ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកោតសរសើរ និងអរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាបំពេញការងារទៅតាមគោលដៅបានយ៉ាងល្អ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកដំបូងរបស់កម្ពុជា ក្នុងឆ្នាំ ២០២៣ នេះ បានដំណើរការទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ ដែលជាមុខមាត់ និងកិត្តិយសសម្រាប់ប្រទេសជាតិ។
លោកបានថ្លែងបែបនេះនៅក្នុងពិធីបិទការប្រកួតស៊ីហ្គេមនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី ១៧ ឧសភា។ លោកមានប្រសាសន៍ថា៖ «ថ្ងៃនេះ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ បានមកដល់ទីបញ្ចប់ ប្រកបដោយថាមពល និងទទួលបានជោគជ័យ ដ៏ត្រចះត្រចង់! ក្តីសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម និងសម្រែកអបអរសាទរកងរំពង បានបង្កើតនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ សម្រាប់គ្រប់ៗគ្នា។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា បានខិតខំប្រឹងប្រែងអស់លទ្ធភាព ក្នុងការរៀបចំ និងបម្រើដល់គ្រប់សេវា តម្រូវការ ដល់ការស្នាក់នៅ ហូបចុក និងដំណើរការរៀបចំប្រកួត ដោយរលូន និងសម្រេចបានជោគជ័យ»។
លោក ហ៊ុន សែន បានសម្តែងការអរគុណដល់អត្តពលិកស៊ីហ្គេមទាំងអស់ ដែលបានចូលរួមប្រកួត នៅកម្ពុជា ព្រមទាំងអរគុណដល់ប្រតិភូកីឡាគ្រប់ប្រទេស និងរដ្ឋាភិបាលប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនកីឡាករ កីឡការិនីមកប្រកួតក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣។ ជាមួយសកម្មភាពចូលរួមយ៉ាងក្លៀវក្លានេះ លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំចាត់ទុកថា នេះជាចំណែកមួយ នៃស្មារតីសាមគ្គីភាព ការយោគយល់ មិត្តភាព និងជំរុញការធ្វើសមាហរណកម្ម នៅក្នុងក្របខ័ណ្ឌអាស៊ាន ហើយខ្ញុំសូមឧទ្ទិសសមិទ្ធផលរបស់កម្ពុជាថ្ងៃនេះ ជាចំណែកមួយនៃជោគជ័យ ក្នុងក្របខ័ណ្ឌស្មារតីសាមគ្គីភាព របស់អាស៊ានរបស់យើង»។
ទន្ទឹមនឹងនេះលោក ហ៊ុន សែន បានឧទ្ទិសសមិទ្ធផលស៊ីហ្គេមដែលកម្ពុជាសម្រេចបានជូនចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស គ្រប់និន្នាការនយោបាយ គ្រប់ជាតិសាសន៍ និងសាសនា ហើយលោកក៏កោតសរសើរដល់លោក ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងលោក ថោង ខុន ជាអនុប្រធានអចិន្រៃ្តយ៍ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតគ្រប់ផ្នែក គ្រប់កម្លាំងដោយលោកបានចាត់ទុកថា ជាប្រតិបត្តិករធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យ ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូងនេះ។
បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ ក៏ដូចជាព្រះរាជមាតាជាតិខ្មែរ ដែលព្រះអង្គបានគាំទ្រដំណើរការប្រកួតស៊ីហ្គេម ហើយក៏អរព្រះគុណព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិខ្មែរ ដែលបានបន្សល់ទុកនូវកេរមរតក មិនអាចកាត់ថ្លៃបាន សម្រាប់ជោគជ័យស៊ីហ្គេម ឆ្នាំ ២០២៣។ លោកក៏បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសលោកប្រធានាធិបតី ស៊ី ជីនភីង ដែលបានជួយកសាងពហុកីឡដ្ឋានសម្រាប់ប្រើប្រាស់ក្នុងពិធីបើក ពិធីបិទ ការប្រកួត និងប្រើប្រាស់តកូន តចៅ ទៅពេលក្រោយ។
