លោក​ ហ៊ុន​ សែន​៖​ទំ​នាក់​ទំនង​កម្ពុជា ​និង​បារាំង​ឈាន​ដល់​កម្រិត​បុគ្គល​និង​បុគ្គល​ក្នុង​ភាព​ជា​បង​ប្អូន - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


លោក​ ហ៊ុន​ សែន​៖​ទំ​នាក់​ទំនង​កម្ពុជា ​និង​បារាំង​ឈាន​ដល់​កម្រិត​បុគ្គល​និង​បុគ្គល​ក្នុង​ភាព​ជា​បង​ប្អូន

 លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​អះ​អាង​ថា​ ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​បារាំង​មាន​កម្រិត​លើស​ពី​ប្រទេស​ និង​ប្រទេស ​ឈាន​ដល់​កម្រិត​បុគ្គល ​និង​បុគ្គល​ប្រៀប​ដូចជា​បង​ប្អូន​នឹង​គ្នា​។​ ការ​អះ​អាង​យ៉ាង​ដូច្នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​ការ​លើក​ឡើង​របស់​ លោក​ សម​ រង្ស៊ី​ ដែល​កាល​ពី​ចុង​ឆ្នាំ​មុន ​លោក​បាន​បរិហារ្ត៍ថា ​លោក ​ហ៊ុន ​សែន​ ឆ្លៀត​ប្រើ​តួនា​ទី​ជា​ប្រធាន​អាស៊ាន​ទៅ​សុំ​ជួប​ប្រធានា​ធិប​តី​បារាំង​នៅវិ​មាន​អេលិសហ្សេ​។ 




នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​នៅ​ព្រឹក​ថ្ងៃទី២០កុម្ភៈ លោកប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឲ្យ​ប្រទេស​បារាំងមុខ​មកបញ្ជាក់​ពីលើ​អ្វី​ដែល​ លោក សម រង្ស៊ី ​កាលពីចុងឆ្នាំមុន ​​បាន​បរិហារ្ត៍ថា លោក ហ៊ុន សែន ឆ្លៀតយក​តួនាទីជាប្រធានអាស៊ានទៅសុំជួប​ប្រធានាធិបតី​បារាំងនៅវិមានអេលិហ្សេ។

សម្រាប់​លោក ហ៊ុន សែន គឺលោក​បាន​មិនសុំទៅសុំជួបប្រធានាធិបតីបារាំងនោះឡើយ ខណៈ​លោក​អះអាងថាទំនាក់ទំនងរវាងកម្ពុជា និងបារាំងពេលនេះ បានឈានដល់កម្រិតបុគ្គល និង​បុគ្គល ប្រៀបដូចជាបងប្អូនដោយលោក​ចាត់​ទុក​លោក អេម៉ានុយអែល ម៉ាក្រុង គឺជាប្អូនធម៌។

ការអះអាងថា​យ៉ាងដូច្នេះ​ដោយ​លោក ហ៊ុន សែន គូសបញ្ជាក់ថា លោកមានលេខទំនាក់​ទំនងផ្ទាល់​ជាមួយលោកអេម៉ានូអែល ម៉ាក្រុង ចំនួន៣ប្រព័ន្ធ គឺតាមតេឡេក្រាម WhatsApp និងSignal ។

បើតាម​លោកប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​តែងតែ​មាន​ទំនាក់ទំនង​ជាមួយ​លោក អេម៉ានូអែល​ជាញឹក​ញាប់​ទាំង​ក្នុង​ក្របខណ្ឌ​ប្រទេស​ និង​ប្រទេស ពិសេស​ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គលថែមទៀត​ផង ដោយភាគីទាំងពីរ​សន្យាថា ​ហៅគ្នាត្រឹម​តែជាឈ្មោះ សែន និងអេម៉ានូអែល ប៉ុណ្ណោះ។ លោក ហ៊ុន សែន អះអាងថា​លោក​តែង​តែ​ផ្ញើសារ​ទៅលោក​អេម៉ានូអែល ជាភាសាអង់គ្លេស និងជួនកាលមាន​សហការីរបស់លោកជួយ​សរសេរ​ជាភាសាបារាំង។ លោកថា ជាការឆ្លើយតប លោក​អេម៉ានុយអែល បានសរសេរជាភាសាខ្មែរ​មកវិញ​តាមរយៈ​អ្នក​ធ្វើ​ការ​នៅ​វិមាន​អេលិហ្សេ​ជាជនជាតិខ្មែរ។ នេះគឺជាអ្វី​ដែល លោក ហ៊ុន សែន អះអាងថា លោកមានទំនាក់​ទំនងដល់កម្រិតបុគ្គលក្នុង​ភាពជាបងប្អូនជាមួយប្រធានាធិបតីបារាំង ពោលលោកពុំបាន​ប្រើតួនាទីជាប្រធានអាស៊ាន​ទៅសុំ​ជួបលោក​អេម៉ានុយអែល ម៉ាក្រុងនោះឡើយ។

ការ​ដែលលោក ហ៊ុន សែន ចេញមុខ​មក​បក​ស្រាយ​បែបនេះ​ ដោយ​សារ​តែ​អ្នក​គាំទ្រ​លោក សម រង្ស៊ី មួយចំនួន​បាន​រិះគន់ថា លោក ហ៊ុន សែន មិន​ត្រូវបាន​ប្រទេស​អ្នកមាន ឬប្រទេសសេរីទទួល​ស្វាគមន៍នោះទេ ទើប​លោក​សម្រេច​ចិត្ត​ទៅ​ទស្សនកិច្ចជាលើកដំបូងនៅកោះម៉ាឌីវដែលមានប្រជាជនតែ៥៥ម៉ឺននាក់។

ទោះជាយ៉ាងណា លោក ហ៊ុន សែន អះអាងថា ជាទម្លាប់របស់​លោក​មិន​ដែល​ទៅសុំជួបប្រទេសអ្នកមាន​នោះឡើយ តែលោកជ្រើសរើសអទិភាពប្រទេសអ្នកក្រដើម្បីជួប តួយ៉ាង ទីម័រខាងកើត និងបង់​ក្លាដែស។ ចំណែក​ជំនួបជាមួយអធិកាបតីអាល្លឺម៉ង់ និង​នាយករដ្ឋ​មន្ត្រី ហ្វាងឡង់ លោក ហ៊ុន សែន អះអាងថា​មេដឹកនាំ​ប្រទេស​ទាំងនេះ​ជាអ្នកសុំជួបលោកមុនទាំងអស់៕

Post Bottom Ad


Home Pages