ស្វាយរៀងៈ ខេត្តស្វាយរៀងជាខេត្តទី៨ ដែលត្រូវបានប្រកាសថាជាខេត្តអស់មីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ស្របពេលដែលមន្ត្រីរាជរដ្ឋាភិបាលអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតំបន់ហានិភ័យត្រូវបន្តប្រុងប្រយ័ត្នចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ពិធីប្រកាសខេត្តស្វាយរៀងអស់គ្រាប់មីននៅថ្ងៃទី២០ កុម្ភៈ
ការប្រកាសបែបនេះត្រូវបានធ្វើឡើងនៅសាលាខេត្តស្វាយរៀងនាព្រឹកពីថ្ងៃទី២០ខែកុម្ភៈក្រោមអធិបតីលោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោក លី ធុជ អនុប្រធានអាជ្ញាធរមីន រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ទោះបីខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីនក៏ពិតមែន ប៉ុន្តែខេត្តនេះទាំងមូលនៅបន្តរងការគំរាមដោយសារគ្រាប់បែកចង្កោមនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតក្នុងទំហំផ្ទៃដីសង្ស័យប្រមាណជាង១០៩គីឡូម៉ែត្រការ៉េស្មើនឹង៧៧១ចម្ការគ្រាប់ទៀត ។
លោកបានថ្លែងថា៖ «ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាជនខេត្តស្វាយរៀងទាំងមូលបានទទួលសេរីភាពរួចចាកផុតពីការគំរាមកំហែងដោយសារមីន ហើយក្នុងនាមជាអាជ្ញាធរមីនសូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់កម្ពុជានិងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌រយៈពេល៣០ឆ្នាំមកនេះ»។
លោកបានបន្តថា មនុស្សគ្រប់គ្នាក៏មិនអាចបំភ្លេចបានដែរចំពោះវីរភាពរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ជាពិសេសវីរបុរស-វីរនារីដោះមីន ដែលបានបំពេញការងារទាំងប្រថុយជីវិត ក្នុងការជួយសង្គ្រោះជីវិត និងរំដោះផ្ទៃដីជូនពលរដ្ឋសម្រាប់កសាងភូមិឋាន ធ្វើស្រែចម្ការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានឱ្យដឹងថា ខេត្តស្វាយរៀង ប្រតិបត្តិករបានបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងទំហំផ្ទៃដីសរុប ៤១គីឡូម៉ែត្រការ៉េ ស្មើនឹង ៤១៩ចម្ការមីន/គ្រាប់ ដោយរកឃើញនិងបានកម្ទេចចោលមីនប្រឆាំងមនុស្ស ៣ ៥៦៩គ្រាប់,មីនប្រឆាំងរថក្រោះ១៣២គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន៧១ ៨៤៣គ្រាប់។
ជាមួយគ្នានេះ ក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានបោសសម្អាតមីនចុងក្រោយនិងប្រកាសជាខេត្តអស់មីននាពេលនេះក្នុងទំហំផ្ទៃដីសរុប ១២គីឡូម៉ែត្រការ៉េ ស្មើនឹង១៣៩ចម្ការមីន ដោយរកឃើញនិងបានកម្ទេចចោលមីនប្រឆាំងមនុស្ស១ ០២៣គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន២៩៩គ្រាប់។
នាឱកាសនោះ លោកស្រី ម៉ែន សំអន បានលើកឡើងដែរថា ទោះបីជាខេត្តស្វាយរៀងត្រូវបានប្រកាសថាជាខេត្តអស់មីនទី៨នៅទូទាំងប្រទេសក្ដី តែពលរដ្ឋដែលរស់នៅតាមតំបន់នៅមានហានិភ័យត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ។
លោកស្រីបានបញ្ជាក់ថា៖ «ប្អូនៗ ក្មួយៗ និងប្រជាពលរដ្ឋទាំងអស់ បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថាជាសំណល់ជាតិផ្ទុះពីសង្គ្រាមសូមកុំប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធ
រមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត»។
លោកស្រី ម៉ែន សំអន បានបន្តថា ជាមួយនេះដែរពលរដ្ឋទាំងអស់មិនត្រូវទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនេះជាអំពើល្មើសច្បាប់ ហើយកុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្ត្រច្បាស់ ឬសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ទន្ទឹមនឹងនោះដែរអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)លោកហេង រតនា បានថ្លែងថា ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ«ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម»នេះ
CMACបានចាប់ផ្ដើមពង្រាយកម្លាំងប្រតិបត្តិការចាប់ពីដើមខែសីហាឆ្នាំ២០២២និងបានបញ្ចប់ជាស្ថាពរនៅចុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
លោកបានបញ្ជាក់ថា៖«លទ្ធផលនៃកិច្ចប្រតិបត្តិការនេះជាសមិទ្ធផលចុងក្រោយក្នុងកិច្ចប្រតិបត្តិការដែលត្រូវបានបិទបញ្ចប់តំបន់មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តស្វាយរៀងទាំងស្រុង»។
បើតាមលោក ហេង រតនា ខេត្តស្វាយរៀងមានចម្ការមីនសរុបចំនួន៤៦៦កន្លែង ដោយអង្គភាពCMACបានបោសសម្អាតចម្ការមីនទាំងនោះចាប់ពីឆ្នាំ១៩៩៤-២០២២ ហើយបានរកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១ ៤០០គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន១៧គ្រាប់,គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន៧ ១៦៦គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៦ ២៦០គ្រាប់។
លោកថាកិច្ចប្រតិបត្តិការនេះបានសម្រេចរំដោះខេត្តស្វាយរៀងពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស១០០ភាគរយដូចនេះខេត្តស្វាយរៀង និងក្លាយជា «ខេត្តគ្មានគ្រាប់មីន»។
ចំណែកអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ក៏បានថ្លែងដែរថា ការប្រកាសខេត្ដស្វាយរៀងជាខេត្ដអស់មីន នេះជាសញ្ញាវិជ្ជមានមួយបន្ថែមទៀតលើការងារសន្ដិសុខសណ្ដាប់ធ្នាប់និងសក្ដានុពលរបស់ខេត្ដដែលទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគមកបណ្ដាក់ទុន បង្កើតរោងចក្រ សហគ្រាស ជាបន្ដបន្ទាប់។
លោកថា៖ «ក្នុងនាមរដ្ឋបាលខេត្ដ ខ្ញុំមានសុទិដ្ឋិនិយមថា ការប្រកាសខេត្ដស្វាយរៀង ជាខេត្ដអស់មីន នឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ដីធ្លីរបស់ខ្លួនសម្រាប់ការងារបង្កបង្កើនផលឱ្យអស់លទ្ធភាពប្រកបដោយសុវត្ថិភាព លុបបំបាត់ភាពភ័យខ្លាចនានា ការគំរាមកំហែងផ្សេងៗដែលអាចបង្កឡើងដោយសារមីន»។
លោកអភិបាលខេត្ត បានបង្ហាញការជឿជាក់ថា អ្នកវិនិយោគនឹងកាន់តែមានក្ដីរីករាយនិងទំនុកចិត្ដក្នុងការពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួននៅតាមភូមិសាស្ដ្រនានាក្នុងខេត្ដស្របនឹងចក្ខុវិស័យរបស់រដ្ឋបាលខេត្តក្នុងការពង្រីកវិសាលភាពពីក្នុងតំបន់តែ១ ឱ្យពង្រាយតាមបណ្ដាក្រុងស្រុកផ្សេងទៀតនៅទូទាំងខេត្ត៕