កូរ៉េ​ខាងជើង​ថា ខ្លួន​បាញ់​មីស៊ីល​ដើម្បី​សងសឹក​ចំពោះ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េ​ខាងត្បូង - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


កូរ៉េ​ខាងជើង​ថា ខ្លួន​បាញ់​មីស៊ីល​ដើម្បី​សងសឹក​ចំពោះ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េ​ខាងត្បូង

 ទីក្រុងសេអ៊ូល — 

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយ​ខ្លួន​បាន​បញ្ជាក់​ភ្លាមៗ​យ៉ាង​ច្បាស់​ថា​ជា​ការ​សងសឹក​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​ផ្លូវ​អាកាស​រួម​គ្នា​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​អាទិត្យ។ សមយុទ្ធ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​នោះ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ B-1B ពីរ​គ្រឿង​ និង​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35។


ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង បាន​រាយការណ៍​ដោយ​មិន​បង្អែរបង្អង់​យូរ​ថា ការធ្វើ​សមយុទ្ធ​បាញ់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ពី​តំបន់​ជួរ​មុខ​នៅ​ភាគ​ខាង​លិច​នេះ​មាន​បំណង​បាញ់​រ៉ុក្កែត​ដែល​មាន​អង្កត់ផ្ចិត ៦០០ មីលីម៉ែត្រ​ចំនួន​ពីរ​គ្រាប់​សំដៅ​គោលដៅ​ដែល​មាន​ចម្ងាយ៣៩៥ គីឡូ ម៉ែត្រ​និង ៣៣៧ គីឡូម៉ែត្រ​នៅ​ភាគ​ខាង​កើត។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​បន្ថែម​ថា គ្រាន់តែ​រ៉ុក្កែត​នេះ​តែ៤គ្រាប់​ប៉ុណ្ណោះ គឺ​អាច​បំផ្លាញ​វាល​យន្តហោះ​មួយ​បាន ដោយសារ​រ៉ុក្កែត​នេះ​អាច​បន្តុប​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​បាន។


ក្រុម​នាយ​សេនាធិការ​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ខ្លួន​បាន​ចាប់​សញ្ញា​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ដែល​បាញ់​នៅ​ចន្លោះ​ម៉ោង៧ព្រឹក​ទៅ​ម៉ោង៧ និង ១១ នាទី​ព្រឹក​ចេញ​ពី​តំបន់ Sukchon នៅ​ភាគ​ខាង​ជើង​រដ្ឋធានី​ព្យុងយ៉ាង​នៃ​ប្រ​ទេស​កូរ៉េ​ខាង​ជើង ចូល​ទៅ​ក្នុង​ដែន​ទឹក​ភាគ​ខាង​កើត​នៃ​ឧបទ្វីប​កូរ៉េ។

លោកស្រី Kim Yo Jong ដែល​ជា​អនុ​ប្រធាន​នាយកដ្ឋាន​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «យើង​ដឹង​យ៉ាង​ច្បាស់​អំពី​សកម្មភាព​របស់​មធ្យោបាយ​វាយ​ប្រហារ​បែប​យុទ្ធសាស្ត្រ​នៃ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ»។

លោក​ស្រី​បាន​បន្ថែម​ថា៖ «ភាព​ញឹកញាប់​នៃ​ការ​ប្រើ​តំបន់​ប៉ាស៊ីហ្វិក​ជា​រង្វង់​នៃ​ការ​បាញ់​របស់​យើង​គឺ​អាស្រ័យ​លើ​សកម្មភាព​របស់​កង​កម្លាំង​សហរដ្ឋ​អាមេរិក»៕

Post Bottom Ad


Home Pages