រដ្ឋមន្ដ្រី​កសិកម្ម គាំទ្រ លើក​ទឹកចិត្ត​និង​ត្រៀមខ្លួន​ជំរុញ​ឱ្យ​កសិដ្ឋាន​ចិញ្ចឹមគោ​យក​ទឹកដោះ​គិរីសួគ៌ កាន់តែ​រីក​លូតលាស់​ថែមទៀត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទឹកដោះគោ​ស្រស់​ក្នុងស្រុក - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


រដ្ឋមន្ដ្រី​កសិកម្ម គាំទ្រ លើក​ទឹកចិត្ត​និង​ត្រៀមខ្លួន​ជំរុញ​ឱ្យ​កសិដ្ឋាន​ចិញ្ចឹមគោ​យក​ទឹកដោះ​គិរីសួគ៌ កាន់តែ​រីក​លូតលាស់​ថែមទៀត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទឹកដោះគោ​ស្រស់​ក្នុងស្រុក

 តាកែវៈ រដ្ឋមន្ដ្រី​កសិកម្ម លោក ឌិត ទីណា បាន​បង្ហាញ​នូវ​ការគាំទ្រ លើក​ទឹកចិត្ត និង​ត្រៀមខ្លួន​ក្នុងការ​ជំរុញ​ឱ្យ​កសិដ្ឋាន​ចិញ្ចឹមគោ​យក​ទឹកដោះ​គិរីសួគ៌​របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល កាន់តែ​​រីក​លូតលាស់​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទឹកដោះគោ​ស្រស់​ក្នុង​ស្រុក បន្ទាប់​ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅកសិដ្ឋាន​នេះ នាថ្ងៃ​ទី២៤ ខែកុម្ភៈនេះ។



គេហទំព័រ​ក្រសួង​កសិកម្ម​បញ្ជាក់​នាថ្ងៃ​ទី២៤ ខែកុម្ភៈ ថា៖ «បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​ពិនិត្យ និង​សិក្សា​ស្វែងយល់​ពីដំណើរការ​និង​ស្ថានភាព​នៃ​កសិដ្ឋាន​ចិញ្ចឹមគោ​យក​ទឹកដោះ​រួច​មក ឯក​ឧត្តម​រដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ការគាំទ្រ លើក​ទឹកចិត្ត និង​ត្រៀមខ្លួន​ជំរុញ​ឱ្យ​កសិដ្ឋាន​កាន់តែ​រីក​លូតលាស់​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទឹកដោះគោ​ស្រស់​ក្នុង​ស្រុក ដែល​ជាអាហារូបត្ថម្ភ​ដ៏ល្អ​សម្រាប់​ការលូតលាស់​ទាំង​ផ្នែក​រាងកាយ និង​ប្រាជ្ញា​ស្មារតី ជាពិសេស​កុមារ»។


លោក ឌិត ទីណា បាន​ផ្ដល់​អនុសាសន៍​ដល់​កសិដ្ឋាន​នេះ អំពី​ការធ្វើ​ពិពិធកម្ម​ដំណើរការ​ផលិត​របស់​ខ្លួន ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ ដោយ​កសិដ្ឋាន​គួរពិនិត្យ​លទ្ធភាព​ក្នុង​ការពង្រីក​ផ្ទៃ​ដី​ស្មៅ​សម្រាប់​​ផ្គត់ផ្គង់​ចំណី​គោ តាមរយៈ​ការចុះ​កិច្ចសន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​មាន​ដី​ធំ។


លោក​លើក​ឡើង​ថា ក្រសួង​កសិកម្ម និង​រូប​លោក​ផ្ទាល់ នឹងជួយ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​កសិដ្ឋាន​នេះ​ដើម្បី​ឱ្យ​ភាគី​ទាំង២​អាច​សហការគ្នា​ឈានទៅ​បំពេញ​តម្រូវការ​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម ហើយ​បន្ថែម​ថា ឱកាស​ផ្តល់​ជូន​ដោយ​ស្មើ​ភាព​គ្នា ហើយ​អ្នក​ដែល​ចាប់​យក​ឱកាស​បាន​មុន​គេ នឹង​ទទួល​បាន​ផល​ចំណេញ​មុន​គេ​ដែរ៕

Post Bottom Ad


Home Pages