ជាមួយគ្នានេះលោក ហ៊ុន សែន បានអះអាងថា ការសម្រេចមិនយកថ្លៃសេវាទាំងអស់ ពីគ្រប់ប្រតិភូកីឡាដែលបានចូលរួម ព្រមទាំងផ្តល់ឱ្យមានការផ្សាយផ្ទាល់ និងអនុញ្ញាតឱ្យចូលរួមពិធីបើកបិទស៊ីហ្គេម និងទស្សនាគ្រប់ការប្រកួត ដោយមិនគិតថ្លៃ វាជាការគិតដ៏ត្រឹមត្រូវរបស់លោក ព្រោះសមិទ្ធផលស៊ីហ្គេម នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជា បន្សល់ទុក ១០០ ឆ្នាំទៅមុខទៀត គឺដូចការប្រកួតកីឡា GAN-EFO កាលពីឆ្នាំ ១៩៦៦ ដែលបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជា មកដល់ពេលនេះ។
ចំពោះបញ្ហានេះលោក ហ៊ុន សែន បានបញ្ជាក់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃទី ១៨ ឧសភា ថា៖ «ខ្ញុំសម្រេចចិត្តត្រូវថា យើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដោយការទទួលខុសត្រូវ ដោយក្នុងនោះ យើងចាប់យកគំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ាន មួយផ្នែកបញ្ចូលមក តាមរយៈការមិនបង់ថ្លៃ។ លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះ និងកិត្តិយសជាតិ ចាយមិនអស់ទេ»។
លោកសង្កត់ធ្ងន់បន្ថែមថា៖ «កេរ្តិ៍ឈ្មោះកម្ពុជាសំខាន់ណាស់ វាបន្សល់ទុក មិនមែនត្រឹម ១ ថ្ងៃ ២ ថ្ងៃ ១ ឆ្នាំ ២ ឆ្នាំទេ គឺវាបន្សល់ទុក ១០០ ឆ្នាំទៅមុខទៀត សម្រាប់កិត្តិយសរបស់កម្ពុជា។ យើងឃើញទេ GANEFO ដែលធ្វើតាំងពីឆ្នាំ ១៩៦៦ គឺបន្សល់ទុកកេរ្តិ៍ឈ្មោះរហូតដល់ពេលនេះ។ បើទោះបីជាប្រទេសកម្ពុជា ឆ្លងកាត់នូវសង្គ្រាម ឆ្លងកាត់របបប្រល័យពូជសាសន៍ និងផ្លាស់ប្តូររបបច្រើន ប៉ុន្តែព្រះកិត្តិនាមរបស់អតីតព្រះមហាក្សត្រ ព្រះបរមប្រមុខរដ្ឋ នាពេលនោះ និងដំណាក់កាលមុខមាត់របស់កម្ពុជា នាពេលនោះ នៅតែរក្សាដល់បច្ចុប្បន្ន»។
ចំណែកលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធាន CAMSOC បានថ្លែងនៅក្នុងពិធីបិទស៊ីហ្គេមដែរថា ផ្តើមចេញពីការខិតខំប្រឹងប្រែងដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ បំពេញភារកិច្ចតាមផែនការមេរៀបចំការប្រកួតស៊ីហ្គេម និងដោយមានការយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយភាពប្រាកដនិយមរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឱ្យ CAMSOC ដំណើរការបានរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកបានបញ្ជាក់ថា៖ «ឆ្លងតាមលទ្ធផលជាផ្លែផ្កា និងស្នាដៃ ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានធ្វើឱ្យកម្ពុជា លេចត្រដែតឡើងលើឆាកអន្តរជាតិ ពិសេសពិធីបើកដ៏ទាក់ទាញ និងប្រកបដោយផ្ទាំងទស្សនីយភាព រំភើបរំជួលចិត្ត អង្រួនដួងវិញ្ញាណអ្នកទស្សនា ទាំងក្នុង និងក្រៅទីលាន ទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញថា កម្ពុជា មានអច្ឆរិយៈ មានអរិយធម៌ស៊ីវិល័យ ស័ក្តិសមកិត្តិយសដ៏ខ្ពង់ខ្ពស់ស្ញប់ស្ញែងនៃជាតិសាសន៍ដ៏ចំណាស់ និងសម្បូរបែបខាងវប្បធម៌ ផ្នត់គំនិត ទេពកោសល្យ បេះដូងសន្តិភាព និងការច្នៃប្រឌិតដ៏អស្ចារ្យ»៕