ភ្នំពេញៈ សាច់ជ្រូកនិងសរីរាង្គជ្រូកបង្កកជិត ២ តោន ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដុតបំផ្លាញចោល ក្រោយពីរកឃើញមានមេរោគប៉េស្តជ្រូកអាហ្រ្វិក និងនាំ ចូលដោយគ្មានការអនុញ្ញាត។
បុរសម្នាក់លើកបង្ហាញត្រីដែលចាប់នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃម្សិលមិញថា កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមការងាររបស់លោកបានសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដុតបំផ្លាញចោលសាច់ជ្រូកនិងសរីរាង្គជ្រូកបង្កកសរុប ១ ៧៦០ គីឡូក្រាម ដែលមានផ្ទុកមេរោគប៉េស្តជ្រូកអាហ្រ្វិក។
លោកថ្លែងថា៖ «ពេលនេះសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណក្រុមហ៊ុនដែលនាំចូលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក ដែលមានផ្ទុកមេរោគប៉េស្តជ្រូកអ្រាហ្វិកទាំងនោះ ដើម្បីចាត់វិធានការតាមច្បាប់»។
បើតាមលោក ផាន អូន សាច់ជ្រូក និងសរីរាង្គជ្រូកបង្កកដែលមានផ្ទុកមេរោគប៉េស្តជ្រូកអ្រាហ្វិកទាំងនោះត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.បនៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ក្រាបនិងរឹបអូស ពីបណ្ដាទីតាំងស្តុក និងលក់ចែកចាយនូវសាច់សត្វស្រស់ និងបង្កកមួយចំនួនក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
យ៉ាងណាក៏ដោយ ការឈានទៅបង្ក្រាបករណីនេះគឺក្រុមមន្ត្រីជំនាញនៃក្រសួងទាំង ២ ខាងលើបានចំណាយពេលស៊ើប អង្កេតប្រមាណជិត ១ សប្ដាហ៍។
នេះបើតាម លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកាលពីថ្ងៃទី ១៩ កុម្ភៈ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ត៍ថា ដោយមានកិច្ចសហការពីមន្ត្រីជំនាញ ក.ប.ប កម្លាំងអន្តរាគមន៍របស់នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះដល់ទីតាំងស្តុកទុក និងចែកចាយផលិតផលទាំងនោះបន្ទាប់ពីសង្ស័យថា សាច់សត្វទាំងនោះមានផ្ទុកនូវសារធាតុគីមីហាមឃាត់ឬកង្វះអនាម័យដែលនាំឱ្យឆ្លងរោគផ្សេងៗនិងមិនមានភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងរក្សាស្តុកទុក សាច់ស្រស់ឬបង្កក។
លោកបានបញ្ជាក់ថា៖ «ដូចអ្វីដែលក្រុមការងារយើងសង្ស័យក្រោយការចុះត្រួតពិនិត្យដំបូងយើងរកឃើញទីតាំងស្តុកទុកនិងលក់ផលិតផលសាច់សត្វស្រស់ និងបង្កកទាំងនោះគ្មានការអនុញ្ញាតពីមន្ត្រីនៃអង្គភាពជំនាញពាក់ព័ន្ធនោះទេ ហើយផលិតផលសាច់សត្វទាំងនោះក៏គ្មានប្រភពដើមច្បាស់លាស់នោះដែរ»។
លោកបានបន្តថា បន្ទាប់ពីរកឃើញភាពមិនត្រឹមត្រូវទាំងនេះ ក្រុមសមត្ថកិច្ចជំនាញនៃស្ថាប័នទាំង ២ បានសម្រេចដកហូតផលិតផលសាច់និងសរីរាង្គជ្រូកទាំងនោះយកមករក្សាទុកបណ្ដោះអាសន្ននៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម។ តាមរយៈមន្ទីរពិសោធន៍វីរុសសាស្ត្រនៃក្រសួងកសិកម្ម សាច់ និងសរីរាង្គជ្រូកទាំងនោះត្រូវបានរកឃើញមានផ្ទុកមេរោគ «ប៉េស្តជ្រូកអាហ្រ្វិក» ដែលតម្រូវឱ្យដុតបំផ្លាញចោលជាបន្ទាន់ កាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ នៅទីលានចាក់សំរាមក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចៀសវាងការឆ្លងរាតត្បាត ដល់សត្វចិញ្ចឹមក្នុងស្រុក និងប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។
លោកបន្ថែមថា៖ «ម្ចាស់ទីតាំងអាជីវកម្មស្តុកទុកនិងលក់សាច់ស្រស់និងបង្កកទាំងនោះត្រូវបានណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការទិញលក់ផលិតផលសាច់ដែលគ្មានប្រភពច្បាស់លាស់និងត្រូវស្នើសុំច្បាប់អនុញ្ញាតធ្វើអាជីវកម្មទិញលក់ផលិតផលសាច់សត្វ ពីក្រសួង មន្ទីរជំនាញឱ្យបានត្រឹមត្រូវ»។
ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា លោក សាន់ ចាន់ថេត នៅថ្ងៃទី ១៩ ខែកុម្ភៈ បានសាទរពោះចំណាត់ការរបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវបង្ក្រាបរឹបអូសនិងដុតបំផ្លាញផលិផលសាច់និងសរីរាង្គជ្រូកបង្កកដែលត្រូវបានក្រុមជនខិលខូចលួចនាំចូលដោយខុសច្បាប់មកក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលា។
លោកបានថ្លែងថា៖ «ជាបឋមខ្ញុំសូមស្វារគមន៍គាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់សមត្ថកិច្ចជំនាញ។ ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្តដល់សមត្ថកិច្ចក្នុងការដាក់ទោសទណ្ឌចំពោះជនប្រព្រឹត្តបទល្មើសទៅតាមច្បាប់ជាធរមានដើម្បីការពារអត្ថប្រយោជន៍ដល់អ្នកជំនួញស្របច្បាប់ ក៏ដូចជាអ្នកចិញ្ចឹមសត្វក្នុងស្រុក រួមទាំងការពារដល់សុខុមាលភាពអ្នកបរិភោគនៅកម្ពុជា»។
យោងតាមមាត្រា ១១៥ នៃច្បាប់ស្ដីពីសុខភាពសត្វ និងផលិតផលសត្វ ត្រង់ចំណុចទី ៥ ការនាំចូលដោយចេតនានូវផលិតផលសត្វដែលមានជំងឺឆ្លង ឬផ្ទុកមេរោគបង្កជំងឺខូច គុណភាព ឬបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វមកក្នុងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ៥០ លានរៀល៕