​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ការកើនឡើង​កម្តៅ​ពិភពលោក​នឹង​លើសពី ១,៥ ​អង្សា​សេ​នៅ​ឆ្នាំ ​២០២៧ - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ការកើនឡើង​កម្តៅ​ពិភពលោក​នឹង​លើសពី ១,៥ ​អង្សា​សេ​នៅ​ឆ្នាំ ​២០២៧

 អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា​ពិភពលោក​នឹង​ជួបប្រទះ​នឹង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង ដែល​អាច​ជាប់​ជា​កំណត់ត្រា​ថ្មី​មួយ​នៅ​រយៈពេល​​ ៥ ​ឆ្នាំ​ខាងមុខ ​ដោយ​សីតុណ្ហភាព​ទំនងជា​នឹង​កើន​ឡើង​លើសពី​ ១,៥​ អង្សា​សេ​ពោលគឺ​លើសពី​កម្រិត​សី​តុ​ណ្ហ​ភាព​គិត​ជា​មធ្យម​នៅមុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម (១៨៥០-១៩០០)​។​ យោងតាម​ការស្រាវជ្រាវ​របស់​អង្គការ​ឧតុនិយម​ពិ​​ភព​លោក​ឬ​ហៅ​កាត់​ថា WMO​ បានឱ្យដឹងថា ការ​បំបែក​កំណត់ត្រា​ ១,៥​ អង្សា​សេ​អាច​នឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំងណាស់​។​

ភ្លើ​ងឆេះព្រៃនៅជិតភូមិ Pefki នៅលើកោះ Evia នៃ​ប្រទេសក្រិកក្នុងឆ្នាំ ២០២១​។

​កន្លង​មកក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​ស្ដីពី​អាកាសធាតុ​ឆ្នាំ​ ២០១៥ ប្រទេស​នានា​បាន​សន្យា​រក្សា​សីតុណ្ហភាព​ពិភព​លោក​មិនឱ្យ​ខ្ពស់ជាង​ ១,៥ អង្សា​សេ​ ធៀប​ទៅនឹង​កម្រិត​សី​តុ​ណ្ហ​ភាព​មុន​សម័យ​បដិវត្តន៍​ឧស្សាហ​កម្ម​នោះទេ​។


​ការប្ដេជ្ញា​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ​ប្រសិនបើ​កម្តៅ​លើសពី​កម្រិត​ ១,៥ អង្សា​សេ នោះ​នឹងធ្វើ​ឱ្យមាន​មហន្តរាយ​និង​ផលប៉ះពាល់​កាន់តែខ្លាំង​ឡើង​។​


​លោក​សាស្ត្រាចារ្យ ភេ​ថឺ​រី តា​ ឡាស ​(Petteri Taalas) ​អគ្គលេខាធិការ​នៃ ​WMO បាន​មានប្រសាសន៍ថា​៖ «​របាយ​ការណ៍​នេះ​មិន​មានន័យថា​សីតុណ្ហភាព​នឹង​លើស ពី ​១,៥ ​អង្សា​សេ​ជា​អចិ​ន្រៃ្ត​យ៍​ដែល​បានបញ្ជាក់​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះទេ ប៉ុន្តែ​វា​សំ​ដៅ​ទៅលើ​កម្ដៅ​រយៈពេល​វែង ដោយ​ប្រើប្រាស់​រយៈពេល​ច្រើន​ឆ្នាំ​ទៀត​។ យ៉ាងណាក៏ដោយ ​WMO កំពុង​ព្រមាន​យើង​ថា​យើង​នឹងមិន​អាចធ្វើ​បាន​តាម​កា​រ​ប្ដេជ្ញាចិត្ត​ក្នុងការ​រក្សា​ឱ្យបាន​នៅក្រោម ១,៥ ​អង្សា​សេ​បានទេ​»​។​


​ជាច្រើន​ឆ្នាំ​មកនេះ សីតុណ្ហភាព​ជា​មធ្យម​នៅលើ​ផ្ទៃផែនដី មិន​ធ្លាប់​លើសពី​កម្រិត ១,៥​ អង្សា​សេ​នោះទេ​។ មធ្យមភាគ​ខ្ពស់បំផុត​ក្នុង​ឆ្នាំមុន​គឺ ​១,២៨ អង្សា​សេ​។ យ៉ាង​ណា​មិញ របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​រកឃើញថា វា​ពិតជា​អាចទៅរួច​ពោលគឺ​រហូត​ដល់​ទៅ ៦៦% នៃ​ការ​ឈានដល់​លើសពី​កម្រិត​ ១,៥ ​អង្សា​សេ​យ៉ាងហោចណាស់​ក៏មាន​មួយឆ្នាំ​ណាមួយ​ដែល​ស្ថិតនៅ​ចន្លោះ ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៧​។​


​រលក​កម្តៅ​ថ្មីៗ​នេះ បាន​បំបែក​កំណត់ត្រា​សីតុណ្ហភាព​ទូទាំង​ពិភពលោក​ហើយ​ការបង្ហាញ​ពី​សីតុណ្ហភាព​កម្រិត​ខ្ពស់​ទាំងនេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។​

