សិល្បៈចំរៀងខ្មែរបច្ចុប្បន្នកំពុងធ្លាក់ចុះបើគ្មានការទប់ស្កាត់ពីការចម្លង និងហូរចូលពីវប្បធម៌បរទេសនោះ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


សិល្បៈចំរៀងខ្មែរបច្ចុប្បន្នកំពុងធ្លាក់ចុះបើគ្មានការទប់ស្កាត់ពីការចម្លង និងហូរចូលពីវប្បធម៌បរទេសនោះ


ចំរៀងសម័យផ្នែកមនោសញ្ចេតនារបៀបខ្មែរក្នុងសម័យនេះ ហាក់បីដូចជាធ្លាក់ចុះស្ទើរតែទាំងស្រុង ដោយសារតែវប្បធម៌បរទេសហូរចូល ។ នៅក្នុងសម័យថ្មីយើងនេះ មានការកត់សម្គាល់ឃើញថា ចម្រៀងសម័យរបៀបខ្មែរដែលច្រើនដោយលោក ណូយ វ៉ាន់ណេត លោក ឈឿន ឧត្តម លោក ឯក ស៊ីដេ ដែលភាគច្រើនគេទទួលស្គាល់ថា ជាចម្រៀងបែបខ្មែរពិតប្រាកដនោះ ឥឡូវនេះគេហាក់បីដូចជាឈប់ខ្វល់ខ្វាយលេងនិយមបែបមនោសញ្ចេតនានេះទៀតហើយ ដោយគេយល់ថា បែបខ្មែរនេះវាចាស់ពេក រត់មិនទាន់សម័យកាល ទើបផលិតកម្មជាច្រើន បានបណ្តុះកូនខ្មែរឱ្យងាកទៅរកបទចម្រៀងបរទេសធ្វើឱ្យកូនខ្មែរខ្លះ ភ្លេចនូវសញ្ជាតិខ្លួនឯង ហើយភ្លើតភ្លើនទៅតាមវប្បធម៌បរទេសទៅវិញ ។ 



      នេះគ្រាន់តែជាគំនិតមួយ គួរតែកូនខ្មែរទាំងអស់គិតពិចារណាដោយខ្លួនឯង ។ មានអ្នកស្រឡាញ់សិល្បៈអ្នកនិពន្ធបទចម្រៀងរបៀបខ្មែរភាគច្រើនមានការអស់សង្ឃឹម ក្នុងការតែងនិពន្ធដោយបង្កើតបានហើយមិនដឹងជាយកទៅឱ្យអ្នកណាផលិត និងច្រៀងដើម្បីបម្រើឱ្យ​មនុស្សគ្រប់វ័យ ។ ដោយហេតុថា ចម្រៀងសម័យថ្មីនេះ គេចែកជា ០៣ចំណែក គឺវ័យស្ទាវ    យុវជន និងវ័យកណ្តាល ហើយសព្វថ្ងៃនេះផលិតកម្មភាគច្រើនគេផលិតសម្រាប់តែបម្រើឱ្យ​អារម្មណ៍តែ ០២ស្រទាប់ប៉ុណ្ណោះ គឺវ័យស្ទាវ ជាយុវជនសម័យថ្មីនេះឯង​ ដោយខុសពីសម័យមុន ដែលគេផលិតបទចំរៀងតែមួយចំណែកប៉ុណ្ណោះ អាចបម្រើឱ្យអារម្មណ៍គ្រប់ស្រទាប់វ័យ ហើយចំណែកបទភ្លេងសម័យយើងនេះ ស្ទើរតែ ៨០% គឺចម្លងតាមបរទេសទាំងស្រុង រីឯ​ទំនុកចម្រៀងជាខ្មែរដោយអ្នកនិពន្ធភាគច្រើនលើកយកតែពាក្យ ៣-៤ម៉ាត់ គឺបែកឈឺចាប់បេះដូង អារម្មណ៍សឹងតែគ្រប់បទចម្រៀងធ្វើឱ្យអ្នកស្តាប់ជ្រិញត្រចៀកយ៉ាងខ្លាំង មិនដូចកំណាព្យ និងបទចម្រៀងបែបខ្មែរ គឺទូលំទូលាយ អាចផ្លាស់ប្តូរពាក្យបានច្រើនមិនជាន់គ្នាដដែលៗ ហើយបទភ្លេងជារបៀបខ្មែរសុទ្ធសាធ ដែលអ្នកនិពន្ធខ្មែសម័យនេះក៏អាចនិពន្ធបទភ្លេងថ្មីៗមានលក្ខណៈជាខ្មែរបានដែរ ប៉ុន្តែគ្មានទីផ្សារសម្រាប់អ្នកនិយមដោយផ្នត់គំនិតកូនខ្មែរសម័យនេះ ផ្តោតទៅលើបទចម្រៀងបរទេសជាធំ ។ 


ក្នុងនាមជាកូនខ្មែរម្នាក់ យើងមានការសោកស្តាយណាស់ថា បើគ្មានការទប់ស្កាត់នូវ    វប្បធម៌បរទេសនេះទេ កូនខ្មែរសម័យក្រោយទៅច្បាស់ជាលែងស្គាល់បទភ្លេង និងទំនុកច្រៀងជារបៀបខ្មែរទៀតហើយ គឺគេកើតមកឮសូរ និងឃើញតែបទបរទេស ហើយចរិតបែបមនោ    សញ្ចេតនារបស់ខ្មែរ និងត្រូវរលាយសាបសូន្យក្នុងពេលដ៏ខ្លី ។ 



អំពីបញ្ហានេះ ក្រសួងវប្បធម៌គួរតែគិតពិចារណាអាណិតដល់កូនខ្មែរសម័យក្រោយ ក្រែងមិនបានស្គាល់សិល្បៈបែបខ្មែរនេះ ក្រែងមិនបានស្គាល់សិល្បៈបែបខ្មែរនេះ ព្រោះចម្រៀងបែបមនោសញ្ចេតនា​ វាអាចធ្វើឱ្យមនុស្សនេះអាណិតអាសូរ ចេះស្រលាញ់ មេត្តាចំពោះគ្នាទៅវិញទៅមក ហើយអាចបញ្ជាក់ទៅលើទឹកចិត្តស្មោះសរមួយ មិនដូចចម្រៀងសម័យថ្មីនេះ បទមួយណាក៏អ្នកនិពន្ធផ្តោតទៅលើការបែក ឈឺចាប់បេះដូង អារម្មណ៍ធ្វើឱ្យអ្នកស្តាប់មានអារមណ៍ទៅលើតែការឈឺចាប់ ព្រាត់ប្រាស់ស្អប់គ្នាតែប៉ុណ្ណោះ ។ 


អ្នកស្រឡាញ់សិល្បៈខ្មែរទាំងឡាយ បានសំណូមពរថា សូមឱ្យក្រសួងវប្បធម៌គិតកូរដល់រឿងនេះផង ដូចសុភាសិតមួយពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណររាយ ជាតិថ្កើងថ្កាន ។  


Post Bottom Ad


Home Pages