សម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ១២៥ រូប។
ភ្នំពេញៈ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ១២៥ រូប ដែលមានគណបក្សប្រជាជនកម្ពុជា ១២០ រូប និង គណបក្សហ្វ៊ុនស៊ីនប៉ិច ៥ រូប។ តំណាងរាស្ត្រនីតិកាលទី៧ ទាំងអស់ នឹងធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០រសៀលនៅព្រះបរមរាជវាំង។
លោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានដឹកនាំសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ដោយមានលេខាធិការអង្គប្រជុំ ចំនួន ៥ រូប ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ ដែលមានអាយុតិចជាងគេជាជំនួយការ។
សម័យប្រជុំនេះធ្វើឡើងបន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ក្រោមព្រះរាជាធិបតី នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែសីហានេះបានឱ្យដឹងថា របៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ មានរបៀបវារៈចំនួន ២ គឺ ទី១ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ
ដោយលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានអាននូវបញ្ជីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ តាមលំដាប់អាយុពីខ្ពស់មកទាប ១២៥ រូប ដែលចាប់ផ្តើមពីលោក ហេង សំរិន អាយុ ៨៩ ឆ្នាំ ពីគណបក្សប្រជាជនកម្ពុជា មណ្ឌលត្បូងឃ្មុំ រហូតដល់ លេខរៀងទី១២៥ គឺឈ្មោះលោក ញៀនរ៉ាដែន អាយុ ៣៧ ឆ្នាំ ពីគណបក្សហ្វ៊ុនស៊ិនប៉ិច មណ្ឌលកំពង់ចាម។
ប្រកាសរបស់រដ្ឋសភាថ្ងៃទី២១ ខែសីហា បានឱ្យដឹងថា បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាត្រូវបានសម្រេចអំពីសុពលភាពនៃអាណត្តិមានចំនួន ១២៥ រូប នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ១២៥ រូប ដែលមានគណបក្សប្រជាជនកម្ពុជា ១២០ រូប និង គណបក្សហ្វ៊ុនស៊ីនប៉ិច ៥ រូប។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាពបញ្ជាក់ថា៖«សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានយាង និងអញ្ជើញ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រនីតិកាលទី៧ទាំងអស់ ធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០រសៀលនៅព្រះបរមរាជវាំង»។
របៀបវារៈទី២ គឺការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។ អង្គរដ្ឋសភាបានធ្វើអនុម័តយល់ព្រមលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧ ទាំងមូល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។
សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈ- កម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