សម្ដេច ហ៊ុន សែន ឱ្យពិភពលោកប្រយ័ត្នសង្គ្រាមនុយក្លេអ៊ែរ ក្រោយICCចេញដីកាចាប់ខ្លួនលោកពូទីន - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


សម្ដេច ហ៊ុន សែន ឱ្យពិភពលោកប្រយ័ត្នសង្គ្រាមនុយក្លេអ៊ែរ ក្រោយICCចេញដីកាចាប់ខ្លួនលោកពូទីន

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកឱ្យពិភពលោកប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចេញដីការចាប់ខ្លួនប្រធានាធិបតីរុស្សី លោក លោក វ្ល៉ា ឌីមៀ ពូទីន ពាក់ព័ន្ធនឹងការនិរទេសកុមារអ៊ុយក្រែន ។ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចាត់ទុកការចោទប្រកាន់នេះថាមិនអាចទទួលយកបានជាដាច់ខាត។




ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន បានចេញផ្សាយអត្ថបទមួយនៅព្រឹកថ្ងៃទី ១៩មីនា ដែលគូសបញ្ជាក់ពីការយល់ឃើញរបស់ខ្លួន នៅឆាណែលតេឡេក្រាម។ សម្រាប់សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ការចោទប្រកាន់របស់ICC លើលោកប្រធានាធិបតីពូទីននេះគឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។ ដីកានេះ ក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាព ក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោក ប្រធានាធិបតីចិនXi Jinping បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ។ ជាទស្សនកិច្ច ដែលគេរំពឹងថា លោកនឹងសម្រុះសម្រួលដើម្បីសន្តិភាព។ ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅ ពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?

បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាម៉េរិក រុស្ស៊ី ឥណ្ឌា និង ចិនមិនបានចូលជាសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។ ដូច្នេះ ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាល របស់សាមីប្រទេសបានទេ។ 
 
ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះនឹងធ្វើឲ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែល ពិភពលោកត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ដីកាចាប់ខ្លួនរបស់ ICC នៅពេលនេះ វាអាចនឹងធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយបន្ថែមដូច្នេះថា៖«ខ្ញុំមិនដែលជឿថាសង្គ្រាមនុយក្លេអ៊ែរនឹងកើតឡើង បើទោះបីជា មានការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ»។ 
 
ស្របពេលកំដៅកើនឡើង សម្ដេច បានលើកទឹកចិត្តភាគីទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការ និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែឥឡូវនេះ មានប្រតិកម្មហួសជុលពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិបតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ញា ក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។ 
 
សម្ដេច ដាក់សំណួរដូច្នេះ តើលោក ពូទីនសុខចិត្ត ឲ្យគេចាប់ខ្លួនដោយមិនបានតទល់ ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នក ទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឲ្យគេចាប់ប្រធានាធិបតីរបស់ខ្លួនឬទេ? 
 
សម្ដេចថា ចំណុចទាំងនេះ គឺជាចំនុចដែលសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយ។ ព្រោះថា ការគំរាមកំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្តើមនៅក្នុងតំបន់អឺរ៉ុបតែម្តង។ អ្នកដែលគ្រោះថ្នាក់ប្រហែលរាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម២០ ទៅ៣០គីឡូម៉ែត្រនោះទេ គឺច្រើន រហូតដល់រាប់ពាន់គីឡូម៉ែត្រ៕

Post Bottom Ad


Home Pages