លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ព្រោះ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ធ្លាក់ចុះ​ត្រឹម​ ៤១​ នាក់​ក្នុង​ឆ្នាំ​ ២០២២ - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ព្រោះ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ធ្លាក់ចុះ​ត្រឹម​ ៤១​ នាក់​ក្នុង​ឆ្នាំ​ ២០២២

 ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ប្រារព្ធ​ខួប​លើក​ទី​​២៤ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ​នេះ បាន​បញ្ជាក់ថា ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ថយចុះ​ពី​ឆ្នាំ​ ១៩៩៦ ដែលមាន​ចំនួន ​៤ ៣២០ ​នាក់ និង​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយនេះ​មក​នៅត្រឹម​ក្រោម ​១០០ ​នាក់​ជា​មធ្យម​ក្នុង ​១ ​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​ ២០២២ ជនរងគ្រោះ​មាន​ត្រឹមតែ​ ៤១ ​នាក់​ប៉ុណ្ណោះ​។​

យោងតាម​សារលិខិត​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី ​២៤ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោម​ប្រធានបទ «​យើង​រួមគ្នា​ដើម្បី​សហគមន៍​គ្មាន​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​» លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​មកទល់ពេលនេះ យើង​បាន​រួមគ្នា​សម្រេចបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ធំៗ​ជាច្រើន​លើ​វិស័យ​សកម្មភាព​មីន​ដែលជា​កត្តា ​១ ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​និង​កាត់បន្ថយ​ភាពក្រីក្រ​។ ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​សូម​បន្ត​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន គ្រាប់បែក ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់ និង​សង្គ្រោះ​ជនពិការ​ដោយសារ គ្រឿងផ្ទុះ​ទាំងនេះ​»​។​

​ជាមួយគ្នានេះ​រាជរដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ឱ្យ​ក្រសួង អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និង​យុវជន​ក្រៅ​សាលា នៅតាម​សហគមន៍​ដែល​រង​ផលប៉ះពាល់​ផងដែរ​។​

លោក​ ហ៊ុន សែន ថ្លែងថា សង្គ្រាម​បាន​បន្សល់ទុក​នូវ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​យ៉ាង ច្រើនសន្ធឹក​សន្ធាប់ ដែល​បណ្តាលឱ្យ​ប្រជាពលរដ្ឋ រាប់ម៉ឺន​នាក់រងរបួស ធ្លាក់ខ្លួន​ពិការ និង​ស្លាប់បាត់​បង់ជីវិត ព្រមទាំង​បង្ក​នូវ​សោកនាដកម្ម​ដ៏​ឈឺចាប់​ដែល​មិន​ធ្លាប់​កើតមាន​ពីមុនមក និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​។​

​លោកនាយក​រដ្ឋមន្ត្រី ថ្លែងបន្តថា​៖ «​ការផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ត្រូវធ្វើ​នៅតាម​សហគមន៍​ដែល​រង​ផលប៉ះពាល់​តាមរយៈ​សក​ម្ម​ភាព​អប់រំ​ដោយផ្ទាល់​នៅតាម​សហគមន៍ សាលារៀន និង​វត្ត​អារាម ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់ មាន​សុវត្ថិភាព ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ និង​ការផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ បណ្ដាញ​សង្គម ផ្ទាំង​ប៉ាណូ និង​ខិត្តប័ណ្ណ​ជាដើម​»​។​

​លោក ក៏បាន​អំពាវនាវ​ដល់ អាជ្ញាធរ​មីន ត្រូវ​បន្ត​សម្របសម្រួល​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​កំណត់​ឱ្យបាន​ជាក់លាក់​នូវ​តំបន់ ឬ​ទីតាំង​ដែល​រង​ការ​ប្រឈម​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធ្វើការ​អប់រំ​ទប់ស្កាត់​គ្រោះថ្នាក់​បាន​ទាន់ពេលវេលា​ផងដែរ​។ អាជ្ញាធរ​មីន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ប្រទេស​ម្ចាស់ជំនួយ​និង​ដៃគូ​អភិវឌ្ឍន៍​គួរ​បន្ត​ស្រាវជ្រាវ​វិធីសាស្ត្រ កៀរគរ​ធនធាន​ប្រកបដោយ​នវានុវត្តន៍ ជាពិសេស​ជំរុញ​ការចូលរួម​ពី​វិស័យ​ឯកជន ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន​ចក្ខុវិស័យ «​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​ ២០២៥»​។

​រយៈពេល ៣០ ​ឆ្នាំនេះ ដោយ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ មក ផ្ទៃដី​ទំហំ ២ ៥៥៤ គីឡូម៉ែត្រ​ការ៉េ ត្រូវបាន បោសសម្អាត​សម្រាប់​យកទៅ​ប្រើប្រាស់​និង​បង្កបង្កើនផល ក្នុងនោះ​វិស័យ​កសិកម្ម ៧១ ​ភាគរយ​, ហេដ្ឋារចនាសម្ព័ន្ធ ៧ ​ភាគរយ និង​ផ្សេងៗ ២២​ ភាគរយ​។​ក្នុងនោះ​រួមមាន ការសាងសង់​លំនៅឋាន ភូមិករ សាលារៀន មណ្ឌល​សុខភាព ជាដើម ដោយ​ប្រជាពលរដ្ឋ​ទទួលផល​ចំនួន ១០ ០៣១ ៦៦៤ នាក់​។​

