នៅក្នុងប្រទេសស៊ីរី មានមនុស្សស្លាប់ចំនួន ១៥នាក់នៅក្រោមការវាយប្រហាររបស់អ៊ីស្រាអែលលើអាគារស្នាក់នៅមួយក្នុងទីក្រុងដាម៉ាស់។ តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី សង្កាត់ដែលបានរងការវាយប្រហារជាតំបន់ដែលមានសន្តិសុខខ្ពស់ព្រោះមានវត្តមានមជ្ឈមណ្ឌលវប្បធម៌អ៊ីរ៉ង់ និងទីស្នាក់ការរបស់ស្ថាប័នសន្តិសុខជាច្រើន ពិសេសស្ថាប័នស៊ើបការណ៍សម្ងាត់។ ជាទូទៅ អ៊ីស្រាអែលកម្រធ្វើអត្ថាធិប្បាយលើការវាយប្រហាររបស់ខ្លួនលើប្រទេសស៊ីរី។
តាមក្រសួងការពារជាតិស៊ីរី ការវាយប្រហាររបស់អ៊ីស្រាអែលបានសំដៅលើទីតាំងជាច្រើននៅក្នុង និងនៅតំបន់ជុំវិញទីក្រុងដាម៉ាស់។ បើផ្អែកលើរូបភាពផ្សព្វផ្សាយដោយទីភ្នាក់ងាររដ្ឋស៊ីរីឈ្មោះ Sana មានអាគារស្នាក់នៅមួយត្រូវបានបំផ្លាញសឹងទាំងស្រុងដោយមានមួយភាគធំបានបាក់រលំ។ ក្រសួងការពារជាតិស៊ីរីបានលើកឡើងពីតុល្យការបណ្តោះអាសន្នដោយមានស្លាប់ចំនួន ៥នាក់ ក្នុងនោះមានទាហានមា្នក់ និងរបួស ១៥នាក់។ តែអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានលើកឡើងពីចំនួនស្លាប់ ១៥នាក់ដែលភាគច្រើនជាស៊ីវិល។
តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដដែល អាគារដែលបានរងការវាយប្រហារស្ថិតក្បែរមជ្ឈមណ្ឌលវប្បធម៌អ៊ីរ៉ង់ និងទីតាំងរបស់កម្លាំងស្វាយត្រានអ៊ីរ៉ង់ រួមទាំងកម្លាំងហេស្បូឡាលីបង់។ គួរបញ្ជាក់ថា តាំងពីស៊ីរីធ្លាក់ក្នុងសង្រ្គាមហែកហួរផ្ទៃក្នុងកាលពីឆ្នាំ ២០១១ អ៊ីស្រាអែលតែងបានវាយប្រហារផ្លូវអាកាសលើស៊ីរីដោយសំដៅជាពិសេសលើផ្ទាំងស៊ីបទ័ពរដ្ឋាភិបាលស៊ីរី កម្លាំងស្វាយត្រានអ៊ីរ៉ង់ និងកម្លាំងហេស្បូឡាលីបង់ដែលជាសម្ព័ន្ធមិត្តរបស់របបស៊ីរី។
ជាទូទៅ អ៊ីស្រាអែលមិនសូវនិយាយពីការវាយប្រហាររបស់ខ្លួនលើស៊ីរីដែលជាប្រទេសជិតខាងទេ។ តែតែងបញ្ជាក់ថា អ៊ីស្រាអែលនឹងមិនទុកឲ្យអ៊ីរ៉ង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្បែរព្រំដែនអ៊ីស្រាអែលជាដាច់ខាត។ នៅដើមខែមករាកន្លងទៅ អ៊ីស្រាអែលបានវាយប្រហារលើទីតាំងរបស់កម្លាំងគាំទ្រអ៊ីរ៉ង់ និងពួកហេស្បូឡាលីបង់នៅអាកាសយានដ្ឋានក្រុងដាម៉ាស់ និងនៅតំបន់ជុំវិញអាកាសយានដ្ឋាន រួមទាំងឃ្លាំងស្តុកអាវុធមួយកន្លែង។ ការវាយប្រហារកាលណោះត្រូវបានរដ្ឋាភិបាលស៊ីរីថ្កោលទោសដោយបរិហារជាទង្វើឧក្រិដ្ឋកម្មថ្មីរបស់អ៊ីស្រាអែល និងបានអំពាវនាវឲ្យអង្គការសហប្រជាជាតិចាត់វិធានការបន្ទាន់ដើម្បីផ្តន្ទាទោសលើក្រុមអ្នកទទួលខុសត្រូវ៕