យន្ដហោះចម្បាំងដ៏ទំនើបផលិតនៅអាមេរិក នឹងធ្លាក់ដល់ដៃរបស់កងទ័ពអ៊ុយក្រែន - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


យន្ដហោះចម្បាំងដ៏ទំនើបផលិតនៅអាមេរិក នឹងធ្លាក់ដល់ដៃរបស់កងទ័ពអ៊ុយក្រែន

 រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលបណ្ដាប្រទេសនានា នៅក្នុងតំបន់អឺរ៉ុប កំពុងតែបង្ហាញ អំពីចំណាប់អារម្មណ៍ និង មានគោលបំណង ផ្ទេរយន្ដហោះចម្បាំងដ៏ទំនើបជំនាន់ទី៤របស់សហរដ្ឋអាមេរិក ប្រភេទ F-16 ជាច្រើនគ្រឿង ទៅកាន់អ៊ុយក្រែន នោះមក សមាជិកព្រឹទ្ធសភាជាន់ខ្ពស់របស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះ បានជំរុញដល់លោកប្រធានាធិបតី ចូ បៃដិន ឲ្យជួយផ្ទេរយន្ដហោះដ៏ទំនើបរបស់ខ្លួន ទៅដល់ក្រុងកៀវ សម្រាប់បង្កើនសមត្ថភាពដែនអាកាស ទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី។



បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ថា លោក មីតឆ៍ ម៉ាកខូនណែល (Mitch McConnell) មេដឹកនាំមតិភាគតិច នៃព្រឹទ្ធសភា កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា ព្រឹទ្ធសមាជិកសភា មកពីគណបក្សសាធារណរដ្ឋរបស់គាត់ ភាគច្រើន បានអំពាវនាវដល់រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ឲ្យជួយផ្ទេរយន្ដហោះចម្បាំង F-16 ជាច្រើនគ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន។



ការលើកឡើងរបស់មេដឹកនាំមតិភាគតិច នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានសម្ដៅទៅលើសេចក្ដីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ ថា បណ្ដាប្រទេសជាច្រើន នៅតំបន់អឺរ៉ុប កំពុងតែរៀបចំ ផ្ដល់យន្ដហោះចម្បាំង ផលិតនៅសហរដ្ឋអាមេរិក បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅមុនពេលការរំពឹងទុក នៃការវាយបក ប្រឆាំងនឹងកម្លាំងទាហានរបស់រុស្ស៊ី។

លោក ម៉ាកខូនណែល បានបញ្ជាក់ ចេញពីវិមានព្រឹទ្ធសភា កាលពីថ្ងៃព្រហស្បតិ៍ ថា« នៅសប្ដាហ៍នេះ បណ្ដាប្រទេសមួយចំនួន ជាសម្ពន្ធមិត្តអឺរ៉ុបដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក កំពុងតែបន្ដរៀបចំ បំពាក់អាវុធថ្មី ដល់កងទ័ពអ៊ុយក្រែន នៅមុនការវាយបកតាមផែនការគ្រោងទុក ដោយរាប់បញ្ចូលទាំងមីស៊ីលគ្រូស និង យន្ដហោះប្រយុទ្ធ ផលិតនៅសហរដ្ឋអាមេរិក។ បញ្ហាទាំងនេះ ក៏នឹងទាមទារ តម្រូវឲ្យមានការអនុញ្ញាត ពីសហរដ្ឋអាមេរិក ផងដែរ។



លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ឥឡូវនេះ កំពុងស្ថិតក្នុងប្រទេសជប៉ុន ដើម្បីចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-7 ។ ស្របគ្នានេះដែរ មេដឹកនាំមតិភាគតិច នៃព្រឹទ្ធសភា ក៏បានអំពាវនាវដល់លោកប្រធានាធិបតី ឲ្យបើកផ្លូវ សម្រាប់ការផ្ទេរយន្តហោះ F-16 នេះ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

លោក មីតឆ៍ ម៉ាកខូនណែល មេដឹកនាំមតិភាគតិច នៃព្រឹទ្ធសភា បានសង្កត់ធ្ងន់ ថា «នៅពេលលោកប្រធានាធិបតី បៃដិន ជួបជាមួយដៃគូសេដ្ឋកិច្ចដ៏ខ្លាំងបំផុតរបស់យើង នៅក្នុងប្រទេសជប៉ុន នោះ ខ្ញុំសង្ឃឹម ថា គាត់នឹងពង្រឹងនូវការគាំទ្ររបស់បស្ចិមប្រទេស សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន តាមរយៈការបើកផ្លូវឲ្យ ដោយអនុញ្ញាតដល់ការផ្ទេរយន្តហោះ F-16, មីស៊ីលបាញ់ចម្ងាយឆ្ងាយ និង គ្រាប់បែកចង្កោម ដោយអាចជួយដល់អ៊ុយក្រែន យកឈ្នះលើរុស្ស៊ី។



ចាប់តាំងពីរុស្ស៊ី បានលើកកងទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ថ្វីបើសហរដ្ឋអាមេរិក បានផ្ដល់ជំនួយសេដ្ឋកិច្ច និង យោធា មានទំហំទឹកប្រាក់ រាប់ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក៏ពិតមែន ប៉ុន្ដែក្រុងវ៉ាស៊ីនតោន នៅតែមិនព្រមផ្គត់ផ្គង់យន្តហោះចម្បាំង ជួយដល់ក្រុងកៀវ នោះដែរ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានធិបតីអ៊ុយក្រែន តែងតែទទួចចង់បានម្ដងហើយម្ដងទៀត ហើយស្នើសុំដល់បណ្ដាប្រទេសលោកខាងលិច ផ្ដល់ជំនួយយន្ដហោះចម្បាំង F-16 ជួយដល់កងទ័ពការពារទឹកដីរបស់គាត់ ដើម្បីបង្កើនសមត្ថភាពដែនអាកាស អាចទប់ទល់នឹងកម្លាំងយោធាដ៏ខ្លាំងក្លារបស់រុស្ស៊ី។ ប៉ុន្ដែកាលពីពេលកន្លងមក សំណើរបស់គាត់ ត្រូវបានច្រានចោលទៅវិញ ក្រោមហេតុផល ថា វាមិនមែនជាអាវុធដ៏ចាំបាច់បំផុត សម្រាប់ពេលនេះទេ។



ស្របពេលសង្គ្រាមកំពុងតែបន្ដវាយប្រហារ រកថ្ងៃបញ្ចប់មិនទាន់ឃើញ ហើយវាឈានចូលដល់ដំណាក់កាលថ្មីទៀតនោះ បណ្តាប្រទេស នៅតំបន់អឺរ៉ុប រួមទាំង ចក្រភពអង់គ្លេស និង ហូល្លង់ដ៍ …ជាដើម បានផ្ដួចផ្ដើមបង្កើតសម្ពន្ធភាពអន្ដរជាតិមួយ ពិភាក្សាគ្នា អំពីការផ្ទេរយន្តហោះ F-16 ផលិតដោយសហរដ្ឋអាមេរិក បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ខណៈបារាំងធានាអំពីការបណ្ដុះបណ្ដាលដល់កងទ័ពអាកាសរបស់ក្រុងកៀវ អំពីរបៀបប្រើប្រាស់យន្ដហោះទំនើបៗរបស់លោកខាងលិច៕ 








Post Bottom Ad


Home Pages