លោក ហ៊ុន ម៉ា​ណែ​ត៖ ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤ នឹង​អាច​ទាក់ទាញ​ទេសចរ និង​វិនិយោគិន​ចិន​មក​កម្ពុជា​ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


លោក ហ៊ុន ម៉ា​ណែ​ត៖ ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤ នឹង​អាច​ទាក់ទាញ​ទេសចរ និង​វិនិយោគិន​ចិន​មក​កម្ពុជា​

 លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មាន​សុទិដ្ឋិនិយម​ថា ការរៀបចំ «​ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤» នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​បន្ថែមទៀត ក្នុងការ​ស្រូប​ទាញ​នូវ​កំណើន​ភ្ញៀវទេសចរ និង វិនិយោគិន​ចិន​មក​ទស្សនា និង​បណ្ដាក់ទុន​ធុរកិច្ច​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត ហើយ​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​។



ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ តាមរយៈ​សារលិខិត​ក្នុងឱកាស​អបអរសាទ​រ​ពិធី​បើក “​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤» ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៤​។

លោក​បញ្ជាក់ថា​៖ «​ជាការ​ពិត ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ បានចាប់ផ្តើម និង​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ មិនតិចជាង​ពីរ​សហស្ស​វត្សរ៍​នោះទេ គិត​ចាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​រាជទូត​ចិន មក​កម្ពុជា​លើកដំបូង​ក្នុងសម័យ​ហ្វូណន​»​។

លោក​បន្តថា ក្រោយមក​ក្នុងសម័យ​ទំនើប​នេះ ក្រោម​ការដឹកនាំ​របស់ សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង លោក​ប្រធាន ម៉ៅ សេទុង ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ចិន បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា នា​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨ រៀង​រហូតមក​។

ក្នុង​ស្មារតី​បន្ត​មរតក​នៃ​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​នេះ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ព្រះមហាក្សត្រ​កម្ពុជា បាន​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​ថ្នាក់ដឹកនាំ​ចិន ជា​បន្តបន្ទាប់ រហូត​បាន​លើកកម្ពស់​ទំនាក់ទំនង​នេះ​ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ចាប់តាំងពី​ឆ្នាំ​២០១០​មក​។

ក្នុងន័យនេះ លោក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ ដែល​បន្តវេន​ដឹកនាំ​នាវា​កម្ពុជា​នាពេល​បច្ចុប្បន្ន បាន​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ឥត​រារែក​នូវ​គំនិត​ផ្តួចផ្ដើម​ស្ដីពី «​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ និង​ផ្លូវ​» សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​រដ្ឋាភិបាល​ចិន​។

បន្ថែម​ពីលើ​នេះ ក្នុងនាម​ជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ កម្ពុជា និង​ចិន បន្ត​មាន​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ល្អប្រសើរ និង​មាន​កិច្ចសហប្រតិបត្តិការ ដ៏​ជិតស្និទ្ធ ហើយ​កំពុង​រីកចម្រើន​លើ​វិស័យ​នានា​ជាច្រើន​។ ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ស្អិតរ​មួ​ត និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ដ៏​មមាញឹក​គ្រប់​ជាន់ថ្នាក់​ក្នុង​បណ្តា​ឆ្នាំ​ថ្មីៗ​នេះ ជាពិសេស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ខ្ញុំ ជា​លើកដំបូង​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ទៅកាន់​ប្រទេស​ចិន រដ្ឋធានី​ប៉េកាំង កាលពី​ថ្ងៃទី ​១៤-១៧ ខែកញ្ញា ឆ្នាំ​ ២០២៣ កន្លងទៅនេះ​។ ជា​លទ្ធផល ភាគី​ទាំងពីរ​បានប្រកាស​បង្ហា​ញ​ជំហរ​ដូចគ្នា​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការបន្ត​រក្សា​ចំណង​ទំនាក់ទំនង​ដែកថែប និង​ការពារ​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​ខ្លឹមសារ​នៅក្នុង​សារលិខិត​។

លោក​ ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖«​ក្នុង​បរិការណ៍​នេះ ការរៀបចំ “​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤” នឹង​រួមចំណែក​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​ចំណង​ទំនាក់​ទំនងជា​អ្នកជិតខាង​ល្អ និង​ពង្រីក​វិសាលភាព​កិច្ចសហប្រតិបត្តិការ “​ខ្សែក្រវាត់ និង​ផ្លូវ​” ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន និង​ទេសចរណ៍​រវាង​ប្រជាជាតិ​ទាំងពីរ​»​។

ជាពិសេស នឹង​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ជំរុញ​ការផ្លាស់ប្ដូរ​ក្នុងចំណោម​យុវជន និង​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​សម្រេច​ឱ្យបាន​នូវ​ការកសាង​សហគមន៍​ជោគវាសនា​រួមគ្នា​រវាង​កម្ពុជា​-​ចិន​ផងដែរ​។

ឆ្លៀត​ក្នុងឱកាស​នេះ លោកនាយក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បងប្អូន​ជនរួមជាតិ​ទាំងអស់ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ឱ្យបាន​ផុសផុល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​ការរៀបចំ​ព្រឹត្តិការណ៍ «​ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន​» ពេញ​មួយឆ្នាំ​២០២៤​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ផ្លែផ្កា និង​ទទួលបាន​លទ្ធផល ជាទី​គាប់ប្រសើរ​៕​

Post Bottom Ad


Home Pages