​លោក​ ស ​ខេង ជំរុញ​ឱ្យ​​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ​​និង​បង្ក្រាប​ការ​​ជួញ​ដូរ​មនុស្ស​ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


​លោក​ ស ​ខេង ជំរុញ​ឱ្យ​​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ​​និង​បង្ក្រាប​ការ​​ជួញ​ដូរ​មនុស្ស​

 ភ្នំពេញៈ ​លោកឧ​បនាយ​ករដ្ឋ​មន្ត្រី ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ដល់ក​ម្លាំង​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ​រួមគ្នា​ទប់​ស្កាត់​អំពើ​ភេ​រវក​ម្ម ឧក្រិដ្ឋ​កម្ម​ឆ្លងដែ​ន​គ្រប់​ប្រភេទ​ សកម្ម​ភាព​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ​និង​ត្រូវ​ទប់​ស្កាត់​ការ​លប​លួច​ចេញ​ចូល​ប្រទេស​តាម​ច្រក​របៀង​ខុស​ច្បាប់​នានា និង​តាម​ច្រក​សមុទ្រ​ជា​ដើម​។​



​ការជំ​រុញ​នេះ​ធ្វើ​នេះ​ឡើង​ក្នុង​ពេល​លោ​កធ្វើ​ជា​អធិបតី​បូកសរុប​លទ្ធ​ផលនៃ​​អង្គសន្និ​បាត​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២២ ​និង​ផ្តល់​អនុ​សាសន៍​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣​របស់​ក្រសួង​មហាផ្ទៃ​ ដែល​អង្គ​សន្និ​បាត​នេះ​ បាន​ពិភាក្សា​អំពី​សមិទ្ធផល​ បញ្ហា​ប្រឈម ​ជា​មួយ​នឹង​ការផ្ដួច​ផ្ដើម​ដំណោះ​ស្រាយ​នៅ​ថ្ងៃទី​២៣ ​ខែកុម្ភៈ ឆ្នាំ ២០២៣ ។ ពិធី​នេះ ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ​ក្នុងនោះ​​ក្រុមប្រឹ​ក្សា អ​ភិបាល​រាជ​ធានី​-​ខេត្ត ​ស្នងកា​រ​នគរ​បាល​រាជ​ធានី​-​ខេត្ត និង​មន្ត្រី​ពាក់​ព័ន្ធ​សរុប​ប្រមាណ ​៧៥០​ នាក់​។​


​នា​ពិធី​នោះ ​លោក​ ស ខេង បាន​ណែនាំ​ដល់​កង​កម្លាំង​នគរ​បាល​ជាតិ មន្ត្រី​រដ្ឋ​បាល​ស៊ីវិល មន្ត្រី​ពន្ធ​នាគារ​នៃ​ក្រសួង​មហា​ផ្ទៃ និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូ​វក្នុងការ​អនុវត្ត​តួនាទី​ភារ​កិច្ច ដូចជា ​ត្រូវ​បន្ត​ខិតខំ​រួមគ្នា​ថែរ​ក្សា​ពង្រឹង​សន្តិ​ភាព ស្ថិរភាព​នយោ​បាយ និង​ការ​ពារ​ឯករាជ្យ​ អធិ​បតេយ្យ ​បូរណ​ភាព​ទឹក​ដី ដើម្បី​បន្ត​អភិ​វឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត​។


លោក​បញ្ជាក់​ថា​៖«​ពិសេស​ត្រូវ​បង្កើន​ការ​ថែរក្សា​ពង្រឹង​សន្តិ​សុខ​ជាតិ ​ដោយ​ត្រូវ​បង្កើន​កិច្ច​សហ​ការ​ជា​មួយ​កម្លាំង​អនុវត្ត​ច្បាប់ ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​តំបន់ ​និង​អន្តរ​ជាតិ ដើរ​ទន្ទឹម​នឹង​ការ​ពង្រឹង​សមត្ថ​ភាព​ជំនាញ​របស់​កម្លាំង​អនុវត្ត​ច្បាប់​និង​លើក​កម្ពស់​កិច្ច​សហ​ការ​ឱ្យបាន​ល្អជា​មួយ​អាជ្ញា​ធរកង​កម្លាំង​មាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​រួមគ្នា​ទប់​ស្កាត់​អំពើ​ភេ​រវក​ម្ម​ ឧ​ក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ​ បទ​ល្មើស​បច្ចេក​វិទ្យា សកម្ម​ភាព​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​និង​បទ​ល្មើស​នានា​ឆ្លង​កាត់​ព្រំដែន​គ្រប់​ប្រ​ភេទ​»​។​


