របបយោធាមីយ៉ាន់ម៉ា ចំណាយថវិកាជាតិពាន់លានដុល្លារ នាំចូលគ្រឿងសព្វាវុធពីប្រទេសក្រៅ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


របបយោធាមីយ៉ាន់ម៉ា ចំណាយថវិកាជាតិពាន់លានដុល្លារ នាំចូលគ្រឿងសព្វាវុធពីប្រទេសក្រៅ

 រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរ ក្រោយពេលពួកឧត្ដមសេនីយ៍យោធា បានរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ហើយរបបសឹកនៅអាស៊ានមួយនេះ បានចំណាយថវិកាជាតិ យ៉ាងតិច ជាង១ពាន់លានដុល្លារ សម្រាប់ទិញគ្រឿងសព្វាវុធ និង វត្ថុធាតុដើម មកពីប្រទេសផ្សេងៗទៀត។



សារព័ត៌មានរបស់ជប៉ុន Nikkei Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ថា ការស៊ើបអង្កេត អស់រយៈពេល១០ខែ ពីស្ថាប័នជំនាញមួយរបស់អង្គការសហប្រជាជាតិ បានរកឃើញ ថា របបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចំណាយលុយជាង១ពាន់លានដុល្លារ ទិញគ្រឿងសព្វាវុធ និង វត្ថុធាតុដើម សម្រាប់ផលិតអាវុធ មកពីក្រុមហ៊ុនផ្គត់ផ្គង់អាវុធអន្ដរជាតិ ចាប់តាំងពីក្រោយការធ្វើរដ្ឋប្រហារយោធា បណ្ដេញរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក។



បើតាមការស៊ើបអង្កេតមួយ ដឹកនាំដោយលោក ថម អេនឌ្រូស (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹង ថា បណ្ដាក្រុមហ៊ុននានា នៅក្នុងប្រទេសរុស្ស៊ី ចិន សិង្ហបុរី ឥណ្ឌា និង ថៃ ក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏សំខាន់បំផុត សម្រាប់របបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅមីយ៉ាន់ម៉ា រូបនេះ បានបញ្ជាក់ នៅក្នុងរបាយការណ៍មួយ ហើយត្រូវបានសារព័ត៌មាន New York ចេញផ្សាយ កាលពីថ្ងៃពុធ ថា គ្រឿងសព្វាវុធ ភាគច្រើនបំផុត បាននាំចូល មកពីប្រទេសរុស្ស៊ី ចិន និង ក្រុមហ៊ុនជាច្រើនទៀត នៅក្នុងប្រទេសសិង្ហបុរី។ ការនាំចេញ មកពីបណ្ដាប្រទេសទាំងនេះ បានគ្របដណ្ដប់ លើគ្រឿងសព្វាវុធ បច្ចេកវិទ្យា និង វត្ថុធាតុដើម សម្រាប់ផលិតអាវុធ ចាប់តាំងពីក្រោយថ្ងៃធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២២។



ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្រោយការធ្វើរដ្ឋប្រហារ ហើយសកម្មភាពរបស់ពួកយោធា បានបង្កឱ្យកើតមានការតវ៉ាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស។ ស្របគ្នានោះ ពួកយោធា ក៏បានបង្រ្កាបយ៉ាងឃោរឃៅ រហូតបញ្ឆេះកំហឹង នាំឲ្យកើតមានចលនាតស៊ូប្រដាប់អាវុធ ងើបចេញពីក្រុមប្រដាប់អាវុធជនជាតិភាគតិច ធ្លាប់ប្រយុទ្ធជាមួយនឹងកងទ័ព អស់រយៈពេលយូរមកហើយនោះ បានរួបរួមគ្នាតាមអ្វីដែលពួកគេហៅថា «កងកម្លាំងការពារប្រជាជន» ហៅកាត់ PDF។ សកម្មភាពរបស់ក្រុមចលនាប្រដាប់អាវុធនេះ មានគោលបំណង ប្រយុទ្ធប្រឆាំងនឹងពួកឧត្តមសេនីយ៍យោធា ដែលកំពុងតែគ្រប់គ្រង នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ជាមួយគ្នានេះដែរ កម្លាំងប្រដាប់អាវុធ PDF ក៏បានរួមកម្លាំងជាមួយរដ្ឋាភិបាលស្រមោល ឬ រដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលត្រូវបានបង្កើតឡើង ដោយសមាជិកសភាត្រូវបានបណ្ដេញចេញ នៅក្នុងអំពើររដ្ឋប្រហារ រួមជាមួយនឹងចលនាផ្សេងៗទៀត ប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។

អង្គការសហប្រជាជាតិ និង ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ ដល់របបសឹក អំពីការរំលោភសិទ្ធិមនុស្ស នៅក្នុងការប៉ុនប៉ងរបស់ពួកយោធា បង្ក្រាបលើក្រុមប្រឆាំង។ ឧប្បត្តិហេតុមួយចំនួន អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

របាយការណ៍មួយ ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ នោះ លោក ថម អេនឌ្រូស (Tom Andrews) អ្នករាយការណ៍ពិសេស រូបនេះ បានចង្អុលបង្ហាញ អំពីការវាយប្រហារ កាលពីខែមុន លើភូមិផាហ្សីគយី (Pazigyi) ស្ថិតក្នុងតំបន់ សាហ្គេង (Sagaing) កំពុងតែបង្ហាញ អំពីការប្រឈមមុខគ្នា ជារៀងរាល់ថ្ងៃ រវាងកងកម្លាំងចលនាតស៊ូ និង ទាហានរបស់រដ្ឋាភិបាលសឹក។

ស្របគ្នានោះដែរ អ្នកភូមិប្រហែល៣០០នាក់ រួមទាំងកុមារ កំពុងតែប្រមូលផ្តុំគ្នា ប្រារព្ធពិធីបើកការិយាល័យ NUG ថ្មី ក៏ត្រូវបានយន្តហោះចម្បាំងរបស់របបសឹក ប្រភេទ Yak-130 ផលិតដោយរុស្ស៊ី ទម្លាក់គ្រាប់បែក មានទម្ងន់២៥០គីឡូក្រាម លើហ្វូងមនុស្សទាំងនោះ។ ការបំផ្ទុះ នេះ បានបង្កឲ្យមានមនុស្សស្លាប់ ដោយមានសាកសពបុរស ស្ត្រី និង កុមារ ត្រូវរយះរហែកខ្ទេចខ្ទី។ នៅក្នុងហេតុការណ៍នោះ ក៏បានអះអាង ថា មានមនុស្សយ៉ាងហោចណាស់ ១៦០នាក់បានស្លាប់ ហើយមានត្រឹមតែ៥៩នាក់ទៀត បានស្គាល់អត្តសញ្ញាណ។



បើតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថា ក្រោយអំពើរដ្ឋប្រហារយោធានោះ មានមនុស្សចំនួន ២២ ២៥២នាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ មានចំនួន១៧ ៩៤៨នាក់ ត្រូវបានឃុំឃាំង និង ផ្តន្ទាទោស។ ដោយឡែក ជនរងគ្រោះ ជាង ៣ ៥០០នាក់ ផ្សេងទៀត ត្រូវបានពួកយោធាសម្លាប់៕ រក្សាសិទ្ធដោយ ៖ សារាយSN

















Post Bottom Ad


Home Pages