវាសនា ឥឡូវនេះអាចផ្ចង់ការយកចិត្តទុកដាក់ទៅលើការទំនុកបម្រុងកូនរបស់គាត់ ឱ្យឈានទៅទទួលបានការអប់រំកម្រិតខ្ពស់។
លោកស្រី សយ សុខុម និងប្តីរបស់គាត់ ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលរបស់អង្គការរចនា តាំងពីឆ្នាំ២០១៦ មក។ លោកស្រីមានប្រសាសន៍ថា៖ «មុននឹងទទួលការបណ្តុះបណ្តាលនេះ ខ្ញុំអត់ចេះទេថាតើគួរដាំបន្លែរបៀបណានៅក្នុងរដូវប្រាំង។ កាលនោះខ្ញុំអាចដាំបន្លែបានតែមួយដង ឬពីរដងទេ ក្នុងមួយឆ្នាំ ដោយសារអត់មានទឹកគ្រប់គ្រាន់។»
ប្រភពស្បៀង និងការចិញ្ចឹមជីវិតកាន់តែមានចីរភាព
ឆ្លងតាមការបណ្តុះបណ្តាល គូស្វាមីភរិយានេះ សព្វថ្ងៃចេះរបៀបជ្រើសរើសប្រភេទបន្លែយកមកដាំឱ្យត្រូវតាមលក្ខខណ្ឌធាតុអាកាស។ ពួកគាត់ដឹងថាអាចដាំត្រកួនបានពេញមួយឆ្នាំដោយសារបន្លែប្រភេទនេះមិនត្រូវការទឹកច្រើនទេ។ សម្រាប់ផលដំណាំមួយមុខៗ ឥឡូវនេះលោកស្រីអាចលក់បានប្រាក់ជិត ៥០០ ០០០រៀល (ប្រហែល ១២៥ដុល្លារ)។ ក្រៅពីនោះ គាត់ និងប្តីរបស់គាត់ចិញ្ចឹមមាន់ថែមទៀត ដើម្បីបំពេញឱ្យប្រភពស្បៀង ដោយអាចរកលុយបាន ពី ៥០ដុល្លារ ទៅ ១០០ដុល្លារ ថែមទៀត។
លោកស្រី ចេង ស្រីម៉ាច និងប្តីរបស់គាត់ សម សារី បានប្តូរពីការចិញ្ចឹមជ្រូកមកចិញ្ចឹមមាន់វិញ ក្រោយពីបានទទួលការបណ្តុះបណ្តាលពីអង្គការរចនា។ នាង ស្រីម៉ាច បានបង្រៀនគ្រួសាររបស់គាត់ឱ្យជាន់ជើងលើកំបោរសជាមុនសិន មុននឹងឈានជើងចូលទ្រុងមាន់ ដើម្បីបង្ការការឆ្លងជំងឺដល់មាន់ដែលនៅក្នុងទ្រុង។
ជាផ្នែកមួយនៃគម្រោងនេះដែរ ក្រុមសន្សំប្រាក់ដើម្បីផ្លាស់ប្តូរមួយត្រូវបានបង្កើតឡើងនៅក្នុងភូមិ ក្នុងគោលបំណងដើម្បីជួយធានាឱ្យមានសន្តិសុខស្បៀង និងហិរញ្ញវត្ថុ។ អ្នកភូមិអាចសន្សំប្រាក់សម្រាប់ប្រើប្រាស់ក្នុងករណីត្រូវការបន្ទាន់ ព្រមទាំងសម្រាប់វិនិយោគទៅលើការទិញពូជស្រូវមានគុណភាពល្អ ពូជមាន់ និងជីសរីរាង្គ ដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ការធ្វើកសិកម្មខ្នាតតូចដែលដឹកនាំដោយស្ត្រី មានភាពប្រសើរជាងមុនគួអោយកត់សំគាល់ ដោយសារតែគម្រោង និងគោលការណ៍នប្រកបដោយការច្នៃប្រឌិត ព្រមទាំងបានជំរុញឱ្យកសិករកាន់តែមានសមត្ថភាពធន់ជាងមុនទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។