រដ្ឋធានីកៀវ៖ ក្រោយពេលក្រសួងការពារជាតិរុស្ស៊ី បានអះអាង អំពីការវាយប្រហារ ដោយមីស៊ីល មានល្បឿនលឿនជាសំឡេង ប្រភេទ Kinzhal កម្ទេចប្រព័ន្ធការពារមីស៊ីលដ៏ទំនើប Patriot ផលិត ដោយសហរដ្ឋអាមរិក ដែលបានផ្ដល់ឲ្យអ៊ុយក្រែន មិនបានប៉ុន្មានផង មន្រ្ដីរបស់ក្រុងវ៉ាស៊ីនតោន បានអះអាង ថា ខែលការពារដែនអាកាស ដែលបានរងការខូចខាតនោះ បានបន្ដអាចប្រតិបត្ដិការឡើងវិញហើយ។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ថា មន្រ្ដីសហរដ្ឋអាមេរិកមួយរូប បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ថា ប្រព័ន្ធការពារដែនអាកាស ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ប្រភេទ Patriot ដែលសហរដ្ឋអាមេរិក បានផ្ដល់ឲ្យអ៊ុយក្រែន បានរងនូវការខូចខាតនោះ ឥឡូវនេះវាអាចដំណើរការជាធម្មតាវិញហើយ។
លោក យូរី អ៊ីគណាត (Yury Ignat) អ្នកនាំពាក្យ កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ថា «អ្វីគ្រប់យ៉ាងបានដំណើរការល្អ ជាមួយនឹងខែលការពារប៉ាទ្រីយ៉ូតរួចរាល់អស់ហើយ»។ ប៉ុន្ដែគាត់មិនបានបញ្ជាក់លម្អិត ប្រសិនបើប្រព័ន្ធការពារដ៏ស្មុគស្មាញនោះ បានរងនូវការខូចខាត។
អ៊ុយក្រែន បានទទួលប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក បាញ់ពីលើដីទៅអាកាស ជាលើកដំបូង នៅក្នុងខែមេសា។ ស្របគ្នានោះដែរ លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានអះអាង ថា ទាំងអាល្លឺម៉ង់ និង សហរដ្ឋអាមេរិក នឹងបញ្ជូនខែលការពារ ទៅអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា កម្លាំងទាហានរបស់ខ្លួន បានបាញ់មីស៊ីលមានល្បឿនលឿនជាងសំឡេង ប្រភេទ Kinzhal (ឃីនហ្សាល) កម្ទេចប្រព័ន្ធការពារ Patriot របស់អ៊ុយក្រែន នៅក្នុងរដ្ឋធានីកៀវ។
ដោយឡែក ក្រុងកៀវ ក៏បានប្រកាស ថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលមានល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី ចំនួន៦គ្រាប់ នៅក្នុងចំណោមមីស៊ីលត្រូវបាញ់ទម្លាក់ចំនួន១៨គ្រាប់។ ប៉ុន្ដែលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលនូវការអះអាងរបស់អ៊ុយក្រែន។
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ធ្លាប់បង្ហាញមីស៊ីល មានល្បឿនលឿនជាងសំឡេង ប្រភេទ Kinzhal នៅក្នុងអំឡុងឆ្នាំ២០១៨។ លោក ពូទីន បានអួតអាង ថា Kinzhal ជាអាវុធដ៏ល្អឯក មិនមានអាវុធណាមួយ អាចស្ទាក់ចាប់វាបានទេ។
អ៊ុយក្រែន បានទាមទារម្តងហើយម្តងទៀត សុំសម្រាប់ប្រព័ន្ធការពារដែនអាកាស ប្រកបដោយបច្ចេកវិទ្យាខ្ពស់ សម្រាប់ជួយការពារ ប្រឆាំងនឹងការវាយប្រហារ ដោយឥតឈប់ឈរពីរុស្ស៊ី ដែលផ្តោតលើជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធ។ មីស៊ីលការពារដែនអាកាស ប្រភេទ MIM-104 Patriot បាញ់ពីដីទៅអាកាស ផលិតដោយក្រុមហ៊ុនរបស់អាមេរិក Raytheon ត្រូវបានអភិវឌ្ឍជាលើកដំបូង បាញ់ស្ទាក់ចាប់យន្ដហោះហោះខ្ពស់ៗបំផុត ហើយកម្ទេចមីស៊ីល និង មីស៊ីលបាល្លីស្ទិក ជាដើម៕