​មីន​ប្រឆាំង​មនុស្ស ចំនួន ១ ១៥៣ ២១៧ គ្រាប់មីន​ប្រឆាំង​រថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ មាន​ចំនួន​ប្រមាណ ៣ ០៣៤ ៧២៧ គ្រាប់ ត្រូវបាន​រកឃើញ និង​បំផ្លាញចោល​។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០២២ កន្លងទៅ បាន​បោសសម្អាត​ផ្ទៃដី​ចំនួន ២៥០ គីឡូម៉ែត្រ​ការ៉េ សម្រាប់​យកទៅ​ប្រើប្រាស់ និង​បង្កបង្កើនផល ក្នុងនោះ បាន​រកឃើញ និង​បំផ្លាញចោល​មីន​ប្រឆាំង​មនុស្ស ចំនួន ៣៦ ៦០៩ គ្រាប់ មីន​ប្រឆាំង​រថក្រោះ ចំនួន​ ១៨៣ ​គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ ចំនួន ៥៥ ៨០៣ គ្រាប់​។​

​លោក ហ៊ុន សែន ថ្លែងថា​៖ «​ទន្ទឹមនឹងនោះ ចំនួន​ជនរងគ្រោះ​បាន​ថយចុះ​ពី ៤ ៣២០ នាក់ ក្នុង​ឆ្នាំ​ ១៩៩៦ មក​ត្រឹម ៤១ ​នាក់ ក្នុង​ឆ្នាំ​២ ០២២ និង​មក​នៅក្រោម​ ១០០​ នាក់ ក្នុង​ ១​ ឆ្នាំ​ជា​មធ្យម រយៈពេល​ ១០​ ឆ្នាំ​ចុងក្រោយ​។

​លោក​ថ្លែងថា​៖ «​ជោគជ័យ ដ៏​ត្រចះត្រចង់​ទាំងនេះ មិនបាន​ធ្វើឱ្យ​យើង​ព្រងើយកន្តើយ​នោះទេ ប៉ុន្តែ​តម្រូវឱ្យ​យើង​ខិតខំ​បន្ថែមទៀត​ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ដើម្បី​អាច​ធានាបាន​នូវ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ជាតិ​ប្រព្រឹត្តទៅបាន​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​គ្រប់​ទីកន្លែង​»​។​

​អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងថា គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ត្រូវបាន​គេ​ហៅ​ឈ្មោះ​ជាច្រើន​យ៉ាង ដូចជាឧបករណ៍​រារាំង ឧបករណ៍​បង្កើន​កង​កម្លាំង គ្រាប់បែក​ចង្កោម ឧបករណ៍​បំផ្ទុះ ទាហាន​សំងំ និង​ឃាតករ​លាក់​មុខ តែ​ជា​ចុងក្រោយ ជាច្រើន​ឆ្នាំ​បន្ទាប់ពី​ភ្លើងសង្គ្រាម​បាន​រលត់​ទៅ វា​មានន័យ​ដូចគ្នា​តែ​ម្យ៉ាង​គត់ គឺ​ការស្លាប់ ពិការ របួស ដោយ​មិន​រើសមុខ​។​

​លោក​បាន​បន្តថា ដើម្បី​ដោះស្រាយ និង​ឆ្លើយតប​ទៅនឹង​ហានិភ័យ​ទាំងនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឥតឈប់ឈរ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​សកម្មភាព​មីន ព្រមទាំង​បានដាក់​ចេញ​នូវ​គោលដៅ​យ៉ាង ច្បាស់​លាស់ គឺ «​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ ​២០២៥» និង​ការដោះស្រាយ​ហានិភ័យ​ដែល​នៅ​សេសសល់ ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​ ២០២៥​។

​លោក លី ធុជ បាន​ថ្លែងថា​៖ «​យើង​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​នឹង​អាចធ្វើ​បាន ជាមួយនឹង​ការតាំង​ចិត្ត​ខ្ពស់ និង​ការប្តេជ្ញាចិត្ត​រួម​របស់​យើងទាំងអស់គ្នា​»​។​

​លោក ថា ទោះបីជា​កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​លើ​ការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​បង្កដោយ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដែល​នៅតែមាន​លក្ខណៈ​ស្មុគស្មាញ​។ កម្ពុជា​ត្រូវ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ដែលមាន​មីន​ចំនួន ៦៤៨ គីឡូម៉ែត្រ​ក្រឡា និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​ ១ ៣២៧ គីឡូម៉ែត្របន្ថែមទៀត​។ អាជ្ញាធរ​កម្ពុជានឹង​ប្រារព្ធ​ខួប​លើក​ទី​២៤ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន នៅ​ថ្ងៃទី ​២៤ កុម្ភៈ នៅ​វិមាន ​២ ​ធ្នូ ខេត្តក្រចេះ​៕

Post Bottom Ad


Home Pages