​លោក​ស ខេ​ង បន្ថែម​ថា មួយ​ទៀត​នោះស​មត្ថកិច្ច​ពាក់​ព័ន្ធ​ត្រូវ​បង្កើន​ការ​គ្រប់​គ្រង​ការ​ចេញ​ចូល​ប្រទេស ​គ្រប់គ្រង​មុខ​សញ្ញា​តាម​វិធាន​ការ​ជំនាញ ​និង​គ្រប់​គ្រង​ការ​ស្នាក់​នៅ​របស់​ជន​បរទេស​ និង​ជន​អន្តោ​ប្រវេ​សន៍​ឱ្យបា​ន​ម៉ឺង​ម៉ាត់ ព្រម​ទាំង​ខិតខំ​ទប់​ស្កាត់​ការ​លប​លួច​ចេញ​ចូល​ប្រទេស​តាម​ច្រក​របៀង​ខុស​ច្បាប់​នានា និង​តាម​ច្រក​សមុទ្រ​។


​លោក​ថា​៖«​ព្រម​ទាំង​បន្ត​អនុវត្ត​ឱ្យបាន​ជាប់​ជាប្រចាំ​នូវ​យុទ្ធនា​ការ​ប្រតិប​ត្តិការ​ប្រយុទ្ធប្រ​ឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​គ្រប់​ទម្រង់ ​ប្រតិបត្តិ​ការប​ង្ក្រាប​ល្បែង​ស៊ីស​ង​ខុស​ច្បាប់​គ្រប់​ប្រភេទ កា​រចុះ​ធ្វើ​អធិកា​រកិច្ច​ហត្ថ​ពល​កម្ម​បរទេស ​និង​បន្ត​ខិតខំ​ស្រាវ​ជ្រាវ​ករណី​លាង​សម្អាត​ប្រាក់ ​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ ​និង​សណ្តាប់​ធ្នាប់​សាធារ​ណៈ​ក្នុង​សង្គម​»​។​


​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក ​អំ សំ​អាត ​គាំទ្រ​ចំពោះ​ការ​ជំរុញ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​បង្កើន​​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់ ​ការ​បង្ក្រាប​ការជួញ​ដូរ​មនុស្ស​ បញ្ហា​គ្រឿង​ញៀន ​និង​បញ្ហា​លាង​លុយ​កង្វក់​ជាដើម​នៅ​កម្ពុជា ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​កម្ពុ​ជាមា​ន​ស្ថាន​ភាព​ល្អប្រសើ​រ ហើយ​ទទួល​ស្គាល់​ពី​សហគ​មន៍​អន្តរ​ជាតិ​។


លោក​បាន​ថ្លែង​ថា​៖«​ដូច្នេះ​កម្ពុជា​ត្រូវតែ​មាន​វិធា​នការ​ចាំបា​ច់ ទី​១​ត្រូវ​ពង្រឹង​កិច្ច​សហកា​រ​រវាង​មន្ត្រី​ទាំងអស់​នៅ​ក្នុង​ប្រទេស​ឱ្យមាន​កិច្ច​សហការ​គ្នា​ល្អ ទី​២​ពង្រឹង​បន្ថែម​នូវ​ជំនាញ​របស់​មន្ត្រី​អនុវត្ត​ទាំងអស់ ទី​៣ មន្ត្រី​ទាំងអ​ស់​ត្រូវ​នៅ​​ឱ្យ​ឆ្ងាយ​ពី​ការ​ជួញ​ដូរ​មនុស្ស ​គ្រឿងញៀ​ន និង​បទល្មើស​ផ្សេងៗ ហើយ​ទី​៤​ត្រូវធ្វើ​កិច្ច​សហកា​រ​ជាមួ​យ​បណ្តាប្រទេស​ជិត​ខាង​ក្នុង​តំបន់ និង​អន្តរ​ជាតិ​»​។​


​ពាក់​ព័ន្ធ​អង្គ​សន្និ​បាត​វិញលោក ស​ ខេង ថ្លែង​ថា ក្នុង​នាម​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​រូបលោក​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​បាន​ចូលរួម​អនុវត្ត​យ៉ាងស​កម្ម​នូវ​របៀប​វារៈ និង​កម្មវិធី​នានា​នៃ​សន្និ​បាត​ប្រចាំឆ្នាំ​របស់​​ក្រសួង​មហាផ្ទៃ​ដែល​បានផ្ត​ល់​ធាតុ​ចូល​ដ៏​មានត​ម្លៃ​ដើម្បី​ចូលរួម​ជំរុញនិង​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ការងារ​ នៅតា​ម​អគ្គនា​យកដ្ឋា​ន អង្គ​ភាព​នានា​ចំណុះ​ក្រសួង​មហា​ផ្ទៃ និង​នៅ​រដ្ឋ​បាល​ថ្នា​ក់ក្រោម​ជាតិ​៕

Post Bottom Ad


Home Pages