​អគ្គលេខាធិការ​អង្គការ​ឧតុនិយម​ពិភពលោក លោក​ ភេ​ថឺ​រី តា​ឡាស​បាន​សង្កត់ធ្ងន់​លើ​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​និន្នាការ​រលក​កម្ដៅ​នេះ​រួមមាន​ដូចជា​ផលប៉ះពាល់​ដល់​សុខភាព​សន្តិសុខ​ស្បៀង​ការគ្រប់គ្រង​ទឹក​និង​បរិស្ថាន​ជាដើម​។ ​លោក​ក៏បានផ្ដល់​ជា​ដំបូន្មាន​ថា វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ត្រៀមខ្លួន​សម្រាប់​បញ្ហា​ប្រឈម​ទាំងនេះ​។​


​ជាក់ស្ដែង តំបន់​អាក់​ទិ​ក កំពុង​ជួបប្រទះ​នឹង​ការឡើង​កម្ដៅ​ខ្លាំង​បើ​ប្រៀបធៀប​ទៅនឹង​តំបន់​ផ្សេងទៀត​នៅលើ​ពិភពលោក​។ បា​តុ​ភូត​នេះ​បានរួម​ចំណែក​ផ្ដល់​ផលប៉ះពាល់​ដល់​ការ​ព្យាករ​ទឹកភ្លៀង​នៅក្នុង​តំបន់​ដូចជា​ព្រៃ​អា​ម៉ា​ហ្សូ​ន​អាមេរិក​កណ្តាល​អូស្ត្រាលី និង​ឥណ្ឌូនេស៊ី​ជាដើម​។​ជាពិសេស​ព្រៃ​អា​ម៉ា​ហ្សូ​ន កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការផ្លាស់ប្តូរ​ពី​ព្រៃ​ដែលមាន​ទឹកភ្លៀង​សំណើម ទៅជា​ព្រៃ​ដែល​រីងស្ងួត​ហួតហែង​ដោយសារតែ​កម្ដៅ​មានការ​កើនឡើង​ខ្លាំង​និង​ការកាប់បំផ្លាញ​ព្រៃឈើ​។​ម្យ៉ាងវិញទៀត​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ​ភ្លៀង​ធ្លាក់​លើសពី​កម្រិត​មធ្យម​ត្រូវបាន​គេ​រំពឹងថា​នឹង​កើត​មាននៅ​តំបន់​ភាគ​ខាងជើង​នៃ​ទ្វីបអឺរ៉ុប​អា​ឡា​ស្កា​ភាគ​ខាងជើង​ស៊ី​បេ​រី និង​តំបន់​សា​ហេ​ល​ (Sahel)​។​


​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​ ២០២៣​ ដល់​ឆ្នាំ​ ២០២៧ សី​តុ​ណ្ហ​ភាព​ជុំវិញ​ផែនដី​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ស្ថិតនៅ​ចន្លោះ​ពី ​១,១ ទៅ ១,៨ អង្សា​សេ​ដែល​នេះ​គឺ​លើសពី​មធ្យមភាគ​សីតុណ្ហភាព​កាលពីមុន​សម័យ​បដិវត្តន៍​ឧស្សា​​ហ​កម្ម​ដែលជា​ទូទៅ​ត្រូវបាន​គេ​គិត​ចាប់ពី​ឆ្នាំ​ ១៨៥០ ដល់​ឆ្នាំ​ ១៩០០​។​នៅ​ឆ្នាំ​ ២០១៥ ​កិច្ច​​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​បាន​ធ្វើឡើង​ក្នុង​គោលបំណង​រក្សា​កំណើន​សីតុណ្ហភាព​ពិភពលោក​ជា​អតិបរមា​ ២ ​អង្សា​សេ​ហើយ​បណ្ដា​ប្រទេស​ទាំងអស់​ក៏បាន​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាង​​ណា​រក្សា​ឱ្យ​ស្ថិតនៅក្រោម ១,៥​ អង្សា​សេ​។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ គ្មាន​ការរំពឹងទុក​ណាមួយ​ដែលថា​នឹង​អាច​រក្សាបាន​ត្រឹម កម្រិត ១,៥ ​អង្សា​សេ​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ខាងមុខ​នោះទេ​។​


​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ខាង​មុខ​នេះ​រដ្ឋាភិបាល​នានា​នឹង​ជួប ប្រជុំ គ្នា ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ ឬ​ហៅ​កាត់​ថា COP 28​។ វេទិកា​នេះ គឺជា​កន្លែង​ដែល​បណ្ដា​ប្រទេស​នានា​ធ្វើការ​វាយតម្លៃ​អំពី​វឌ្ឍនភាព​ឆ្ពោះទៅ រក​ការសម្រេចបាន​នូវ​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ​២០១៥​។ ការវាយតម្លៃ​នេះ​ទំនងជា​នឹង​បង្ហាញថា ពិភព​លោក​ហាក់​នៅ​ឆ្ងាយ​ពី​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចំនួន ៤៣% ក្នុង​ទស​វត្សរ៍​នេះ​ដើម្បី​អាច​រក្សា​សី​តុ​ណ្ហ​ភាព​ឱ្យ​ស្ថិតនៅក្រោម ១,៥​ អង្សា​សេ​បាន​៕

Post Bottom Ad


Home Pages