កំពង់ស្ពឺៈ កងទ័ពរំដោះប្រជាជនចិន បានជួយធ្វើការហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទកម្ពុជា នៃបញ្ជាការដ្ឋានអង្គរក្ស លើជំនាញត្រួតពិនិត្យ និងថែទាំប្រព័ន្ធបញ្ជាប្រយុទ្ធនឹងកាំជ្រួចការពារដែនអាកាសរយៈកម្ពស់ទាប (QW.3) ដែលមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាចាត់ទុកជាសកម្មភាពបញ្ជាក់ពីចំណងមិត្តភាព សហប្រតិបត្តិការដែកថែបរវាងកងទ័ព និងប្រជាជននៃប្រទេសទាំង ២។
ការហ្វឹកហ្វឺននេះធ្វើឡើងនៅទីលានភ្នំស្រង់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៧ ខែសីហា ដែលវគ្គបណ្តុះបណ្តាលបំប៉នត្រួតពិនិត្យនិងថែទាំប្រព័ន្ធបញ្ជាប្រយុទ្ធនឹងកាំជ្រួចការពារអាកាសរយៈកម្ពស់ទាបនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ថាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងបើកវគ្គហ្វឹកហ្វឺនដោយលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស តំណាងឱ្យលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក វង់ ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមសេចក្តីប្រកាសពីបញ្ជាការដ្ឋានអង្គរក្សនៅថ្ងៃទី១៨ ខែសីហា។
លោកហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន សម្រាប់ការបណ្តុះបណ្តាលនេះ ដែលលោកចាត់ទុកជាការបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាព សហប្រតិបត្តិការដែកថែប រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំង២។
លោកបានលើកឡើងថា៖ «សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងពេលវេលា វិន័យក្នុងពេលកំពុងសិក្សា យកអស់ពីកម្លាំងកាយចិត្ត ត្រូវប្រតិបត្តិគោរពគ្រូបង្វឹកឱ្យបានល្អស័ក្តិសមជាកងយោធពលខេមរភូមិន្ទ ដើម្បីក្រេបជញ្ជក់រាល់ជំនាញ មានឆន្ទៈមោះមុតជាកងទ័ពដើម្បីឆ្លើយតប និងកាតព្វកិច្ចសំដៅការពារ អធិបតេយ្យភាពជាតិ បូរណភាពជាតិ ស្ថិរភាព និងសន្តិសុខសង្គមជាតិ»។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមកម្ពុជាចូលរួមចំនួន ១២៧ នាក់មកពីបញ្ជាការដ្ឋានអង្គរក្ស ដែលវគ្គបណ្តុះបណ្តាលចែកចេញជា២ ផ្នែក ទី១ ជំនាញកាំជ្រួចការពារអាកាស រយៈកម្ពស់ទាប(QW.3) និងជំនាញប្រព័ន្ធបញ្ជាប្រយុទ្ធ។
បើតាមលោកហ៊ីង ប៊ុនហៀង កន្លងមក កងទ័ពរំដោះប្រជាជនចិន បានជួយឧបត្ថម្ភទាំងស្មារតី សម្ភារ ថវិកា ថ្នាំសង្កូវ វ៉ាក់សាំងកូវីដ១៩ និងកសាងជំរំជម្រកដល់កងយោធពលខេមរភូមិន្ទ និងបានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងទ័ពដល់កងយោពលខេមរភូមិន្ទផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ យោធារវាងចិននិងកម្ពុជា ក្នុងន័យលើកកម្ពស់សមត្ថភាពយោធា ដើម្បីឆ្លើយតបទៅនឹងការទប់ស្កាត់បទល្មើសនានា ព្រមទាំងក្នុងក្របខ័ណ្ឌទប់ស្កាត់គ្រោះមហន្តរាយ។
លោកបន្ថែមថា៖«កម្ពុជាត្រូវការមិត្តចិនក្នុងការជួយជំរុញការធ្វើទំនើបកម្មយោធាបន្ថែមទៀត តាមរយៈការផ្តល់ឬទិញយុទ្ធោបករណ៍បន្ថែមទៀតពីចិន។ ការកសាងសមត្ថភាពចំណេះដឹងព័ត៌មានវិទ្យា ការប្រើប្រាស់ឧបករណ៍យោធាទំនើបៗក្នុងការតាមដានព័ត៌មាន ទំនាក់ទំនង និងការចែករំលែកព័ត៌មានទាន់ពេលវេលា ក៏ជាកត្តាសំខាន់ផងដែរក្នុងកិច្ចសហប្រតិបត្តិការយោធាចិន និងកម្ពុជា»។
សូមរំឭកថា កាលពីខែចុងខែមីនា ពោលគឺពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា កន្លងទៅ ចិននិងកម្ពុជាបានធ្វើសមយុទ្ធរួមគ្នា ហៅថា សមយុទ្ធនាគមាស ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំង២ កម្ពុជា-ចិន» ដែលមានការចូលរួមពីកងទ័ពកម្ពុជាជាង ៥០០នាក់ និងកងទ័ពចិនជាង ២០០នាក់។
ដោយឡែក នាយោធភូមិភាគទី៤ ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ក៏បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស និងបាញ់គ្រាប់ពិត អាវុធ SVD ដល់បណ្តាអង្គភាពចំណុះផងដែរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
លោក ពុទ្ធ សុខេមរា មេបញ្ជាការកងអនុសេនាធំ ប្រឆាំងភេរវកម្ម យោធភូមិភាគទី៤ បានលើកឡើងថា ការបើកវគ្គហ្វឹកហ្វឺននាពេលនេះមានរយៈពេល ៣០ថ្ងៃ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៤៨នាក់, គណៈកម្មការគ្រប់គ្រងវគ្គចំនួន៤នាក់, យោធាចារ្យចំនួន ៧នាក់ និងអ្នកបម្រើការចំនួន ៧នាក់៕